វិភាគ៖ អ្នកការពារសិទ្ធិមនុស្សត្រូវដោះលែងទេ បើមានជំនួបនយោបាយមែននោះ?

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

ថ្មីត្បិតតែរដ្ឋធម្មនុញ្ញបានចែងថាកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស​ អំណាច​បែងចែ​ក​ដា​ច់​​ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការក៏ដោយ ក៏ប៉ុន្តែការអនុ​វត្តជា​​ក់​ស្តែង​វិញ ត្រូវ​​បានគេ​សង្កេតឃើញថា មិនដូចនូវអ្វីដែលមានចែងក្នុងច្បាប់កំពូលនេះទេ។

អ្នកតាមដានសង្គមជាច្រើនអះអាងថា សេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ ត្រូវបានគេរិតត្បិតឬបើក​ទូ​លា​​យ​​ អា​ស្រ័យលើឆន្ទៈនយោបាយ។ រីឯការអនុវត្តច្បាប់វិញក៏មិនខុសគ្នាដែរ។

ជាក់ស្តែងនៅពេលដែល​ស្ថានការណ៍នយោបាយឡើងកម្តៅជាង១ឆ្នាំមកនេះ គេសង្កេតឃើញសកម្មជ​នប​ក្ស​ប្រ​​ឆាំង​ជិ​ត​២០រូប ត្រូវបានតុលាការកាត់ទោស ខ្លះរហូតដល់២០ឆ្នាំ។ ចំណែកអ្ន​កការពារសិទ្ធិមនុស្សដ៏​លេច​ថ្លោ៤រូបនៅសមាគមអាដហុកនិងមន្រ្តី គជប ម្នាក់ត្រូវបានរដ្ឋាភិ​បាលប្តឹង ហើ​​​​យពេ​​លនេះ​ពួ​ក​គេ​កំពុង​ជា​​ប់ព​ន្ធនាគារ​ជិត៨ខែ ដែលមតិជាតិនិងអន្តរជាតិចាត់ទុកថា ចំណាត់​ការរបស់​តុ​លា​ការនោះ ក្រោមសម្ពាធអ្នកនយោបាយ។

ប៉ុន្តែអ្វីជាការកត់សម្គាល់ ស្ថានការណ៍នយោបាយពេលនេះហាក់បានចុះកម្តៅបន្តិចវិញ​​ ដោ​យសារតែ​លោ​​​កនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បាន​​ចាប់​ដៃរលាក់ដាក់គ្នា​ឡើ​​ង​វិញក្នុងសភា​នាដើមខែធ្នូឆ្នាំ២០១៦។

ជំនួ​បរលាក់ដៃរបស់មេដឹកនាំទាំងពីរនោះជំរុញឲ្យមានជំនួបកំពូលដ៏កម្រមួយរវាងលោក ហ៊ុន សែន និង​លោក កឹម សុខា។

ក្រោយមកលោក ហ៊ុន សែន បានប្រកាសយកលោក កឹម សុខា ធ្វើជាដៃគូសន្ទនាជំនួសលោក សម រង្ស៊ី ដែលទើបនឹងបែកបាក់ ដើ​ម្បីបន្ត​ដោះស្រាយបញ្ហាជាតិដែលនូវសេសសល់។

បើ​ទោះបីជាបញ្ហាដែលនូវសេសសល់នោះ មិនត្រូវបានគេទម្លាយឲ្យដឹងថាមានអ្វីខ្លះក៏ដោយ ប៉ុន្តែម​ន្ត្រីជា​​ន់​ខ្ព​​ស់រ​បស់គណ​បក្ស​កាន់អំ​​ណា​ច លោក ស ខេង បង្ហើបប្រាប់អ្នកសា​រព័ត៌​មានថា បញ្ហាម​​​ន្ត្រី​សិ​ទ្ធិម​នុ​ស្ស​​និងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំអាចនឹងមានដំណោះស្រាយតាំងពីខែធ្នូចុងឆ្នាំ២០១៦។

ពិត​​ណាស់ថា ការបង្ហើបពីយន្តកា​រឈានទៅដោះ​លែងមន្ត្រីសិ​ទ្ធិមនុស្សនៅចុង​ឆ្នាំ២០១៦នោះ មិនត្រូវ​បា​ន​​​ធ្វើ​ឡើ​​​​​​ង​ដូច​ការអះអាងក៏ពិតមែន ប៉ុន្តែប៉ុន្មានថ្ងៃនេះ មានលិខិតឆ្លើយឆ្លងរវាងលោក ស ខេង ដែល​ជា​​តំ​​​ណា​​ង​​មតិភាគច្រើនក្នុងសភារបស់គណបក្សប្រជាជន និងលោក កឹម សុខា តំណាង​មតិភា​គតិ​​ចក្នុ​ង​​សភារបស់គណ​បក្សសង្គ្រោះជាតិថា ពួក​គេមាន​គ​ម្រោ​ងជួបគ្នា ដោយមិនកំ​ណត់ពេល គិតពី​ក្រោ​យថ្ងៃចន្ទ ​​​ទី១១ ខែមករា ឆ្នាំ២០១៧នេះទៅ។

តើជំនួបថ្មីនោះនឹងឈានទៅដោះលែងអ្នកការពារសិទ្ធិមនុស្សដូចការរំពឹងទុកទេ?

អ្នកវិភាគនិងមន្ត្រីឃ្លាំមើលការអនុវត្តច្បាប់អះអាងប្រហាក់ប្រហែលគ្នាថា កិច្ចជំនួបរបស់​មេដឹកនាំ​កំពូល​នៅ​ពេលខាងមុខនេះ ពួកគេរំពឹងថាអ្នកទោសមនសិកាដែលកំពុងជាប់ឃុំទាំងនោះ អាចនឹងមានសេ​​រីភា​ពវិញ បើកិច្ច​ពិភាក្សានោះ បក្សកាន់​អំណាច​មានឆន្ទៈពិតចង់បង្រួបបង្រួមជាតិ តម្កល់ប្រយោ​ជន៍ជា​តិ​ជាធំ​ មិន​បង្កប់ល្បិ​ច​កល់​នយោបាយ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា គេពិបាកទស្សទាយថា ជំនួបរប​ស់​អ្នកនយបោយនៅពេលខាងមុខនេះ នឹងឈានទៅដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដី​​ធ្លី ស​កម្ម​​ជនបក្សប្រឆាំងឬក៏យ៉ាងណា។

ប៉ុន្តែលោក មាស នី វិភាគថា បើពិនិត្យពីការផ្លាស់ប្តូរឥរិយាបថរបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរដែ​ល​ឈានទៅចាប់ដៃគ្នាក្នុងសភារួចព្រមនិយាយទល់មុខគ្នាឡើងវិញ ក្នុងបន្ទប់បិទជិត ឈានទៅប្រើ​ប្រា​​ស់​​វ​ប្បធម៌សន្ទនាឡើងវិញនៅពេ​លថ្មី​ៗនេះ លោកថាជាសញ្ញាវិជ្ជមានសម្រាប់ការដោះលែងអ្នក​ទោ​​សម​ន​​​ទោស​មន​សិកា បើ​​​​ទោះ​បីកូនសោ​ពន្ធនាគារស្ថិតនៅ​លើ​​​​ដៃគ​​ណ​​ប​ក្ស​​​ប្រជាជនកម្ពុជាក៏ដោយ។

លោកថា៖ «យើងដឹងស្រាប់ហើយក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ តួនាទីរបស់តុលាការនិងអ្នកន​យោបាយហ្នឹងវារួមគ្នាតែមួយ។ ដល់អញ្ចឹងទៅវាធ្វើឲ្យស្ថាន​ការណ៍ហ្នឹងវាកាន់តែអាក្រក់​មើលថែមទៀត។ ខ្ញុំ​​គិ​​ត​​​ថារឿ​ងអ្នកដែលជាប់ឃុំហ្នឹងឥឡូវនេះ គេទុកឲ្យនៅ ដើម្បី​ធ្វើជារបៀប​ជាចំណា​ប់ខ្មាំ​ងក៏​បា​ន។ រឿងវាអត់មានពិបាកអីសោះសម្រាប់ការដោះស្រាយរឿងហ្នឹង តែបើមិនមាន​ឆន្ទៈនយោបាយទេ អ្នក​ជា​ប់​ឃុំចេះតែជាប់ទៅ គេមានពិបាកអីមន្ត្រីធំៗគេប្រើអំណាចរបស់គេ គេមានទៅខ្វល់​អីព្រោះ​គេមាន​ជាប់គុកអី។ គ្រួសារជនរងគ្រោះទេដែលពិបាក»។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ​ ចន្ថា លើកឡើងថា បើមានការចរចាន​យោ​​​​​បាយ​កើតឡើងនៅ​ពេលខាង​មុខដូចការគ្រោងទុកមែន លោកវិភាគថាអាចនឹង​មានលទ្ធផលពីរ​ផ្ទុយគ្នា​កើតឡើង​ក្រោ​​យ​ជំ​នួប។

លោក សូ ចន្ថា វិភាគថា​ លទ្ធផលទី១ អ្នកទោសមនសិកាទាំងនោះ នឹងត្រូវដោះលែងដូចការរំពឹងទុក បើគណ​​បក្ស​​កា​ន់អំ​ណា​​​​ចមិនយកអ្នកជាប់ឃុំទាំងនោះធ្វើជាចំណាប់ខ្មាំងនិងមិនចាត់ទុកអ្នកទោស​មនសិ​កា​​ទាំងនោះជា​​សត្រូវ។ លោកថា បើបក្សកា​ន់អំ​​ណាចយកកិច្ចពិភាក្សានេះគ្រាន់តែ​ជាឈ្នា​ន់​​​ន​យោបា​​យដើម្បីឈានទៅ​បំបែកបំបាក់ផ្ទៃ​ក្នុងគណប​ក្ស​ប្រ​​​​​​ឆាំង ដូចដែលគណបក្សនេះធ្លាប់ធ្វើឲ្យ​គ​ណ​ប​ក្សហ៊្វុ​ន​​ស៊ិ​​​ន​ប៉ិចរបូត​អាសនៈអស់ពី​ក្នុ​ង​ស​ភា​នោះ លោ​ក​ថាអ្នកទាំងនោះនឹងនៅតែបន្តជាប់ឃុំដដែល។

លោកថា៖ «អញ្ចឹងហើយអ្វីដែលខ្ញុំចង់ឃើញនោះ គឺចង់ឃើញអ្នកនយោបាយឈប់ប្រើវប្បធម៌ចាស់ ឈប់​ប្រើវប្បធម៌យកគ្នាជាសត្រូវ ហើយចាប់យកវប្បធម៌ថ្មីពីការឯកភាពជាតិ ការរួបរួមដើម្បីឆ្ពោះទៅ​រកកា​រអភិវឌ្ឍជា​តិប្រក​បដោយចេរភាពនោះបាទ»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងដែរថា បើតុលា​ការ​នៅ​កម្ពុជា​ឯក​រា​ជ្យ លោកថា សកម្មជនបក្សប្រឆាំង សកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គជប មិន​ត្រូវ​​ជាប់​ឃុំរហូតដល់ពេលនេះទេ។

លោក អំ សំអាត មានជំនឿថា កិច្ច​ពិ​ភា​​ក្សារបស់អ្នកនយោបាយនៅពេលខាងមុខ អាចនឹងឈា​នទៅដោះ​លែ​ង​​អ្ន​កទោ​សមនសិកាឲ្យ​មាន​​សេ​​​​​​រី​​ភាពវិញ ដោយលោកកត់សម្គាល់ការចរចា​ផ្នែកន​យោបាយមាន​ប្រ​សិទ្ធភា​ព​ជាង​ការអនុវត្តច្បាប់ និងម្យ៉ាងវិញទៀតលោកគិតថារដូវបោះ​ឆ្នោត​ជិតមក​ដ​ល់ផងនោះ អាច​ជា​ឱ​កា​​សដែ​លគ​ណ​ប​ក្សនយោបាយនាំគ្នាធ្វើខ្លួនឲ្យល្អ ដើម្បីទាក់​ទា​ញ​​ប្រជាប្រិ​​យភាពពី​ម្ចាស់​ឆ្នោត។

លោកថា៖ «អ្នកដែលជាប់ឃុំដោយសាររឿងនយោបាយហ្នឹង វាគ្មានអ្វីក្រៅពីកិច្ចចរចាផ្នែកនយោបាយនោះទេ ដែល​ធ្វើឲ្យមានការដោះលែង សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លិ សកម្មជនគណបក្សនយោបាយ។នេះ​ជាអ្វីដែលយើងឃើញទម្លាប់កន្លងមកនោះបាទ»។

សរុបជារួម អ្នកវិភាគគិតថាយុទ្ធសាស្ត្របំបែកបំបាក់ដៃគូប្រកួត ញុះញង់ឲ្យគេឈ្លោះគ្នា ដើម្បីបានប្រៀ​ប​ក្តោ​ម​អំណាចបន្តនោះ ពួកគេថាហាក់គ្មានប្រសិទ្ធភាពទេក្នុងសម័យកាលនេះ ដោយថាដៃគូប្រកួត​បាន​ដឹង​​មុនពីមេរៀននេះពីអតីតកាល គួបផ្សំនឹងការរីកធំនៃប្រព័ន្ធ​ផ្សព្វផ្សាយតាមប​ណ្តាញស​ង្គមដែលបាន​ឆ្លុះបញ្ចាំងការពិតដែលកើតឡើងក្នុងសង្គម។

បើ​តា​មអ្នកវិភាគ អ្វីដែលបក្សកាន់អំណាចអាចស្តាប្រជាប្រិយភាពឡើងវិញបាននោះ គឺការរកទីផ្សារ​ឲ្យ​ក​សិ​ករ បង្កើតការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលសមរម្យ ធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ ទប់ស្កាត់អំ​ពើពុ​ករ​លួ​​​យ ភាពអយុត្តិធម៌សង្គម លើកស្ទួយសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ