រដ្ឋមន្រ្តីព័ត៌មាន​ស្នើ​វិទ្យុទូរទស្សន៍ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​​​អង្គរសង្ក្រាន្ត

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ស្នើដល់​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកទាំងអស់​ ចូល​រួម​ផ្សព្វផ្សាយ​កម្មវិធី​និង​ព្រឹត្តិ​​​​ការណ៍​អង្គរ​សង្រ្កាន្ត​​ឆ្នាំ២០១៦នេះ “​ឲ្យ​បានញឹកញាប់​តាមដែលអា​ចធ្វើទៅបាន”។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​១០ ខែមីនា ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ​ កាញារីទ្ធ​ បាន​​​ស្នើឲ្យ​​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍និង​ប្រព័ន្ធផ្សព្វផ្សាយទាំងអស់​ចូល​​រួម​ផ្សព្វផ្សាយ​កម្មវិធីនិង​ព្រឹត្តិ​ការណ៍​​នានាដែល​ទាក់​ទង​ទៅ​​​នឹ​ងអ​ង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦នេះ​ ឲ្យ​បាន​​ច្រើន​តាម​ដែល​អាចធ្វើ​ទៅ​បាន ចាប់ពីថ្ងៃទី​១៣ដល់ថ្ងៃទី​១៦​ខែ​មេសា​។ ក្រសួង​បញ្ជាក់​ថា​៖ “ការ​ចូលរួមអបអរសាទរ​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរដើម្បី​បង្ហាញ​ពីមរតកដ៏រុងរឿង​ ភាពសម្បូរសប្បា​យ ល្បីល្បាញ​និងកិត្យានុភាព​នៃ​អាណាចក្រ​ខ្មែរ​នាសម័យ​អង្គរ ដើម្បី​ឲ្យ​ប្រជាជាតិ​លើសកល​លោក​បានដឹង​បានស្គាល់​ព្រះរាជាណាចក្រកម្ពុជា”។​

ក្នុង​លិខិត​ដដែល​នោះ ក្រសួង​ព័ត៌មាន​បានបញ្ជាក់​ថា​ខ្លួន​”​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង”ទៅ​លើ​សកម្ម​ភាព​​​របស់​សហ​​ភាព​​សហព័ន្ធ​យុវជនកម្ពុជាក្នុង​ការ​រៀប​ចំ​ព្រិត្តិការណ៍​នេះ។​

សហភាពសហព័ន្ធយុវជនកម្ពុជាបាន​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍អង្គរ​សង្រ្កាន្តឆ្នាំ២​០១៥បានទា​ក់ទា​ញ​ភ្ញៀ​វ​ទេស​​ចរ​ជាតិនិង​អន្តរជាតិរហូតដល់ជិត១លាននាក់ ក្នុង​អត្រា​កំណើន​ត្រី​គុណ​នឹង​ស្ថិតិ​ចំនួន​ភ្ញៀវទេ​ស​ច​រនា​​​ឆ្នាំ​កន្លង​ទៅ​ ដែលមានចំនួនសរុប៣៨៥ ៦២៩នាក់។ សហភាព​បញ្ជាក់​ថា​បើ​ធៀប​លំហូរ​ចូល​សេដ្ឋ​កិច្ច​ជាតិ ព្រឹត្តិការណ៍​នៅឆ្នាំ​២០១​៥​នេះបានទាញ​ចំណូល​សេដ្ឋកិច្ច​ខេត្តសៀមរាប​ដោយ​ផ្ទាល់​ចំនួន​៦០​លាន​ដុ​ល្លា​រសហរដ្ឋអាមេរិក ស្មើ​នឹង​ទ្វេដងនៃចំណូល​ឆ្នាំមុន ដែល​មានជិត​៣០លានដុល្លារ​សហ​រដ្ឋ​អាមេរិក​។

គួរបញ្ជាក់​ថា​នេះ​ជា​ឆ្នាំ​ទីបួន​ហើយ​ដែល​សហភាព​សហព័ន្ធ​យុវជនកម្ពុជាមានកូនប្រុស​នាយករដ្ឋមន្រ្តី លោ​ក ហ៊ុន ម៉ានី ជាប្រធាន ​បានដឹកនាំនិង​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្តនេះ។ សម្រាប់ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន ក៏​នឹងទៅ​​ចូល​រួមធ្វើជា​អធិបតី​ភាពបើកកម្មវិធីអង្គរសង្រ្កាន្តនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ