បទយកការណ៍៖ ពល​រដ្ឋស្ទើរតែអស់ជំនឿ​លើ​រដ្ឋាភិបាល​ចំពោះ​យុត្តិ​ធម៌​លោក កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

សំឡេងគ្រាប់​កាំភ្លើង​បានលាន់​ឮកណ្តាល​រាជធានី​ភ្នំពេញ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​កម្ពុជា ដោយបាន​​ផ្តាច់​ជិវិត​អ្នក​វិភាគបញ្ហា​សង្គ​ម​ដ៏ល្បីមួយរូប នៅព្រឹក​ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៦។

ការ​បាត់​បង់​ជីវិត​លោកបណ្ឌិត កែម ឡី ​ធ្វើ​ឲ្យប្រជា​ពល​រដ្ឋ​ជា​ច្រើន​លាន​នាក់​បានសម្តែង​ការសោក​ស្តាយ​ ចំពោះបុរសដែលចូលចិត្តនិយាយការពិតរូបនេះ។ ពលរដ្ឋនៅតែទទួចឲ្យ​​រក​ឃាតកពិត និងអ្នកនៅពីក្រោយឃាតកម្មនោះ បើ​ទោះ​បី​រដ្ឋាភិបាលបាន​ចាប់បុរសម្នាក់ ដោយ​ចោទថាជាអ្នកបាន​បាញ់​សម្លាប់​លោក ​កែម​ ឡី ដោយ​សារគំនុំ​ផ្ទាល់​ខ្លួន​ក៏​ដោយ។

​ថ្ងៃ​ទី​១០ កក្ក​ដា ឆ្នាំ២០១៧ គឺជា​បុណ្យ​គម្រប់​ខួប​១ឆ្នាំ​នៃការ​ស្លាប់​លោក កែម ឡី។ មនុស្ស​ម្នាជា​ច្រើ​នរយនាក់​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នេះនៅស្រុកកំណើតរបស់លោកនៅឃុំលាយបូ ស្រុកត្រាំ​កក់ ខេត្តតាកែវ។

អ្នក​ចូល​រួម​ទាំង​នោះ​មាន​គ្រប់​វ័យទាំង​ចាស់​ទាំង​ក្មេង និង​មាន​អ្នក​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ក៏​បាន​មក​ចូលរួម​ផង​ដែរ។ អ្នក​ទាំង​នោះ​និយាយថា​ការ​បាត់​បង់​ជីវិត​លោក ​កែម ឡី ជា​ការ​បាត់​បង់​បញ្ញាវ័ន្ត​ខ្មែរ​មួយ​រូប ក៏​ដូច​ជាបាត់​បង់​នូវ​ទ្រព្យ​ធន​ដ៏​សំខាន់​របស់​ជាតិ​មួយ​ផង​ដែរ។ ពួកគេ​សោកស្តាយ​ និង​ចង់​រក​ឃើញ​ឃាត​ករ​ពិត​នៃ​ឃាត​កម្ម​នេះត្រូវបាននាំមកកាត់។

កំពុ​ងអានសម្រង់​សំដីលោក កែម ឡី ដែល​ត្រូវបាន​គេ​ដាក់​តាំង​នៅក្នុង​រោង​មុខផ្នូរ​សព​លោក​ កែម ឡី គឺអ្នក​ស្រី​ ចឹម សេរី អាយុ៥៨​ឆ្នាំ និយាយថាអ្នក​ស្រី​មិន​ត្រឹម​តែ​អស់​ជំនឿចំពោះការរក​យុត្តិ​ធម៌​ឲ្យលោក ​កែម ឡី ទេ សូម្បី​តែ​យុត្តិ​ធម៌​សម្រាប់​អ្នក​​ស្រី​ក៏មិនមា​ន​ដូច​គ្នា។ អ្នក​ស្រី​ថា​បច្ចុប្បន្ន​អ្នក​ស្រី​រស់​នៅ​ដូច​ជាគ្មាន​រដ្ឋាភិបាល​ជួយ​ការ​ពារ​ ដោយ​ថា​ប្រព័ន្ធ​តុលាការ ក៏​ដូច​ជា​យុត្តិ​ធម៌​សង្គមគឺ​គ្មាន​ទេ​សម្រាប់​អ្នក​ក្រ។

អ្នក​ស្រី​ថា៖ «ខ្ញុំ​រស់​សព្វ​ថ្ងៃ​តែ​ម្នាក់​ឯង​បង​ក៏​ស្លាប់​ ពុក​ក៏​ស្លាប់ម្តាយក៏​ស្លាប់​ សព្វ​ថ្ងៃ​ខ្ញុំ​រស់​ដូច​ថា​ពឹង​តែ​ម្នាក់​ឯង​ចឹង​ ដូច​ថារស់​ដូច​មាន់​ចឹង​រស់​ម៉ាកេ។ ដល់​ពេល​ជិវិត​ខ្ញុំ​ចង់​ពឹង​អ្វី​មួយ​ធ្វើ​អ្វី​មួយ​ចឹង​ដូចថា​មិន​បាន​សម្រេច​ណា ហើយ​ខ្ញុំ​ស្តាប់​មើល​ទៅ​ក្នុង​សង្គម​សព្វថ្ងៃ​ដូច​គ្មាន​យុត្តិធម៌ ចំពោះ​អ្នក​តូច​តាច​ដូច​យើង​អញ្ចឹង​ណា មិន​អាច​រក​យុត្តិ​ធម៌​បាន​ដល់​អញ្ចឹង​ខ្ញុំ​ដូច​អត់​មាន​អារម្មណ៍។ សព្វ​ថ្ងៃ​ខ្ញុំ​អត់​មា​ន​អារម្មណ៍ដូច​ថាតក្កល់​ខ្លួន​ថា​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​ខ្ញុំមាន​សេចក្តី​សុខ ដូច​ថា​អត់​ពឹង​ណា អត់​ពឹង​ហ្មង»។

កំពុងអង្គុយ​ស្មឹង​ស្មាធ​មើល​ទៅ​ក្រុម​មនុស្ស​ដែល​មក​ចូល​រួម ដែល​មើល​ទៅ​ហាក់​កំពុង​នឹក​ស្រណោះ​ដល់​រឿងអ្វី​មួយ អ្នក​ស្រី ហួន យឹម អាយុ​៦៥​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​អ្នក​​ស្រី​មក​ពិធី​បុណ្យ​សព​គម្រប់​១​ឆ្នាំ​របស់​លោក​ កែម​ ឡី​ តាំង​ពី​ព្រឹក។ អ្នក​ស្រី​ថារហូត​មក​ដល់​ពេល​នេះ​អារម្មណ៍​រន្ធត់ និង​ព្រួយ​បារម្ភ​នៅ​តែ​កើត​មាន​ចំពោះ​អ្នក​ស្រី​ពី​ឃាតកម្ម​នេះ​នៅ​ឡើយ។ អ្នកស្រី​ថា​រន្ធត់គឺដោយ​សារ​តែ​គាត់​ព្រួយ​បារម្ភព្រោះ​ខ្លាច​កើត​មានករណី​នេះ​ទៅ​លើ​អ្នក​ផ្សេង​ទៀត។ អ្នក​ស្រី​មិន​មា​ន​សង្ឃឹម​​ទៅ​លើការរក​យុត្តិ​ធម៌​សម្រាប់​លោក ​កែម ឡី ក៏​ដូច​ជា​យុត្តិ​ធម៌សង្គម​នោះ​ទេ ។

អ្នកស្រី​ថា៖ «ក្នុង​ឆាក​ជិវិត​នេះ​វា​អស់​សង្ឃឹម​តែម្តង​! ប្អូន​ដឹង​ទេ​កាលណា​សង្គម​មួយវា​សុខ​សន្តិភាព តែសង្គម​ជាតិ​អត់​យុត្តិ​ធម៌​អូន​យក​ធ្វើ​អី ត្រូវ​ការ​អី? អញ្ចឹង​អំណាចវា​ចេះ​តែ​ហក់ឡើង​ហើយ​បើ​នៅ​តែ​បាត់​បង់​យុត្តិ​ធម៌។… អ្នក​ដែល​ស្លាប់​ក្រៅប្រព័ន្ធតុលាការ​មិន​មែន​មួយ​ទេ​ណា​ច្រើន​ណាស់​ណា បើ​រាប់​ទៅ​ខ្ញុំ​ខ្ចឹលរាល់​ អាហ្នឹង​និយាយ​ពីរឿង​សម្លាប់​បាញ់​ហ្នឹង​អាវុធ​នោះ​គឺ​ច្រើនណាស់​ណា អញ្ចឹ​ងបើ​សិន​ជា​រក​នៅ​តែ​មិនឃើញ​ទាល់​តែ​សង្គម​នោះ​ផ្លាស់​ប្តូរ បាន​សុខ​ទាំង​អស់​គ្នា​ហើយ​យើង​ក៏​មិន​ចង់​កម្មចង​ពៀរ ឲ្យ​សុខ​បន្ត​ទៀតជំនាន់​ក្រោយ​បន្តទៀត»។

ពល​រដ្ឋនៅ​ខេត្ត​តាកែវ លោក ឡេង ចិន្តា អាយុ​៣៦​ឆ្នាំ ដែល​បាន​ស្គាល់​លោក ​កែម ឡី តាម​រយៈការ​វិភាគ​របស់​លោក​តាម​វិទ្យុ​មួយ​ចំនួន​ ថា​លោក​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់​បង់​បញ្ញា​ជន​ខ្មែរ​ដូច​លោក​ កែម ឡី នេះ។ លោកថា លោក​មិន​មាន​ជំនឿថា​រដ្ឋាភិបាល​មួយនេះ​អាច​រក​យុត្តិ​ធម៌​បាន​ឡើយព្រោះ​១ឆ្នាំទៅ​ហើយ​ពន្លឺ​នៃ​យុត្តិ​ធម៌​សម្រាប់​លោក កែម ឡី ​គឺគ្មាន​អ្វី​ប្រែ​ប្រួល​ជាជាង​ការ​ដែល​ចាប់​បាន «ជួប សម្លាប់» ​ម្នាក់​តែ​ប៉ុណ្ណោះ។

លោក​ថា​៖ «ខ្ញុំ​មើល​ឃើញ​ថា​ការ​ចាប់​ឃាត​កនេះ​បើ​មើល​រូបភាព​ជាក់ស្តែង គឺ​មើល​ទៅ​ឃើញ​ថា​ជា​ឃាត​កសប្បនិមិត្ម​សុទ្ធសាធ បើ​យើង​ពិនិត្យ​តាំង​ពី​ស្បែក​ជើង​តាំង​ពី​នេះ​ឡើង​ទៅ​ អញ្ចឹង​ខ្ញុំ​ឃើញ​ថាយុត្តិ​ធម៌សម្រាប់​អ្នកស្លូត​ត្រង់​តាង​ពី​លោក​ជាវិជ្ជា លោក​ ឈុត វុទ្ធី​ មក​ខ្ញុំ​ឃើញ​ថាអត់​មាន​ទាល់​តែ​សោះ​ហ្មង​សម្រាប់​អ្នក​តស៊ូ​មតិ​ក្នុង​សង្កម​ខ្មែរយើង​ សម្រាប់​អ្នក​ដែល​ស្រលាញ់​ជាតិ​ស្រលាញ់​ទឹក​ដី​ពិតប្រាកដ​ខ្ញុំ​មើល​ឃលញ​ថា​អត់​មានយុត្តិ​ធម៌​ទាល់​តែ​សោះ​សម្រាប់​ពួកគាត់ ខ្ញុំ​គិត​ថា​អ្នក​នៅពីក្រោយ​ដែល​ជា​ឃាត​ករ​ពិត​ប្រាកដ​គឺ​នៅ​តែ​អត់​ទាន់​ចាប់​បាន» ។

លោក​ថា​ដោយ​សារ​តែ​គ្មាន​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម​នេះហើយ​ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នៅ​ទទួល​រង​ការ​រិះគន់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយភាព​និង​មុខ​មាត់​របស់​ខ្លួន​ជា​ខ្លាំង។

ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​១ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ​កែម ឡី ម្តាយ​បង្កើត​របស់​លោកគឺ​អ្នកស្រី ភោគ សេ មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មា​ន​វី​អូ​ឌី​ថា អ្នកស្រី​នៅ​តែ​នឹក​រលឹក​កូន​អ្នកស្រី​ជាខ្លាំង។ អ្នក​ស្រី​ថា លោក កែម ឡី ​ស្លាប់​ទៅគឺ​គ្មាន​យុត្តិ​ធម៌​នោះ​ទេ ហើយ​រដ្ឋាភិបាល​មួយ​នេះ​ហាក់​មិន​ចង់​រក​យុត្តិ​ធម៌​ដល់​កូន​អ្នក​ស្រី​ឡើយ​។

អ្នកស្រី​ថា៖ «បួង​ថា​ឲ្យ​កូន​កើត​ជាតិ​ក្រោយ​កុំ​នៅ​ឋាន​នេះ​ កើត​នៅ​ឋានលើ​ទៅ​កុំ​នៅ​ឋាន​ក្រោម។ … ចង់​នោះ​វា​ចង់​ហើយ តែ​គេ​នោះ​នៅមិន​ធ្វើ​មិន​រក​យុត្តិ​ធម៌​ឲ្យ​ក៏​ដូច​ជា​ដូចយ៉ង​ម៉េច នៅ​តែ​ស្ងៀត​ស្ងាត់​ឲ្យ​ឈឹង​អញ្ចឹង​ទៅ មិន​និយាយអី​ទៅ។ អត់​រំពឹង​សោះ(យុត្តិ​ធម៌)!»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានលើក​ឡើងប្រាប់​អ្នកសារ​ព័ត៌មាន​តាម​តេឡេក្រាមនៅថ្ងៃខួប១ឆ្នាំនៃឃាតកម្មនេះ​​ថា សំណុំរឿងលោក កែម ឡី លោកមិនពន្យល់ច្រើនទេ ដោយ​លោក​ថា​ជា​រឿង​សំងាត់​នៃការស៊ើបសួរ និងអំណាចឯករាជ្យ​របស់​តុលាការ​សម្រាប់​ចំណាត់​ការ​រឿង​ក្តី​ព្រហ្មទណ្ឌ។

ការ​ស្ទង់​មតិមួយ​ដែល​​បាន​សាក​សួរ​ទៅ​កាន់​មនុស្ស​​ដែល​ជា​សំណាក​ចំនួន ៥៣៧៩​នាក់ នៅ​ចន្លោះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦ ដែល​បាន​​ស្ទង់មតិថា​តើឃាតកម្មលោកកែម ឡី ធ្វើឲ្យអ្នកមាន​ជំនឿប៉ុណ្ណា​ទៅ​​​លើនី​តិ​រដ្ឋ​នៅ​​កម្ពុជា? ក្នុង​នោះ​មានតែ១៨​ភាគរយទេឆ្លើ​យថា ពួកគេមានជំនឿខ្លាំង​ថាកម្ពុ​ជា​មានយុត្តិធម៌។ ប៉ុន្តែ៦៦ភា​គ​រយទៀត ឆ្លើ​យ​​ថា គ្មានជំ​នឿទៅលើយុត្តិធម៌នៅកម្ពុជាទេ។

សម្រាប់ករណី ឃាតកម្ម លោក កែម ឡី តុលាការកម្ពុជាបានកាត់ទោសបុរស អឿត​ អាង ហៅ ​ជួប សម្លាប់ ដាក់ពន្ធនាគារមួយជីវិត ដោយថាជាអ្នកបាញ់សម្លាប់លោក កែម ឡី។

ប៉ុន្តែនៅចំពេលខួប១ឆ្នាំនៃឃាតកម្មនេះ ​អង្គការ​ជាតិនិង​អន្តរជាតិ​ជិត២០០​ស្ថាប័ន បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ដោយ​​ស្នើ​ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេតឡើងវិញ ជុំ​វិញ​​ឃាតកម្ម​​​លោក​បណ្ឌិត កែម ឡី នេះដោយពួកគេហៅការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំ​ជម្រះ​កន្លងមកថា មិន​ទាន់​គ្រប់​គ្រាន់ ដោយសារ​តែមាន​តែ​ជន​សង្ស័យ​ឈ្មោះ អឿត អាង តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទា​ទោស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​មាន​សមាជិកនៃអង្គការសហប្រជាជាតិប្រមាណ៥រូប​ផង​ដែរ​ បាន​ទាម​ទារ​​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​​​មួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​បើក​ការ​ស៊ើប​អង្កេត​បន្ថែមទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃថា​ចំណាត់​ការ​របស់​កម្ពុជា​ចំពោះ​ករណីឃាត​កម្ម​​លោក​ កែម ឡី មា​នគ្រប់​គ្រាន់​ហើយ ដោយ​មិន​ត្រូវ​ការ​អន្តរជាតិ​មក​ចូលរួមស៊ើប​អង្កេ​ត​​បន្ថែម​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ