សមត្ថកិច្ចបញ្ជូនអគ្គនាយករងនិងន្ដ្រីអាជ្ញាធរជាតិអប្សរាទៅតុលាការករណីកាប់ឈើក្រញូង​

អគ្គនាយករងនៃអាជ្ញាធរអបស្សរា លោក ឈរ ថាណាត (បូ សាវី)

មន្ដ្រីរដ្ឋបាលព្រៃឈើឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនអគ្គនាយករងមួយរូបនៃអាជ្ញាធរជាតិអប្សរានិងមន្ដ្រី៤រូបទៀតទៅតុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ករណីកាប់ដើមក្រញូងនៅតំបន់អង្គរ។

កាលពីថ្ងៃទី៩ ខែវិច្ឆិកានេះ សមត្ថកិច្ចបានឃាត់ខ្លួនអគ្គនាយករង ឈរ ថាណាត និងប្រធានការិយាល័យបរិស្ថាន ផ្នែកគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា លោក ចេវ ផល សាកសួរនៅស្នងការ ដោយថាជាប់ពាក់ព័ន្ធកាប់ឈើក្រញូងនៅតំបន់ឧទ្យានអង្គរធំ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប កាលពីទី៦ខែវិច្ឆិកានេះ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដសៀមរាបលោក ទា គឹមសុទ្ធ ឲ្យVODដឹងថា នៅព្រឹកនេះសមត្ថកិច្ចបានបញ្ជូនលោក ឈរ ថាណា និងមន្ដ្រី៤រូបទៀតរបស់អាជ្ញាធរជាតិអប្សរាទៅកាន់តុលាការ ដែលលោកថា ពួកគាត់ជាប់ពាក់ព័ន្ធនឹងការកាប់ដើមឈើក្រញូង ដោយគ្មានការអនុញ្ញាតិពីស្ថាប័នពាក់ព័ន្ធ។ លោកបន្ដថា ជនសង្ស័យទាំង៥នាក់ មានលោក ចេវ ផល ដែលបានបញ្ជាឲ្យមានការកាប់ដើមក្រញូងនោះ បន្ទាប់ពីឯកភាពពីអគ្គនាយករងរូបនោះ។ ទោះជាយ៉ាងណា លោក ទា គឹមសុទ្ធ មិនបញ្ជាក់ពីទោសទណ្ឌនោះទេ ដោយគ្រាន់ថាពួកគេបានបំផ្លាញឈើប្រណិត ស្ថិតក្នុងមាត្រា៩០នៃច្បាប់ព្រៃឈើ។

អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាប លោក យិន ត្រាង មានប្រសាសន៍ថា ជនសង្ស័យបានបញ្ជូនដល់ដៃអយ្យតុលាការនិងកំពុងសាកសួរ។ លោកបន្ដថា៖ “ចាំមើលព្រះរាអជ្ញាធ្វើការស៊ើបអង្កេតនិងស៊ើបសួរសិន“។

ការឃាត់ខ្លួនមន្រ្តីអាជ្ញាធរអប្សរានេះគឺបន្ទាប់ពី លោក ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាបានសរសេរលិខិតទទួលកំហុសរបស់ខ្លួនកាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ជុំវិញការកាប់ដើមឈើដ៍៏កម្រមួយដើមនោះនៅក្នុងតំបន់ឧទ្យានអង្គរ គ្មានការអនុញ្ញាតពីអគ្គនាយក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ