អាមេរិក​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ម៉ត់ចត់និង​មិនលម្អៀង​ ករណីបាញ់សម្លាប់​លោក កែម ឡី​

សពរបស់លោក កែម ឡី(រូបថត៖ កាន់​ វិច្ឆិកា)

ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវឲ្យអាជ្ញាធរស៊ើបអង្កេតឲ្យម៉ត់ចត់និងមិនលម្អៀង ក្នុងករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម។

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកកាលពីថ្ងៃអាទិត្យនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

លោក JOHN KIRBY អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែកក្កដា ដោយបានលើកឡើងថា៖ ”យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងករណីនេះនិងបានកត់សម្គាល់ផងដែរពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានការស៊ើបអង្កេតនិងសូមអំពាវនាវឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតក្នុងករណីនេះដោយម៉ត់ចត់និងមិនលម្អៀង”។

លោក JOHN KIRBYបន្ថែមថាក្រសួងការបរទេសក៏ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពរបស់លោក កែម ឡី ផងដែរ។ លោកបញ្ជាក់ថា៖ ”យើងមានការរន្ធត់និងបារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានស្តីពីការបាញ់សំលាប់ដ៏រន្ធត់លើអ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ។ យើងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រែមក្រំនិងស្មោះស្ម័គ្រដល់ក្រុមគ្រួសារ មិត្ត ភ័ក្តិនិងសហការីរបស់លោក បណ្ឌិត កែមឡី”។

នៅថ្ងៃចន្ទនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកការធ្វើឃាតលោក កែម ឡី ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលនិងថានេះជា”ការផ្ចាញ់ផ្ចាល”មួយដល់រដ្ឋាភិបាល។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទុកពេលឲ្យស្ថាប័នមានសមត្ថកិច្ចស្រាវជ្រាវករណីនេះ រកជនដៃដល់និងជនឃុបឃិតមកផ្តន្ទាទោស។

លោក ហ៊ុន សែន ក៏អំពាវនាវកុំឲ្យមានការលាបពណ៌ថាករណីនេះជារឿងនយោបាយ។ លោកមានប្រសាសន៍ថា៖ “អ្វីទៅដែលហៅថាជាការខាតបង់? នេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្តង? តើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើង នៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងនិយាយអំពីសន្តិសុខនិងសុវត្ថិភាពប្រជាពលរដ្ឋ។ ចំណុចនេះ ខ្ញុំគិតថាវាហាក់ដូចជាការផ្ចាញ់ផ្ចាលមួយសម្រាប់យើង”

ក្រោយពីការបាញ់សម្លាប់ ខ្មាន់កាំភ្លើងម្នាក់ដែលគេអះអាងថាជាអ្នកបាញ់លោក កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យដោយថាខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារលោកបណ្ឌិត កែម ឡី មានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ និងមានស្រុកកំណើតនៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃពុំបានបញ្ជាក់ពីមូលហេតុនៃបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី នោះឡើយ ដោយគ្រាន់តែប្រាប់ថាជនដៃដល់ធ្លាប់ទៅរស់នៅនិងធ្វើជាកម្មករនៅចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ។

ភរិយារបស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានប្រាប់វីអូឌីកាលពីថ្ងៃអាទិត្យថាប្តីរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណានោះទេ។ អ្នកស្រីបានច្រានចោលការលើកឡើងថាលោក កែម ឡី ជំពាក់លុយគេមិនសង។ អ្នកស្រីចាត់ទុកករណីនេះជារឿងនយោបាយ។

លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំសហជីពដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០០៤ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យនៅកន្លែងឃាតកម្មបាញ់សម្លាប់លោក កែម ឡី ថាករណីនេះមិនទាក់ទងទៅនឹងរឿងឯកជនរបស់លោក កែម ឡី នោះទេ។ លោកមានប្រសាសន៍ថា៖ “មិនមែនជារឿងឯកជនទេ! សុំទោសតែហ្មង។ អ្នកណាថាជារឿងឯកជន ឆ្កួតចំហើយ! ” ។

គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក កែម ឡី ត្រូវបានសារព័ត៌មានផ្សេងៗហៅសម្ភាសន៍ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Wintess)ពីរឿងជំនួញធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ