UN បង្ហាញការខកចិត្ត បន្ទាប់ពីស្ត្រីរិះគន់លោក ហ៊ុន សែន ត្រូវបានបញ្ជូនមកកម្ពុជាវិញ

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត

ក្រុម​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ បាន​បង្ហាញ​ការ​ខក​ចិត្ត​របស់​ខ្លួន ចំពោះ​ការ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ នូវ​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​ភៀស​ខ្លួន​ទទួល​ស្គាល់​ដោយ​អង្គការ​មួយ​នេះ។

បើ​ទោះបី​ជាត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ក្ដី ប៉ុន្តែ ស្ត្រី​កម្ពុជា​ឈ្មោះ សំ សុខា ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ពី​ប្រទេស​ថៃ មក​ឲ្យ​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ទៅ​តាម​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​កម្ពុជា។

ស្ត្រី​រូប​នេះ ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ក្រោម​ការ​ចោទ​ប្រកាន់​ថា «ជេរ​ប្រមាថ» និង «ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង» បន្ទាប់​ពី​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ស្ត្រី​រូប​នេះ គប់​ស្បែក​ជើង​ទៅ​លើ​ផ្ទាំង​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​សុក្រ​​ថា ខ្លួន​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​បញ្ជូន​ស្ត្រី​រូប​នេះ​ត្រឡប់​មក​កម្ពុជា​វិញ។ ក្រៅ​ពី​សោក​ស្ដាយ ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​ចាត់​ទុក​វិធានការ​បែប​នេះ​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សម្ដែង​មតិ​របស់​អ្នកស្រី សំ សុខា។

មិន​មែន​តែ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​តែ​មួយ​ទេ​ដែល​រិះគន់​លើ​ការ​ចាប់​ខ្លួន​ស្ត្រី​រូប​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ក៏​បាន​ថ្កោល​ទោស​អាជ្ញាធរ​ថៃ និង​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ ជុំ​វិញ​ការ​ចាប់​បញ្ជូន​ស្ត្រី​រូប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ