ហ៊ុយ យ៉ាឡេង បញ្ចាំង​រឿង«​វិកលចរឹក»​ជាថ្មី យកដើមទៅ​កើបលុយនៅថៃ

លោក​ហ៊ុយ យ៉ាឡេង​(រូបថត​៖​សុ​ម៉ា​លីន​)

យោ​ង​តាម​ការ​​ប្រកាសរបស់​លោក​ហ៊ុយ យ៉ាឡេង ​​ផលិតករ​រឿង​​​«វិកលចរឹត»​បានអះអាងថា​ ​លោក​​បាន​​​ដាក់​បញ្ចាំង​រឿង​នេះ​ជា​ថ្មី​​ទៀត​​ហើយ នៅ​​​ថ្ងៃ​ទី​​​​​​១១ ​​​កុម្ភៈ​ត​ទៅ​ ដោយគ្រាន់តែការដាក់បញ្ចាំង​​​​​​​លើកនេះ​​​គឺ​បញ្ចាំង​​តែ​នៅ​ខេត្ត​បី និង​​​​បញ្ចាំង​​​​​​​​​​​​​​​​ដាច់ៗ​ថ្ងៃ​គ្នា​​​​​មិនដូច​មុន។ ​​​​​លោកថា​នេះជា​យុទ្ធនាការ​​បញ្ចាំង​រឿង​​​​​យក​លុយ​​ទៅ​ថៃ និង​​ដើម្បី​អោយ​អ្នក​ខេត្ត​ដែលមិនទាន់​បានទស្សនា​​​​​​​បាន​ទស្សនា​​​មុន​រឿង​​​«​វិកលចរឹត»ទៅ​បញ្ចាំង​នៅថៃ។

លោក​ហ៊ុយ យ៉ា​ឡេង និយាយថា​​ដោយសារតែ​​​​មានការ​សំណូម​ពរ​ ​លោក​ក៏សម្រេច​ ​​​ដាក់​បញ្ចាំង​ម្ដងទៀត តែ​មិន​បញ្ចាំង​នៅ​ភ្នំពេញ និង​​សៀម​រាប​ទេ ដោយសារខាង​រោង​ក៏មិនមាន​​​​​​​​​សាលទំនេរ​​។ ​​លោក​​​​ថា​រឿង​នេះ​​ត្រូវ​​​​​​​​​​ដាក់បញ្ចាំង​នៅ​ក្នុង​ប្រទេសថៃ​​ផ្លូវការ​នៅ​​​ដើម​ខែ​​មេសា​ខាង​មុខ​​ គឺមុន​ចូលឆ្នាំខ្មែរមកដល់​ ដោយ​ខាង​​​​​​​រោង​កុនរបស់​​ប្រទេស​ថៃ​​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​គ្នា​រួច​ហើយ​​ដើម្បី​​យក​រឿង​របស់លោកទៅ​បញ្ចាំង ​​​ ​​​​​ដោយ​បង្ហាញពីការ​​ពេញចិត្ត​​ចំពោះ​រឿង​នោះ​ផង​។ ​

មកទល់​ពេល​នេះ​ខ្សែរឿង​«​វិកលចរឹត​»ត្រូវ​បាន​បកប្រែ​​​​​បញ្ចូល​សំឡេងជា​​ភាសាថៃបានច្រើន​ភាគហើយ ​ ដើម្បី​យកទៅ​បញ្ចាំង​​អោយទាន់​ពេល​វេលា​នៅ​​​​​ដើមខែ​​​មេសា។ អ៊ីចឹង​ហើយ​ទើប​លោក​​សម្រេច​ចិត្ត​​​ដាក់​បញ្ចាំង​​រឿង​នេះ​ជាថ្មី​ម្ដង​ទៀត​​នៅ​​​ខេត្តចំនួន​​​៣​ ​​​​​​​​​​​ដើម្បី​​ប្រមូល​ប្រាក់​​ទុកធ្វើដើម​ទន់​​​ទៅ​ធ្វើការ​ឃោសនា​នៅ​ក្នុង​ប្រទេសថៃ​ផង និង​ដើម្បីអោយ​អ្នក​​​​​​​​​​មិនទាន់​​ទស្សនា​បានទស្សនា​​រឿង​នេះ​​​​​​​នៅខេត្ត​ទាំង​៣​​នេះផង។

លោកថា​​​​​​​​​​​​​​ចន្លោះ​ពី​ថ្ងៃ​ទី​​១១ ដល់​​១៤​ កុម្ភៈ រឿង​​«​វិកលចរឹត»​ដាក់​បញ្ចាំង​នៅ​ខេត្ត​បាត់ដំបង ​ថ្ងៃ​ទី​​១៨ ​ដល់​​១៩ កុម្ភៈ ​​បញ្ចាំង​​​នៅ​ខេត្ត​​​​​កំពង់ចាម និង​ពីថ្ងៃ​២៤ ដល់​ថ្ងៃ​២៨ កុម្ភៈ​​​បញ្ចាំង​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ ​​​​​ ​​​​ក្រោយ​ការទម្លាក់​​​ផ្លាកចេញពី​រោងនៅ​ភ្នំពេញ និង​​​​​សៀម​រាប លោក​ថា​​ទទល​បាន​ត្រឹមតែ​ប្រាក់ចំណេញ​ក្នុង​​​​ម្នាក់​​៣​ពាន់​ដុល្លារចែកគ្នា​​៣​នាក់ជាមួយ​ក្រុម​អ្នកផលិតករ​ប៉ុណ្ណោះ ទើប​លោកត្រូវការ​​ថវិកាមួយចំនួន​គ្រាន់ធ្វើ​ដើម​​​​​​​មុន​ក្នុងគម្រោង​យករឿង​​​ទៅ​បញ្ចាំង​នៅ​​ថៃដូចជា​​​បកប្រែ​​ភាសា​ថៃ ​​​កែ​សាច់​ភ្លេង​មួយចំនួន និង​​ចំណាយ​​លើការ​​ឃោសនា​​ក្នុង​ពេល​ដាក់​បញ្ចាំង​​នៅ​​​ក្នុងប្រទេសថៃ​​​​​​។

លោកថា​​​​ការសម្រេច​ដាក់​បញ្ចាំង​រឿង​​​​ជាថ្មី ​លោកមិនទាន់រំពឹងថា​ទទួល​​បានថវិកា​ចំណេញ​​ប៉ុន្មាន​​​​​​​នៅ​ឡើយទេ ដោយសារតែ​​រឿង​របស់​លោក​ចំនួន​​២​កន្លង​មកដូចជា​រឿង​​​«អាព្រឿង​ងាប់​ហើយ» និង​រឿង​​«​អាកុកអាច្រវ៉ា»​ដែលលោក​យក​បញ្ចាំង​នៅ​បាត់ដំបង និង​បន្ទាយ​មានជ័យ​សុទ្ធតែ​ខាត​​​។ ជាក់ស្ដែង​លោកថា​​​​ក្នុង​​​​​ខេត្ត​បាត់ដំបង​លោកធ្លាប់​ខាត​ជាង​​​១​ពាន់​ដុល្លារ និង​ខេត្ត​​​បន្ទាយ​មានជ័យ​ធ្លាប់​ខាតជាង​​៣​ពាន់​ដុល្លារ ដោយសារតែ​រោង​​នៅ​​ទីនោះ​​​ផ្ទុកមនុស្ស​បានតិច ហើយ​​​​​​​នៅខេត្ត​​បន្ទាយ​មានជ័យ​ហាក់​មិនសូវមានអ្នក​​​ចូលចិត្ត​​​​​ទស្សនា​រឿង​​​​ខ្មែរ​។ ​

យ៉ាងណាមិញ លោកថា​ត្រូវតែ​ប្រថុយ ដោយសារតែ​​ការ​​ដាក់​បញ្ចាំង​លើកនេះ លោក​​អត់​បាន​​ចំណាយ​​លុយ​​​​ធ្វើ​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​​ធំដុំដូច​មុននោះទេ ហើយ​​ចំពោះការចំណាយ​លើក្រុមការងារ​ក៏មិនមាន​ដូចមុន។ ​លោក​ថា​​​​​ការ​ដាក់​បញ្ចាំង​រឿង​​​«​វិកលចរឹត»​លើកទី​២ លោក​អត់មានជួលក្រុម​ផ្សព្វ​ផ្សាយ​នោះទេ ដោយលោក​​​​​សុខចិត្ត​​​​ជិះ​កង់​​​​ដើរ​ចែកខិតប័ណ្ណ​​​ខ្លួនឯង ​ហើយចំណាយតែ​​ថ្លៃ​បាយ​ទឹក និង​ការ​​បោះ​ពុម្ភខិត្ត​ប័ណ្ណ​​​​មួយចំនួន​ប៉ុណ្ណោះ។

លោកនិយាយថា​«​​​​​​​​ក្រោយបញ្ចប់​​ការ​បញ្ចាំង​នៅភ្នំពេញ និង​​សៀម​រាប ខ្ញុំ​បានតែ​ដើម​​សង​គេ​ ហើយ​សល់​បាន​ម្នាក់​​​៣ពាន់​ដុល្លារ តែឥលូវហ្នឹង​វា​ចង់​អស់​ហើយ​​ ទើប​​យករឿង​ហ្នឹងមកបញ្ចាំង​​​​​ម្ដងទៀត ក្រែង​បាន​ដើមខ្លះ​យក​រឿង​​ទៅថៃ​នៅដើមខែ​​មេសា​ហ្នឹង»។ ​

លោកថា​​​​​​​​​​​​​ក្នុងគម្រោង​ទៅ​ថៃ​ លោករំពឹងថា​​​​​រឿង​«​វិកលចរឹត»​​នឹងជួយឲ្យ​​លោក​​សល់​លុយ​សល់កាក់​​​​​​​​ ខណៈដែល​​​​ក្រោយ​បញ្ចប់ការ​បញ្ចាំង​​នៅថៃ​ លោក​ក៏យក​ទៅ​បញ្ចាំង​នៅ​​​​ឡាវ​មួយទៀត ដោយសារតែ​​ការ​ដាក់​បញ្ចាំង​នៅ​​ឡាវ​​​អាច​ប្រើ​ភាសា​ថៃ​តែមួយ​បាន។​​ លោកថា​​​ក្រោយ​យក​​​រឿង​ទៅ​បង្ហាញ​នៅ​​​​​​ប្រទេសចិន​ ​​​​លោកពិតជា​​​ទទួល​បាន​​​​​ការ​យល់ព្រមពីសំណាក់​​ថៃ និង​ឡាវ​​​ដូចការគ្រោង​ទុក ទើប​ធ្វើអោយ​រឿង​«​វិកលចរឹត»​អាច​​ចូលទីផ្សារ​ប្រទេស​ទាំង​២ ដែលតម្រូវអោយលោក​​​​​​​​ត្រូវ​ពន្លឿន​​លើ​ការ​បកប្រែ​បញ្ចូលសំឡេង​អោយឆាប់​រួច​រាល់។ លោកថា​​មានតែមាន​វិធី​យករឿងទៅ​បញ្ចាំង​នៅ​ថៃ​ និងឡាវ ប៉ុណ្ណោះ ទើបអាច​អោយ​លោក​មាន​លុយ​​ផលិតរឿង​បន្ត​បន្ទាប់ បើ​មិនដូច្នេះ​ទេ ​​​បើ​រំពឹង​​ការ​បញ្ចាំង​ក្នុងស្រុកគឺទប់​មិន​ជាប់​ឡើយ។ ​​​​​​​​​​​

លោកហ៊ុយ យ៉ាឡេង ​បន្តថា​​​​​​​​​​​​​​​​លោកមិនមែនអត់លទ្ធភាព​ទិញ​ម៉ូតូ​​ជិះមិន​បានក្រោយ​​​​​​ពី​រឿអ​​«​វិកលចរឹត»មាន​អ្នកគាំទ្រ​​រហូត​បាន​​ចំណេញ​នោះទេ ប៉ុន្តែ​មកពី​លុយចំណេញ​នោះ​​តិច​​ពេក ហើយទុកសម្រាប់​តែ​​​ចាត់ចែង​​ការងារ​បន្ត​បន្ទាប់ទើប​​លោក​ទុកលុយ​ប្រើការ។ ​ម្យ៉ាង​មកពីលោកចូលចិត្ត​​ជិះកង់នោះផង ទើប​​សម្រេច​ចិត្ត​​​​​​​មិន​ទិញម៉ូតូ ហើយ​​បើមានការ​ងារ​ទៅ​ណា​​​​​​ឆ្ងាយ​ៗ​គឺ​ជិះ​តុក​តុក និង​​​​​រថយន្ត​ឈ្នួល។ ​លោកនៅ​តែ​បដិសេធថា​​ខ្លួនមិនធ្លាប់​​មានរថយន្ត​​ជិះ​ដូច​​ការ​លើកឡើង​នោះទេ ដោយ​អះអាងថា​រថយន្ត​ដែ​លោក​​ធ្លាប់ជា​រថយន្តរបស់​​​​​​​​​​ដៃគូ​ដែល​បោះទុនអោយ​​លោក​ផលិតរឿង​អោយតែប៉ុណ្ណោះ ដោយ​រឿង​«​វិកលចរឹត»​ទើបជា​រឿង​ដែល​លោក​ប្រថុយ​ផលិត​ខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ