អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ជំរុញទៅក្រសួង​ឲ្យ​ពន្លឿនដំណោះ​ស្រាយ

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដីជាថ្មីទៀត​ ថ្ងៃទី ១១ មិថុនា ២០១៨ (ថតដោយ ឃុត សុគន្ធ)

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វា បាន​ជំរុញទៅក្រសួងរៀបចំដែនដី ឲ្យ​ពន្លឿនការ​ដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ខណៈវិវាទនោះបានអូសបន្លាយ​អស់​រយៈ​ពេល ៨ឆ្នាំ​មក​ហើយ​នោះ។

ពលរដ្ឋប្រមាណ ២០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដីជាថ្មីទៀត​នៅថ្ងៃនេះ ដើម្បីសុំទៅរដ្ឋមន្រ្តី​លោក ជា សុផារ៉ា ឲ្យ​ដោះស្រាយបញ្ចប់វិវាទដីធ្លីនៅខណ្ឌជ្រោយចង្វា។

តំណាងពលរដ្ឋ លោក​ ជា សុផាត ប្រាប់វីអូឌីនៅ​កន្លែងតវ៉ាថា ពលរដ្ឋជាង ១០០គ្រួសារនៅខណ្ឌជ្រោយចង្វាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC តាំងពីឆ្នាំ២០១១ ខណៈក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគក្រុងរណបនៅទីនោះ។

លោកបន្តថា ក្រោមគម្រោងអភិវឌ្ឍន៍ដែលធ្វើឲ្យប៉ះពាល់ដីធ្លីពលរដ្ឋនេះ គឺសាលារាជធានីភ្នំពេញដោះស្រាយ​សំណងផលប៉ះពាល់ឲ្យតែ ១០%​ប៉ុណ្ណោះ ខណៈក្រុមពលរដ្ឋទាមទារឲ្យឃ្វាលជាស្បែកខ្លាសម្រាប់ដីលំនៅឋាន និងដីស្រែចំការសុំសំណង ៥០%នៃដីដែលខ្លួនកាន់កាប់ ហើយបើទិញលក់ត្រូវគិតតាមតម្លៃទីផ្សារ។

សកម្មភាពឯកឧត្តម គាត់បានជួយច្រើនណាស់សម្រាប់ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅទូទាំងប្រទេស ប៉ុន្តែ ចំពោះពួកខ្ញុំមួយឯកឧត្តមមិនទាន់មាន​ចំណាត់ការអ្វីទាំងអស់។ អញ្ចឹង សុំឲ្យក្រសួងដែនដោះស្រាយផលប៉ះពាល់របស់ពួកខ្ញុំដោយវិធីណាមួយផង ព្រោះពួកខ្ញុំលំបាកវេទនាណាស់

តំណាងពលរដ្ឋ លោក​ ជា សុផាត

ពលរដ្ឋសក់​ស​វ័យ ៥៧ឆ្នាំម្នាក់ទៀត លោក ស៊ុន ប៉ុនសុង និយាយថា ដី​ស្រែ​ចម្ការ​របស់​លោក​ជាង ៦​ពាន់​ម៉ែត្រ​ការ៉េ បាន​រង​ផល​ប៉ះ​ពាល់ ខណៈ​ដែល​លោកអះអាងថា បានកាន់កាប់តពីដូនតា និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានតាំងពីឆ្នាំ១៩៧៩មកម៉្លេះ។

បុរសមានកូនក្នុងបន្ទុកចំនួន៩នាក់រូបនេះ ឲ្យដឹង​បន្ថែមថា ចាប់តាំងពីក្រុមហ៊ុនបូមខ្សាច់ពន្លិចមក គ្រួសារគាត់គ្មានដីធ្លីសម្រាប់បង្កបង្កើនផលទៀតទេ ដែលធ្វើឲ្យគ្រួសារគាត់ជួបបញ្ហាជីវភាព។

លោកបន្ថែមថា៖ «កាលមុន ខែទឹកស្រកយើងស្ទូង ក្រោយស្ទូងចប់ ចូលខែ១ យើងដាំពោត ហើយយើងប្រមូលផលពោត​អស់ យើង​ព្រួស​​ល្ងទៅ តែក្រោយមកគេបូមខ្សាច់លុបចោលអស់ហើយ។ វាប៉ះពាល់ដល់គ្រួសារខ្ញុំខ្លាំងណាស់ កាលមុន យើងបានស្រូវបានអង្ករ យើងរកលុយទិញតែម្ហូបបានហើយ តែឥលូវទិញគេមួយចប់ ខ្ញុំមានអីទៀត ឥលូវរត់ម៉ូតូឌុបហ្នឹង»។

មន្រ្តីរដ្ឋបាលក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានប្រាប់ទៅក្រុមពលរដ្ឋឲ្យរៀបចំញត្តិសារថ្មីដើម្បីសុំជួបជាមួយរដ្ឋមន្រ្តី លោក ជា សុផារ៉ា នៅពេលក្រោយ។

វិអូឌីមិនទាន់បានសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន OCIC បាន​ទេ​ជុំវិញវិវាទនេះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញគ្មានគោលការណ៍អ្វីថ្មីសម្រាប់ដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋនៅសេសសល់នោះទេ។

យើងមិនមានគោលការណ៍អ្វីថ្មីទេ ក្នុងការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋយើងហ្នឹង ដោយសារយើងបានធ្វើជាច្រើនឆ្នាំមកហើយ និងត្រូវបានដោះស្រាយបានជាច្រើនដែរ។ អញ្ចឹងដូចមិនមានគោលការណ៍អ្វីថ្មីទេ បើមានអ្វីថ្មី ចុះអ្នកដែលទទួលបានសំណងហើយហ្នឹង គិតថា គាត់មានយោបល់យ៉ាងមេចទៅ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី

ក្រុមពលរដ្ឋអះអាងថា ពួកគាត់ ១៣៤គ្រួសារដែលភាគច្រើនជាមន្រ្តីរាជការ មានមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC នៅខណ្ឌជ្រោយចង្វា តាំងពីឆ្នាំ២០១១ ក្នុងទំហំដីប្រមាណជាង ១០០ហិកតាទៀតដែលមិនទាន់បានដោះស្រាយចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ