សកម្មជនបរិស្ថានបារម្ភបាត់បង់ព្រៃឈើ ខណៈក្រុមហ៊ុនចិនគ្រោងភ្ជាប់បង្គោលភ្លើងពីឡាវមកកម្ពុជា

ព្រៃសហគមន៍កំពង់ស្រណោះ (បូ សាវី)

ប្រជាសហគមន៍នៅស្រុកឆែប ខេត្ដព្រះវិហារ សម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ព្រៃសហគមន៍និងសត្វព្រៃ ដោយសារក្រុមហ៊ុនចិនគ្រោងតភ្ជាប់បង្គោលភ្លើងពីប្រទេសឡាវចូលមកកម្ពុជា ដោយអះអាងថាបង្គោលភ្លើងមួយអាចប៉ះពាល់ព្រៃឈើ៣០ម៉ែត្របួនជ្រុង។

ប្រធានសហគមន៍ការពារព្រៃឈើកំពង់ស្រណោះ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្ដព្រះវិហារ លោក គឿង ខាំហ្វន ប្រាប់VODកាលពីម្សិលមិញថា ក្រុមហ៊ុនម៉ៅការសង់បង្គោលភ្លើងមួយរបស់ចិន គ្រោងសង់បង្គោលភ្លើង តភ្ជាប់ពីវារីអគ្គិសនីប្រទេសឡាវមកប្រទេសកម្ពុជា ដោយប៉ះពាល់ព្រៃឈើសហគមន៍ចំនួន១៩បង្គោល ខណៈមួយបង្គោលបាត់បង់ព្រៃឈើ៣០ម៉ែត្រ៤ជ្រុង។ លោកបន្ដថា ការសង់បង្គោលភ្លើងនោះមិនត្រឹមតែបាត់បង់ព្រៃឈើនោះទេ ថែមទាំងប៉ះពាល់ដល់សត្វព្រៃផងដែរ។ លោកថាសហគមន៍បានជំរុញឲ្យអាជ្ញាធរ មានដំណោះស្រាយសមស្រប ប៉ុន្ដែមិនមានការឆ្លើយតមពីស្ថាប័នពាក់ព័ន្ធនៅឡើយទេ ខណៈដែលលោកចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីថែរក្សាព្រៃសហគមន៍នោះ។ លោកបន្ដថា៖ “គាត់សង់នោះ គាត់ជីកជារណ្ដៅ១០ម៉ែត្របួនជ្រុង ១៥ម៉ែត្របួនជ្រុង គាត់ដាក់បង្គោលបួន ហើយវាវ៉ៃឈើអស់មិនតិចទេ អស់ច្រើនមែនទែន បើគុណទៅប្រហែលជាច្រើនហិកតាដែរ ហើយដីសុទ្ធតែឈើធំៗ“។

សមាជិកសហគមន៍ព្រៃឈើមួយរូបទៀតលោក គឿង ផន ឲ្យដឹងថា ការសង់បង្គោលភ្លើងកាត់តាមព្រៃសហគមន៍នោះ ក្រុមហ៊ុននិងអាជ្ញាធរមិនបានជូនដំណឹងដល់សហគមន៍នោះទេ បើទោះជាព្រៃសហគមន៍នោះ មានច្បាប់គ្រប់គ្រងត្រឹមត្រូវពីរដ្ឋាភិបាលក៏ដោយ។ លោកថាព្រៃឈើដែលប្រឈមបាត់ប្រមាណ៥ហិកតា។ លោកសម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ព្រៃសហគមន៍ ដោយឲ្យបង្វែរការជីកបង្គោលនោះឆ្លងកាត់ព្រៃអភិរក្សរបស់រដ្ឋវិញ។ លោកបន្ដថា៖ “ធ្វើបង្គោលភ្លើងអាធំនោះ គេមកឈូសដីព្រៃប្រហែល៥គីឡូមែត្រ ឈូសផ្លូវចូលមក ហើយឈូសបង្គោលអាធំៗនោះ វ៉ៃដីមួយបង្គោលប្រហែល៣០ម៉ែត្របួនជ្រុង ហើយទម្រាំផុត១៩បង្គោល គិតទៅមួយបង្គោល៣០០ម៉ែត្របាទ ហើយដីព្រៃសហគមន៍តាមផ្លូវមាន១៩បង្គោល ដល់គេមកធ្វើ គេអត់ប្រាប់ទេ  ដល់ពេលយើងសរុបផ្ទៃដីដែលគេឈូសប្រហែល៥ហិកតា“។

ករណីនេះ លោក ឡូវ ហ៊ី អះអាងថាជាអ្នកបកប្រែឲ្យក្រុមហ៊ុនចិននោះមានប្រសាសន៍ថា ក្រុមហ៊ុនចិនជាអ្នកទទួលម៉ៅការសង់បង្គោលភ្លើងពីប្រទេសឡាវមកប្រទេសកម្ពុជាត្រឹមខេត្ដកំពង់ធំ ប៉ុន្ដែសម្រាប់ផលប៉ះពាល់ដល់ព្រៃឈើឬការរស់នៅរបស់ប្រជាពលរដ្ឋនិងចង់ឲ្យបង្វែរទិសដៅដាក់បង្គោលភ្លើង លោកថាក្រុមហ៊ុនមិនទទួលស្គាល់នោះទេ។ លោកបន្ដថា ក្រុមហ៊ុនបានផ្អាកសង់បណ្ដោះអាសន្ន ដើម្បីរងចាំដំណោះស្រាយពីអគ្គិសនីកម្ពុជា EDC និងអាជ្ញាធរមូលដ្ឋាន ខណៈដែលប្រជាសហគមន៍រារាំងឲ្យបញ្ជប់សកម្មភាព។ លោកបន្ដថា៖ “អាហ្នឹងខាងក្រុមហ៊ុនគេអត់មានសិទ្ធិជ្រើសរើស ប៉ុន្ដែគេត្រូវរាយការណ៍ទៅអឹដេសេ(EDC) ឲ្យអឹដេសេគេរាយការណ៍ទៅថ្នាក់ គេស៊ីញ៉េពីលើមកទៀត ឲ្យគេទៅដោះស្រាយ ខាងខ្ញុំកំពុងរងចាំដែរ ព្រោះអីដោះស្រាយអត់ចេញ អត់មានបង្គោលដែលពួកខ្ញុំត្រូវធ្វើ វាស្ទះការងារខាងខ្ញុំដែរ“។

ករណីនេះអភិបាលខេត្ដព្រះវិហារ លោក អ៊ុន ចិន្ដា មានប្រសាសន៍ថា ខាងអាជ្ញាធរមានដំណោះស្រាយហើយ និងជំរុញឲ្យវីអូឌីសាកសួរបន្ថែមទៅអគ្គិសនីកម្ពុជាវិញ។ លោកបន្ដថា៖ “ខាងអាជ្ញាធរអគ្គិសនីកម្ពុជាអ្នករៀបចំណាស់មានក្រុមកាងារចុះទៅសិក្សាពីផលប៉ះពាល់រួចរាល់អស់ហើយ បានគេតម្លើងបង្គោលហ្នឹងណា ហើយគេធ្វើលើចិញ្ចើមផ្លូវតាមផ្លូវជាតិ“។

VOD មិនអាចទាក់ទងខាងអគ្គិសនីកម្ពុជាដើម្បីសាកសួរបន្ថែមបាននៅឡើយទេ។

បើតាមសហគមន៍ឲ្យដឹងថា ព្រៃសហគមន៍កំពង់ស្រណោះ ស្ថិតនៅឃុំកំពុងស្រឡូវមួយ ស្រុកឆែប ខេត្ដព្រះវិហារ។ ព្រៃសហគមន៍នេះ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យជាព្រៃអភិរក្សនៅឆ្នាំ២០១៣ ដែលមានផ្ទៃព្រៃការពារចំនួន៣១៣០ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ