ក្រសួងពាណិជ្ជកម្មព្រមានវិធានការច្បាប់លើអ្នកដកស្រង់សម្តីរដ្ឋមន្ត្រីខុស

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំមួយនៅទីស្តីការក្រសួង កាលពីចុងឆ្នាំ២០១៧។ រូបភាព៖ ជន ចាន់រ៉ែន

ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការច្បាប់លើបុគ្គលដែលមានចេតនាបកស្រាយ​សម្តីរដ្ឋមន្ត្រីស្ថាប័ន​នេះខុស​​ពីការ​ពិត​ ​​ទាក់ទងការតម្លៃនៃការប្រើប្រាស់​ប្រេងឥន្ធនៈនៅកម្ពុជា​។

ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការច្បាប់លើបុគ្គលដែលមានចេតនាបកស្រាយ​សម្តីរដ្ឋមន្ត្រីស្ថាប័ន​នេះខុស​​ពីការ​ពិត​ ​​ទាក់ទងតម្លៃនៃការប្រើប្រាស់​ប្រេងឥន្ធនៈនៅកម្ពុជា​។

ក្នុង​វីដេអូឃ្លីបរបស់​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ដែលគេចែករំលែកលើបណ្តាញសង្គម​តៗគ្នា​កាលពីថ្ងៃទី៩ ខែឧសភា នេះថា ប្រជាពលរដ្ឋ​ភាគច្រើន​ដែលជិះរថយន្ត​ និង​ម៉ូតូខ្លះ ចាក់សាំងធម្មតា ខណៈសាំង​ស៊ុបពែរ​សម្រាប់​អ្នកមាន​​ចាក់ឡានទំនើប។ ករណីនេះ​លោក​ថា ក្រសួង​យកចិត្តទុកដាក់​ជួយត្រួតពិនិត្យ​លើសាំងធម្មតា​ឲ្យមាន​គុណភាព​​ជូនប្រជាពលរដ្ឋក្រីក្រ។

ទោះជាបែបនេះក្តីមានអ្នកប្រើប្រាស់​បណ្តាញសង្គមមួយចំនួនបានសរសេរសារ ឬបកស្រាយ​ថា សាំងធម្មតា សម្រាប់​លក់ឲ្យ​​អ្នកក្រ រីឯសាំងស៊ុបពែរសម្រាប់លក់ឲ្យអ្នកមាន។

ឆ្លើយតបនឹង​បញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក សុខ សុភ័ក្ត បានថ្លែងក្នុង​សន្និសីទសារព័ត៌មាន​នា​ព្រឹក​​ថ្ងៃនេះថា ក្រសួងនឹងចាត់វិធានការច្បាប់លើបុគ្គលឬប្រព័ន្ធផ្សព្វផ្សាយណា ដែលដកស្រង់សម្តី​រដ្ឋមន្ត្រី​បំភ្លឺខុស​ពី​ការ​​​ពិ​​ត​ ដោយថាកុំឲ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋ។ លោកថ្លែងបែបនេះថា«ប្រសិនបើការបំផ្លើសមានទំហំធំ ផលប៉ះពាល់ទៅដល់អស្ថេរភាពសង្គម ឬក៏ចលាចលនៅក្នុងសង្គម ហើយប្រសិនបើការបំផ្លើសវាមានអង្គការចាត់តាំងត្រឹមត្រូវ ដែលធ្វើឲ្យសម្រាប់តែបំផ្លើស យើងនឹងចាត់វិធានការ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា  ពលរដ្ឋមួយចំនួនមានចំណេះដឹងនៅក្នុង​កម្រិត​ទាបនៅឡើយ ករណីនេះក្រសួងមិនគួរចាត់វិធានការច្បាប់លើអ្នកដែលនិយាយខុស​នោះទេ លោកថាគួរតែ​រកវិធី​អប់រំ ឬផ្សព្វផ្សាយ​​តាមប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋ កុំឲ្យពួកគាត់មានការភាន់ច្រឡំលើករណី​នេះ។

លោកមានប្រសាសន៍ថា«គ្រាន់តែរឿងប៉ុណ្នឹងទៅចាត់វិធានការផ្លូវច្បាប់…ក៏មិនមែនជាការប្រសើរដែរ ខ្ញុំថាត្រឹមតែការពន្យល់ប៉ុណ្នឹង ហើយមានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត អាចព្យាយាមពន្យល់ទៅជារបស់រដ្ឋច្រើន ពន្យល់តាមរយៈហ្នឹងទៅអាចជួយបានច្រើន»

ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ង៉ែត ម៉ូសេ ផ្តល់ជាអនុសាសន៍ថា ដើម្បើដោះស្រាយ​បញ្ហានេះកុំឲ្យកើតឡើងបន្តទៀត  ស្ថាប័ន​រដ្ឋត្រូវ​បើកវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីអប់រំពួកគេឲ្យយល់ពីព័ត៌មានប្រភេទណាដែលត្រូវ​ផ្សព្វផ្សាយ កុំឲ្យប៉ះ​ពាល់​​ដល់​កិត្តិយស​បុគ្គល​ឬស្ថាប័នរដ្ឋ។ លោកមានប្រសាសន៍ថា«អាចជជែកគ្នាបើកវេទិកា ឬក៏ការធ្វើវគ្គខ្លីៗបង្រៀនគាត់ទៅ ជៀសវៀងកើតឡើងម្តងទៀតថ្ងៃនេះកើតឡើងជាមួយអ្នកនេះ ថ្ងៃក្រោយកើតឡើងផ្សេងៗទៀត ដូច្នេះយើងមិនអាចដោះស្រាយមួយករណីម្តងៗបានទេ»

តម្លៃលក់រាយក្នុងរយៈពេលជាង១១ថ្ងៃចុងក្រោយនេះ តម្លៃសាំងធម្មតាបានឡើងដល់៤១០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ៣៩០០​រៀលក្នុងមួយលីត្រ ខណៈដែលសាំងស៊ុបពែរនៅតាមស្ថានីយខ្លះឡើងដល់ ៤៥០០រៀល​ក្នុង​មួយ​លីត្រ។ ការ​ឡើងថ្លៃនេះ ស្របគ្នានឹងការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ ត្រូវបាន​ប្រជាពលរដ្ឋមួយចំនួនសម្តែង​ចម្ងល់ និង​ទាម​ទា​រឱ្យមានការបកស្រាយពីក្រសួងស្ថាប័នជំនាញ។ ប៉ុន្តែមន្ត្រីក្រសួងពាណិជ្ជកម្មនៅតែអះអាងថា កម្ពុជាមិនអាច​បញ្ចុះតម្លៃប្រេងឥន្ធនៈបានទេ ដរាបណានៅលើពិភពលោកមិនចុះថ្លៃ ខណៈកម្ពុជា​នាំប្រេងនេះពីក្រៅប្រទេស​ផងដែរ​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។