សារឿន ច័ន្ទ​ ទារបំណុលពីថៃ​មិន​បាន​ក្នុងជំនួប​សង​សឹក

កាលពីព្រឹកថ្ងៃអាទិត្យទី៩ ខែតុលា កីឡាករជើងខ្លាំង២រូបគឺ ម៉ន រដ្ឋា និង សារឿន ច័ន្ទ បានក្លាយជាបេក្ខភាព២រូបថ្មី ដែលត្រូវបានដាក់កំហិតឲ្យឡើងប្រកួតជាមួយកីឡាករថៃ ដែលសុទ្ធតែជាជើងខ្លាំង។ យ៉ាងណាក៏ដោយ ក្នុងចំណោមកីឡាករកម្ពុជាទាំងពីរដែលចាញ់ដូចគ្នា គេកត់សម្គាល់ថា សារឿន ច័ន្ទ ទទួលបរាជ័យជាលើកទី២ បើទោះជាគេប្រកាសយ៉ាងក្ដែងៗថា ត្រូវតែទារបំណុលពីកីឡាករថៃអោយបានដាច់ខាតនាថ្ងៃនោះ។

គ្មានអ្នកណាមិនដឹងនោះទេ ថាការប្រកួតកាលពីប៉ុន្មានសប្ដាហ៍មុនគឺកីឡាករ សារឿន ច័ន្ទ ត្រូវបានកីឡាករថៃឈ្មោះ Re Da វាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី៤ ដោយការប្រកួតនៅក្នុងពេលនោះជើងខ្លាំងកម្ពុជារូបនេះមានរងរបួសដោយកន្លែងនោះផង។

យ៉ាងណាក៏ដោយ ការប្រកួតចាញ់នៅក្នុងពេលនោះមានមនុស្សមិនច្រើននោះទេជឿថាលោកចាញ់កីឡាករថៃដោយសមត្ថភាព ដោយសូម្បីតែគណកម្មការប្រដាល់ក៏សង្ស័យថា សារឿន ច័ន្ទ លក់ខ្លួន និងបណ្ដោយឲ្យកីឡាករថៃមានប្រៀបនោះដែរទើបគ្រូបង្វឹកនិងកីឡាកររូបនេះផ្ទាល់ប្រកាសសុំឡើងសងសឹកដោយត្រូវគណកម្មការទូរទស្សន៍អាស៊ីអាគ្នេយ៍សម្រេចអោយជួប Re Da ក្នុងជំនួបសងសឹកកាលពីថ្ងៃទី៩ តុលា។

ការប្រកួតទាំងមូល គ្រាន់តែចាប់ផ្ដើមភ្លាម គេឃើញកីឡាករបង្គោលក្រហមកម្ពុជាផ្ដើមការវាយសម្រុកតាំងពីដើមទី។ អ៊ីចឹងហើយទើបការប្រកួតរវាងគូទាំងពីឡើងកំដៅតាំងពីទឹកទី១ រហូតដល់បញ្ចប់។

គូនេះកីឡាករថៃមានឱកាសវាយចេញបានតិច ប៉ុន្តែកម្រិតនៃការវាយត្រូវគោលដៅរបស់គេមានចំណុចល្អច្រើនទើប បណ្ដាលអោយបញ្ចប់ទឹកទី៥ កីឡាករកម្ពុជានៅតែរក្សាកំណត់ចាញ់កីឡាករថៃ បើទោះជាបានឈានឡើងពីការចាញ់ដោយសន្លប់ដូចកាលមុនមកជាចាញ់ដោយពិន្ទុ។

ការបរាជ័យជាលើកទី២នេះ កីឡាករ សារឿន ច័ន្ទ ទទួលបានការកោតសរសើរខុសប្លែកពីមុន ដោយសារតែគេមានសំណាងច្រើនវាយឲ្យកីឡាករថៃទ្រមខ្លួននិងជាលទ្ធផលចាញ់ពិន្ទុដោយប្រផិតប្រផើយ៣ទល់នឹង២ពីអ្នកផ្ដល់ពិន្ទុ។

អ្នកទស្សនាភាគច្រើនបានសម្ដែងអារម្មណ៍ស្រឡះចិត្តនិងទះដៃយ៉ាងកងរំពងគ្រប់ពេល សារឿន ច័ន្ទ វាយត្រូវកីឡាករថៃមួយលើកៗ ជាពិសេសក្នុងទឹកទី២និងទឹកទី៥។ បើកុំតែ សារឿន ច័ន្ទ ភ្លាត់ឲ្យគណកម្មការរាប់ដល់៨មួយដង កុំអីការប្រកួតដែលបានធ្វើឡើងគឺកីឡាករថៃនឹងត្រូវសងបំណុលដែលធ្លាប់ឈ្នះ សារឿន ច័ន្ទ ជាក់ជាមិនខាន។

យោងតាមប្រវត្តិគូនេះកីឡាករកម្ពុជាធ្លាប់ប្រកួត៨៣លើក ឈ្នះ៧០លើក ចាញ់១៣លើក និងស្មើ២លើក ខណៈដែលកីឡាករថៃធ្លាប់ប្រកួត១០០លើក ឈ្នះ៨៤លើក ចាញ់១៥លើក និងស្មើ១លើក។

លោក រាជ សូផែន ប្រធានគណកម្មការវិន័យប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាការប្រកួតគូនេះកីឡាករម្ខាងប្រឹងអស់ពីសមត្ថភាពរៀងខ្លួនធ្វើឲ្យលោកនិងអ្នកទស្សនាត្រូវចិត្ត។ លោកថាកីឡាករ សារឿន ច័ន្ទ ដ្បិតថាចាញ់ជាលើកទី២ ប៉ុន្តែគេចាញ់ក្នុងលក្ខខណ្ឌគួរឲ្យសរសើរមិនដូចមុន។

ធៀបនឹងការប្រកួតជាមួយកីឡាករថៃ Re Da កាលមុនលោកថាការប្រកួតលើកនេះ កីឡាករសម្រេចបានលទ្ធផលវិជ្ជមាន ហើយបើកុំតែភ្លាត់ឲ្យរាប់មួយលើក លោកទទួលស្គាល់ថាគូនេះយ៉ាងហោចណាស់ក៏មានលទ្ធផលស្មើគ្នានោះដែរ ដោយសារតែទឹកទី២ និងទី៥ លោកថា សារឿន ច័ន្ទឈ្នះដាច់ ក្នុងពេលដែលទឹកទីខ្លះក៏ប្រហាក់ប្រហែលគ្នា។

លោកថាគូនេះអាចមិនត្រូវបានដាក់ឲ្យប្រកួតជាថ្មីនោះទេ ដោយសារតែការសងសឹកច្រើនលើករវាងកីឡាករដដែលៗ នឹងធ្វើឲ្យអ្នកទស្សនាស៊ាំភ្នែក។ យ៉ាងណាមិញលោកថាបើរំលងបានយូរបន្តិចនឹងអោយពួកគេទាំងពីរប៉ះគ្នានោះដែរ។

សមាសភាពមួយគូទៀត កីឡាករ ម៉ន រដ្ឋា មកពីការិយាល័យទី៥កងទ័ពជើងគោគ ក៏ចាញ់ពិន្ទុកីឡាករថៃឈ្មោះ Chuok Phechhit ដោយពិន្ទុផងដែរ ដោយគ្រាន់តែលទ្ធផលនេះមិនសូវមានការចាប់អារម្មណ៍ព្រោះពួគគេមិនមែនគូរសងសឹក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ