អ្នកកាសែតនិងបុគ្គលិកអង្គការត្រូវសមត្ថកិច្ចឃាត់ខ្លួនទាក់ទងបទល្មើសព្រៃឈើ

 សមត្ថកិច្ចខេត្ដព្រះវិហារ បានឃាត់ខ្លួនអ្នករាយការណ៍ព័ត៌មាន និងមន្ដ្រីអង្គការម្នាក់ ខណៈពួកគេចុះយកព័ត៌មាន និងថតរូបភាពទាក់ទងបទល្មើសព្រៃឈើរបស់ក្រុមហ៊ុនមួយនៅស្រុកគូលែន ដោយក្រុមហ៊ុននោះចោទថា យកព័ត៌មានគ្មានការអនុញ្ញាត។

ចាងហ្វាងកាសែតឆន្ទៈកូនខ្មែរលោក ពន តារាហ៊ុល ប្រាប់វីអូឌី នៅថ្ងៃពុធនេះថា កាលពីល្ងាចថ្ងៃទី១០ ខែឧសភានេះ អធិការនគរបាលស្រុកគូលែន លោក ឡាញ់ លីសៀវឡេង បានឃាត់ខ្លួនភ្នាក់ងាររបស់លោកម្នាក់ និងមន្រ្ដីម្នាក់ នៃអង្គការអភិរក្សជលផល បរិស្ថាន ព្រៃឈើកម្ពុជា។លោកថា ការឃាត់ខ្លួននេះតាមបណ្ដឹងរបស់ក្រុមមួយឈ្មោះគុប៉ូម៉ូនី ក្រោយពេលពួកគេថតរូប និងរាយការណ៍ព័ត៌មានពីបទល្មើសព្រៃឈើនៅក្នុងក្រុមហ៊ុននោះ។លោកបន្ដថា ជនសង្ស័យទាំងពីរនាក់ត្រូវអធិការដ្ឋាននគរបាលស្រុកគូលែន ដោយចោទថា យកព័ត៌មាននិងថតរូបនៅក្នុងក្រុមហ៊ុនគ្មានការអនុញ្ញាត។លោកមានប្រសាសន៍ថា៖ខ្ញុំយល់ឃើញថាអ្នកយកព័ត៌តែងយករូបភាពទៅចុះផ្សាយជូនសាធារណៈជនរឿងអីត្រូវហាមឃាត់បើសិនក្រុមហ៊ុនត្រូវ ដឹងថាវាខុសដែនព្រៃសម្បទានហើយកន្លែងព្រៃសហគមន៍ដែលបំរុងទុកជូនប្រជាពលរដ្ឋទៅជាមួយសហគមន៍អីហ្នឹងអ្នកយកព័ត៌មានគាត់តាមថតឡានអារ៉េវ៣គ្រឿងដឹកឈើយកទៅដាក់កន្លែងណាថតចេញពីក្រៅទៅដើម្បីឲ្យដឹងថាអាឡានហ្នឹងដឹកចេញពីព្រៃទៅយកដាក់នៅហ្នឹងដល់ពេលគេឃើញថតគេដកយកកាម៉េរ៉ាអស់ទៅ។

មន្រ្ដីអង្គការអភិរក្សជលផល បរិស្ថានព្រៃឈើកម្ពុជា លោក កែវ អ៊ីម ដែលសមត្ថកិច្ចឃាត់ខ្លួនឲ្យដឹងថា ក្រុមហ៊ុនបានកាប់បំផ្លាញឈើក្នុងព្រៃសហគមន៍ និងបានដឹកជញ្ជូនចូលស្ដុកទុកនៅក្នុងក្រុមហ៊ុនដោយរថយន្ដធំៗជាច្រើនគ្រឿង ដែលលោកសង្ស័យថាជាឈើខុសច្បាប់។លោកបន្ដថា នៅពេលឃើញបទល្មើសព្រៃឈើកើតឡើងគួរឲ្យបារម្ភនេះពួកគេនិងប្រជាសហគមន៍ជាច្រើនទៀត បានទៅថតយករូបភាពនិងទប់ស្កាត់ ប៉ុន្ដែត្រូវបុគ្គលិកក្រុមហ៊ុន ដកយកសំភារៈនិងលុបរូបភាពចោល។លោកបន្ថែមថា៖អូឈើធំៗណាស់ សុទ្ធិតែមុខហាមុខហុកមុខចិតមុខប៉ែតប្រវែពី៨ម៉ែត្រទៅ១០ម៉ែត្រមួយឡាអារ៉េគេដាក់បាន៥ទៅ៦កំណាត់មួយឡានហ្នឹង៦ទៅ៧គូនិយាយទៅគេថាពួកយើងខុសចូលទៅខុសលក្ខន្ដិកវិជ្ជាជីវៈអត់បានទៅសួរនាំគេព្រោះអីបរិស្ថានគេនៅការពារហ្នឹង បរិស្ថានហ្នឹងខោអាវគេផ្សេងអត់ដូចពួកខ្ញុំទេ។

VODមិនអាចទាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុនគុប៉ូម៉ូនី ដើម្បីសាក់សួរពីករណីនេះបានទេ ។

អធិការនគរបាលស្រុកគូលែន ខេត្ដព្រះវិហារលោក ឡាញ់ លីសៀវឡេង មានប្រសាសន៍ថា ការឃាត់ខ្លួននេះ ដោយសារក្រុមហ៊ុនគុប៉ូម៉ូនីចោទប្រកាន់ថាអ្នកកាសែត និងមន្រ្តីអង្គការនោះជំរិតទាប្រាក់ ប៉ុន្ដែទោះជាយ៉ាងណាលោកថា សមត្ថកិច្ចឲ្យត្រឡប់ទៅវិញហើយ ក្រោយពីព្រមធ្វើកិច្ចសន្យាបញ្ឈប់។

ប៉ុន្ដែករណីនេះ ភ្នាក់ងាររាយការណ៍ព័ត៌មានឲ្យកាសែតឆន្ទះកូនខ្មែរលោក គង់ គីម បានច្រានចោទពីការចោទប្រកាន់ថាពួកគេជំរិតទារប្រាក់នេះ។លោកបន្ដថា សមត្ថកិច្ចព្រមានមិនឲ្យពួកគាត់ចូលទៅកាន់តំបន់ក្រុមហ៊ុននោះបន្ដទៀត ទើបធ្វើការដោះលែងវិញ។លោកបន្ថែមថា៖អូរអត់មានយកលុយផងបាទអត់មានយកលុយទេធ្វើកិច្ចសន្យាមិនឲ្យចូលទៅកន្លែងហ្នឹងទៀតទេ។

ចាងហ្វាងកាសែតឆន្ទះកូនខ្មែរ ពន តារាហ៊ុល ថា កាលពីថ្ងៃទី០៩ខែឧសភានេះ អ្នករាយការណ៍ព័ត៌មានក្នុងស្រុកចំនួន៧នាក់ដែរ ត្រូវបានសមត្ថកិច្ចស្រុកគូលេនខេត្ដព្រះវិហារ ឃាត់ខ្លួនសាកសួររយៈពេលមួយថ្ងៃ ដោយសមត្ថកិច្ចចោទថា ពួកគេប្រមូលផ្ដុំគ្នាធ្វើបដិវត្ដន៍ពណ៌។ក្រោយពីសមត្ថកិច្ចសួរនាំ អ្នកកាសែតម្នាក់ទៀត ត្រូវបានបញ្ជូនទៅស្នងការតាមដីការតុលាការដោយចោទថា ជំរិតយកប្រាក់

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ