របាយការណ៍អង្គការណាសា៖ ព្រៃឈើនៅប្រទេសកម្ពុជាកំពុងតែហិនហោច

ផែនទីបង្ហាញពីការបាត់បងព្រៃឈើនៅក្នុងប្រទេសកម្ពុជា (រូបភាព NASA)

របាយការណ៍អង្គការអន្ដរជាតិមួយបង្ហាញថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមរបាយការណ៍របស់អង្គការណាសា ចេញផ្សាយកាលពីថ្ងៃទី១០ខែមករា បង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេខាងការកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារផង ដោយសារការទន្រ្ទានយកដីរបស់ក្រុមហ៊ុន សម្រាប់ការដាំដុះដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។

បើតាមរបាយការណ៍នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវ រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម ខណៈការកាប់ឈើនៅប្រទេសសេរ៉ាឡេអូន មានតែ១២,៦ភាគរយ, ម៉ាដាហ្គាស្កា (៨,៣ភាគរយ), អ៊ុយរុយហ្គាយ (៨,១ភាគរយ) និង ប៉ារ៉ាហ្គាយ (៧,៧ភាគរយ)។

ក្រុមអ្នកស្រាវជ្រាវ​ អះអាងថា ការហក់ឡើងកប់ពពកនៃតម្លៃកៅស៊ូ និងចំនួននៃកិច្ចព្រមព្រៀងផ្ដល់ដីសម្បទានដីសេដ្ឋកិច្ច បានជម្រុញឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុកនៅកម្ពុជា។ អ្នកស្រាវជ្រាវបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី២៩ ទៅ ១០៥ភាគរយ ដោយសាររដ្ឋាភិបាលកម្ពុជាបានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនវិនិយោគបរទេស សម្រាប់វិស័យកសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងទៀត។

ការរកឃើញនៅក្នុងរបាយការណ៍ ដែលផ្សព្វផ្សាយដោយអង្គការណាសានេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យម៉ារីឡែន សហរដ្ឋអាមេរិក និងអ្នកតាមដានព្រៃឈើលើសកលលោក តាមរយៈការប្រើប្រាស់ទិន្នន័យលើផ្ទៃដីបានមកពីប្រព័ន្ធផ្កាយរណប ដើម្បីពិនិត្យមើលការបាត់បង់ព្រៃឈើនៅលើផែនដី៕

ជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលនៅមិនទាន់បង្ហាញអំពីទំហំដីសម្បទានទាំងអស់នោះទេ ខណៈក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានទទូចឲ្យធ្វើជាសាធារណៈដើម្បីបង្ហាញតម្លាភាព។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា លោកមិនទាន់បានអានរបាយការណ៍នេះនៅឡើយទេ។ ប៉ុន្ដែបន្ទាប់ពីស្ដាប់សំណួរអ្នកសារព័ត៌មាន លោកបានទទួលស្គាល់ថា វាអាចបង្ហាញពីភាពត្រឹមត្រូវខ្លះដែរ ប្រសិនបើរបាយការណ៍នេះ លើកឡើងអំពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងអំឡុងឆ្នាំ២០០១ដល់២០១៤។

លោកបន្ដថា ការបាត់បង់ព្រៃឈើមួយភាគធំ គឺដោយសារការផ្ដល់ដីឲ្យក្រុមហ៊ុនវិនិយោគដើម្បីអភិវឌ្ឍផ្នែកកសិកម្ម គម្រោងសម្បទានដីសង្គមកិច្ច និងការលួចកាប់បំផ្លាញព្រៃឈើពីសំណាក់ជនខិលខូច។

លោកថា៖ «បាទ២០០១ ដល់២០១៤ វាអាចចូលដំណាក់កាលមួយដែលយើងធ្វើនយោបាយសម្បទានដីសេដ្ឋកិច្ចហ្នឹងច្រើន។ ខ្ញុំមិនធ្វើអត្ថាធិប្បាយទៅលើតួលេខថាប៉ុន្មានៗ ប្រកែកប្រណាំងថាត្រូវ ខុសទេ។ ក៏ប៉ុន្ដែជារួមនៅក្នុងដំណាក់កាលហ្នឹង ឬនៅក្នុងចន្លោះពេលហ្នឹង គឺយើងបានធ្វើការងារដីសម្បទានសេដ្ឋកិច្ចច្រើន អ៊ីចឹងវាអាចពាក់ព័ន្ធនៅក្នុងការដែលថាគាត់គិតគូរជាតួលេខហ្នឹង។ លោកដឹងហើយថា នៅក្នុងប្រទេសកម្ពុជា មានការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដើម្បីវិនិយោគអភិវឌ្ឍទៅលើដំណាំកសិឧស្សាហកម្ម ក៏ដូចជាគម្រោងអភិវឌ្ឍមួយចំនួនទៀតដែលជាលក្ខណៈតំបន់សេដ្ឋកិច្ចពិសេស ឬក៏យើងហៅថាទេសចរណ៍ធម្មជាតិ»

លោក សៅ សុភាព លើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានពិចារណាលុបចោលគម្រោងផ្ដល់ដីសម្បទានជាច្រើនកន្លែងរួចមកហើយ។ លោកបន្ថែមថា ការចាប់ផ្ដើមអនុវត្តផែនការយុទ្ធសាស្ដ្រទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅឆ្នាំ២០១៧ ក៏នឹងអាចលុបបំបាត់បទល្មើសព្រៃឈើខុសច្បាប់បានទាំងស្រុង។

លោកថា៖«គឺជាកិច្ចការដែលយើងត្រូវធ្វើបន្ដ យើងហៅថា គឺត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ និងលុបបំបាត់បទល្មើសធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះឯង។ ដូច្នេះហើយ​បានរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ដ្រ ក៏ដូចជាគោលនយោបាយជាបន្ដបន្ទាប់ ក៏ដូចជាវិធានការបន្ដបន្ទាប់ បាទ»

របាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយឆ្នាំ២០១១ស្តីពី «ធនធានគម្របព្រៃឈើនៅកម្ពុជាឆ្នាំ២០១០» ឲ្យដឹងថា នៅឆ្នាំ១៩៦៥ គម្របព្រៃឈើកម្ពុជា មានប្រមាណ៧៣ភាគរយ ហើយវាបានថយចុះមកនៅប្រមាណ៥៧ភាគរយនៅឆ្នាំ២០១០ ដែលការធ្លាក់ចុះនេះ បណ្តាលមកពីកំណើននៃការប្រើប្រាស់ដីកសិកម្ម ពិសេសដីសម្បទានសេដ្ឋកិច្ច។

ទោះជាយ៉ាងណា ការចុះផ្សាយនៅលើគេហទំព័រ Open Development Cambodia បង្ហាញថា នៅឆ្នាំ១៩៧៣ កម្ពុជាមានព្រៃឈើសរុប ១៣,១លានហិកតា ប៉ុន្ដែរហូតដល់ឆ្នាំ២០១៤ អត្រានេះបានធ្លាក់ចុះមកត្រឹម៨,៧លានហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ