មេដឹកនាំវៀតណាមបានស្នើដល់កម្ពុជា ក្នុងការផ្តល់បរិយាកាសងាយស្រួលដល់អ្នករកស៊ី និងប្រជាជនខ្លួនដែលបានមករស់នៅនិងរកស៊ីនៅកម្ពុជា ដោយថាដើម្បីរឹតចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ នេះបើតាមខ្លឹមសារចុះផ្សាយរបស់សារព័ត៌មានវៀតណាមមួយ។
សារព័ត៌មាន ទួយជែរញូវ (Tuoi Tre News) បានចុះផ្សាយកាលពីថ្ងៃទី១០ម្សិលមិញថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាលោក ស ខេង នៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក បានស្នើដល់លោក ស ខេង ក្នុងការផ្តល់បរិយាកាសងាយស្រួលដល់អ្នកជំនួញ និងប្រជាជនខ្លួនឲ្យរកស៊ី និងរស់នៅបានថិតថេរ ដើម្បីធ្វើឲ្យចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរ។
បើតាមសារព័ត៌មាន ទួយជែរញូវ ដែលដកស្រង់សម្តីលោក លោក ង្វៀន ស៊ុងហ៊្វុក បានបន្តថា ប្រទេសវៀតណាមចង់ឲ្យកម្ពុជារក្សាបាននៅសន្តិភាព ភាពរីកចម្រើន និងស្ថេរភាពរបស់ខ្លួន ហើយក៏ចង់ឲ្យកងកម្លាំងសន្តិសុខរបស់ប្រទេសទាំងពីរបន្តផ្លាស់ប្តូរការសិក្សាពីគ្នា និងពង្រឹងយន្តការដែលមានស្រាប់សម្រាប់ទំនាក់ទំនងសន្តិសុខនេះ។
នាយករដ្ឋមន្ត្រីវៀតណាមបានបន្តទៀតថា គ្រប់កាលៈទេសៈបែបណាក៏ដោយប្រទេសវៀតណាម និងកម្ពុជាគួរតែស្ថិតនៅជាមួយគ្នា ហើយជាការឆ្លើយតបលោក ស ខេង បានទទួលយកសំណើនោះដោយសន្យាថានិងរៀបចំឯកសារក្នុងការគាំទ្រសហគមន៍វៀតណាមដែលរស់នៅកម្ពុជានេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដដែល។
ដំណើរទស្សនកិច្ចរបស់លោក ស ខេង ទៅវៀតណាមនេះ បានធ្វើឡើងមុនពេលនៃការជួបចរចារជាមួយបក្សប្រឆាំង នៅក្រោយថ្ងៃទី១១ខែមករានេះ៕