លោក មូន ជែអ៊ីន ស្បថ​ចូល​កាន់​តំណែង​ សន្យា​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​ថ្មីកូរ៉េ​ខាង​ត្បូង បាន​ស្បថ​ចូល​កាន់​តំណែង​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត ហើ​យ​ប្រកាស​ភ្លាមៗ​ផង​ដែរ​អំពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង​ជាមួយ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បេក្ខជន​ប្រធានាធិបតី​ប្រកាន់​ឆ្វេង លោក មូន ជែអ៊ីន ដែល​ជា​អតីត​មេធាវី​សិទ្ធិ​មនុស្ស​នោះ បាន​គាំ​ទ្រ​ការ​ចូលរួម​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ដំណើរការ​ស្វែង​រក​សន្តិភាព ដែល​ផ្ទុយ​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ។

លោក មូន បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ពិធី​ដ៏​សាមញ្ញ​មួយ នៅ​ក្នុង​អគារ​រដ្ឋ​សភា មួយ​ថ្ងៃ​ក្រោយ​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ជំនួស​អ្នកស្រី ផាក ហ្គឹនហេ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​អំណាច​កាល​ពី​ខែ​មីនា​កន្លង​មក​ដោយសារ​តែ​រឿង​អាស្រូវ​ពុក​រលួយ។

លោក មូន បាន​ថ្លែង​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ថា ប្រសិន​បើ​ចាំ​បាច់ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​វ៉ាស៊ីងតោន​ភ្លាមៗ។ លោក​បន្ត​ថា លោក​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង ទីក្រុង​តូក្យូ និង​សូម្បី​តែ​ទីក្រុង​ព្យុងយ៉ាង នៅ​ក្នុង​កាលៈទេសៈ​ត្រឹម​ត្រូវ។

លោក មូន បាន​លើក​ឡើង​ដូច្នេះ ក្រោយ​ពី​លោកនិយាយ​ថា លោក​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង ហើយ​លោក​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ចរចា​ជាមួយ​ចិន និង​អាមេរិក ជុំ​វិញ​ប្រព័ន្ធ​ការពារ​មីស៊ីល​ដ៏​ចម្រូង​ចម្រាស់។ លោក​បាន​សន្យា​ធ្វើ​ជា​ប្រធានាធិបតី​ដ៏​កក់​ក្ដៅ​មួយ​រូប និង​ជា​បុគ្គល​ម្នាក់​ដែល​ជា​មិត្ត​ភក្តិ​នៅ​ក្នុង​គ្រា​លំបាក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ