បទយកការណ៍៖ កំណែទំម្រង់​វិស័យអប់រំតាមសាលារៀនរដ្ឋមិនទាន់​ល្អ​ដូច​សាលា​ឯក​ជន​​

សិស្សកំពុងប្រលងបាក់ឌុប (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

វិស័យអប់រំ ជាវិស័យអាទិភាពចម្បង សម្រាប់តម្រង់ទិស សិស្ស និស្សិត ដើម្បីឈានដល់ការគ្រប់គ្រង នឹងដឹកនាំប្រទេសឲ្យរីកចំរើន ទាន់សម័យ នាពេលអនាគត។

ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើកំណែទម្រង់វិស័យអប់រំបានល្អប្រសើរជាងមុន ជាពិសេសពេលប្រឡងថ្នាក់ទី៩ និងថ្នាក់ទី១២ មានការរឹតបន្តឹងមិនឲ្យយកឯកសារចូល ឬលួចចម្លងគ្នាបាននោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះ អាព្យាបាលរបស់សិស្សថា ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការ   ផ្តល់សេវា ពាក់ព័ន្ធនឹងសិស្សអវត្តមាន ប្រាប់ទៅអាព្យាបាលសិស្ស មិនទាន់ល្អដូចសាលាឯកជននៅឡើយ។

អង្គុយក្រោមសំយ៉ាបផ្ទះ លោក គឿន ហុង បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា គាត់បានផ្លាស់កូនរៀនពីសាលារដ្ឋ ឲ្យទៅរៀននៅសាលាឯកជនវិញ ដោយលោកថា ពេលកូនគាត់មិនបានទៅរៀន គឺមិនឃើញគ្រូតេទូរសព្ទសួរនំាដូចសាលាឯកជននោះទេ

លោក គឿន ហុង សង្កេតឃើញថា ពេលកូនទៅរៀននៅសាលាឯកជន ធ្វើឲ្យកូនគាត់រៀនចេះច្រើនជាងរៀននៅសាលារដ្ឋ ព្រោះគ្រូបង្រៀនសិស្សដោយយកចិត្តទុកដាក់ ជាពិសេសតាមដានសិស្ស ទាំងវត្តមាននិងការសិក្សា។

អ្នកស្រី ម៉ៅ ចិន្តា ថា កូនគាត់ទៅរៀននៅសាលាឯកជនមានសីលធម៌ល្អចេះគោរពចាស់ទុំ និងរៀនចេះជាងកូនរៀននៅសាលារដ្ឋ

លើសពីនេះទៀតអ្នកស្រី ចិន្តា សង្កេតឃើញថា សិស្សទៅរៀននៅសាលារដ្ឋភាគច្រើន មិនចូលសាលា ដើរលេងជាដើម។

កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់ប្រាក់កម្ចីចំនួន៤៥លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការទទួលបានការអប់រំប្រកបដោយគុណភាពនៅកម្រិតមធ្យមសិក្សានៅកម្ពុជា បង្កើនគុណភាពធនធានមនុស្ស ធានានិរន្ដរភាពការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងក្នុងប្រទេសកម្ពុជា។

អាជីវករនៅម្តុំផ្សារអូឡំាពិច អ្នកស្រី សៀង ស្រីមុំ បានឲ្យដឹងថា គាត់ត្រូវចំណាយថវិកាក្នុងមួយឆ្នាំចន្លោះពី៦ទៅ៨ពាន់ដុល្លារ សម្រាប់បង់ឲ្យកូនបីនាក់ទៅរៀននៅសាលាឯកជនទំាងភាសសាខ្មែរ និងភាសាអង់គ្លេស។ អ្នកស្រីថា គាត់ចំណាយថវិកាច្រើនមែន តែគាត់សង្ឃឹមថាកូននឹងមានចំណេះដឹងខ្ពស់ ហើយអាចរកការងារបានធ្វើល្អផងដែរ

អ្នកស្រី សាន សុភារី ថា អ្នកជិតខាងរបស់គាត់ភាគច្រើនមានមុខរបរបើកហាងអាជីវកម្មផ្សេងៗ មិនឲ្យកូនទៅរៀននៅសាលារដ្ឋនោះទេ ជាពិសេសកូនតូចៗដែលមានអាយុចាប់ពី៣ឆ្នំាឡើងទៅ គឺពួកគេបញ្ជូនឲ្យទៅរៀននៅសាលាឯកជន ដោយអ្នកស្រីថា នៅសាលាឯកជនមានគ្រូជួយមើលថែកូន ហើយបង្រៀនភាសាខ្មែរនិងភាសាអង់គ្លេសឆាប់ចេះទៀតផង។

មានស្រុកកំណើតនៅខេត្តព្រៃវែង មកប្រកបមុខរបរនៅរាជធានីភ្នំពេញ លោក ឌឿន សុខឡោ បានរៀបរាប់ថា គាត់ឲ្យកូនរៀនសាលារដ្ឋនៅខេត្ត គឺរៀនមិនសូវចេះនោះទេ ដោយលោកថា គ្រូខ្លះមិនសូវយកចិត្តទុកដាក់បង្រៀនសិស្ស ដូចនៅសាលាឯកជននោះទេ លោកយល់ថា ទំនងជាគ្រូទំាងនោះទទួលបានប្រាក់ខែតិចពេក

លោក ឌឿន សុខឡោ បង្ហាញការព្រួយបារម្ភថា សិស្សនៅសាលារដ្ឋ ជាពិសេសនៅតាមបណ្តាខេត្ត អាចនឹងជួបបញ្ហាប្រឈមច្រើន ដូចជា មិនចូលសាលា ផឹកស្រា និងទៅជក់គ្រឿងញៀនជាដើម។

ឈរនៅមុខការិយាល័យធ្វើការនៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ អ្នកស្រី ម៉ី រតនា  ស្នើទៅក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ផ្តល់ប្រាក់ខែឲ្យគ្រូបង្រៀនឲ្យបានសមរម្យស្របតាមសេដ្ឋកិច្ចទីផ្សារ     បច្ចុប្បន្ន ទើបធ្វើកំណែទម្រង់វិស័យអប់រំទទួលបានផលវិជ្ជមាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកមុនថ្ងៃបោះឆ្នោតឃុំសង្កាត់ជិតមកដល់ថា ប្រាក់ខែគ្រូបង្រៀននឹងឡើងបានជិត១លានរៀល នៅខែមេសាឆ្នាំ២០១៧ ពោលនៅមុនបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា។

បច្ចុប្បន្ននេះប្រាក់ខែគ្រូបង្រៀនថ្នាក់បឋម ទាបបំផុតបច្ចុប្បន្នមានត្រឹម៤៦ម៉ឺនរៀល អនុវិទ្យាល័យ៥០ម៉ឺនរៀល និងវិទ្យាល័យជាង៨០ម៉ឺនរៀល។

ប៉ុន្តែប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី ថា ទាល់តែប្រាក់ខែគ្រូបង្រៀន ១លាន៥០ម៉ឺនរៀលទើបអាចទប់ទល់នឹងទំនិញទីផ្សារបាន។

លោកស្រីថា៖ “នៅខែ៤តម្លើងដល់ជាង៩០ម៉ឺនយើងសាទរសម្រាប់លោកគ្រូអ្នកគ្រូបឋម ។ប៉ុន្តែចំពោះសមាគមយើងនៅតែប្រកាន់ជំហរចង់ឲ្យរដ្ឋាភិបាលតម្លើងប្រាក់ខែដល់លោកគ្រូអ្នកគ្រូ ឲ្យបាន១លានកន្លះ ។យើងនៅតែប្រកាន់ជំហរដដែល “។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ