បក្សមូលដ្ឋានស្នើឲ្យរដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារសម្រាប់​រដូវ​ប្រមូល​ផល

ដំណាំស្រូវ (ដោយ បូ សាវី)

គណបក្សប្រជាធិបតេយ្យមូលដ្ឋានអំពាវនាជាថ្មី ឲ្យរដ្ឋាភិបាលនិងសភាជាតិ ត្រៀមកញ្ចប់ថវិកាយ៉ាងតិច ១០០លានដុល្លារ សម្រាប់ផ្ដល់កម្ចីឥណទានទៅដល់អ្នកវិនិយោគស្រូវអង្ករនៅកម្ពុជា ដើម្បីទប់ស្កាត់វិបត្តិនៃការធ្លាក់ចុះតម្លៃស្រូវជាថ្មី ខណៈដែលរដូវប្រមូលផលកសិកម្មជិតមកដល់។

នៅក្នុងសេចក្ដីថ្លៃងការណ៍ចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គណបក្សនេះឲ្យដឹងថា វិបត្តិទីផ្សារនិងតម្លៃស្រូវ អាចនឹងកើតមានឡើងម្ដងទៀត ហើយអាចធ្ងន់ធ្ងរជាងមុនទៅទៀត ដោយសារនៅក្នុងខែវិច្ឆិកា ខែធ្នូ និងខែមករាឆ្នាំ២០១៧នេះ គឺជារដូវប្រមូលផលរបស់កសិករ។

សេចក្ដីថ្លៃងការណ៍ដដែលបន្តថា ដើម្បីបញ្ហានាពេលខាងមុខនេះ រដ្ឋាភិបាលត្រូវត្រៀមកញ្ចប់ថវិកាទុកផ្ដល់ទុនកម្ចីទៅដល់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម និងវិនិយោគលើឡសម្ងួត និងប្រើប្រាស់ជាទុន បង្វិលទិញស្រូវស្តុកទុក ដើម្បីទប់ស្កាត់វិបត្តិការធ្លាក់ចុះតម្លៃស្រូវសារជាថ្មី។

កាលពីពេលកន្លងមក រដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់២៧លានដុល្លារ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែទឹកប្រាក់នោះនៅតែមិនអាចដោះស្រាយបាន លោក ហ៊ុន សែន ក៏បានប្រកាសថានឹងខ្ចីលុយប្រទេសចិន៣០០លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះឲ្យបានប្រសើរឡើងវិញ។ យ៉ាងណាក៏ដោយលោក ហ៊ុន សែន ថាតម្លៃស្រូវធ្លាក់ថ្លៃ ដោយសារកត្កាបញ្ហាទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ហើយណាមួយឆ្នាំនេះ ផលិតផលស្រូវមានការកើនឡើងខ្ពស់បើធៀបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

កាលពីថ្ងៃទី១៨ ខែកញ្ញា កសិករប្រមាណ១ពាន់នាក់នៅខេត្តបាត់ដំបងបាននាំគ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ