អនុប្រធាននាយកដ្ឋានពត៌មាននៃក្រសួងកិច្ចការនារី លោកស្រី ប៉ែន គន្ធា មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយអនឡាញ ជាចំណែកមួយ ក្នុងការផ្សព្វផ្សាយពត៌មានអំពីអំពើហិង្សាលើស្ត្រីដោយថា រឿងនេះអាចនាំប្រជាជនកើតមានគំនិតហិង្សា ក្រោយមើលនិងអានព័ត៌មានទាំងនោះ ព្រមទាំងធ្វើឲ្យប៉ះពាល់ផ្លូវចិត្តជនរងគ្រោះ និង សាច់ញាតិជនរងគ្រោះផង។
លោកស្រីបានថ្លែងបែបនេះ នៅក្នុងពិធី ការជួបជុំសិក្ខាសាលាមួយ ដែលធ្វើការផ្សព្វផ្សាយស្តីពី «ប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ដី្រ» រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១១សីហា។ កម្មវិធីនេះ មានការចូលរួមពីអ្នកកាសែតមកពីស្ថាប័នផ្សេងៗគ្នា មានគោលបំណងពិភាក្សា អនុវត្តក្រមប្រតិបត្តិនេះ ឲ្យមានប្រសិទ្ធភាព និង ស្វែងរកវិធានការបន្ថែមលើការអនុវត្ត។
កាលពីថ្ងៃទី២០ខែកក្កដា កន្លងទៅ ក្រសួងចំនូន២ គឺ ក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី បានចុះហត្ថលេខារួមគ្នាលើក្រមប្រតិបត្តិមួយនេះ មានគោលបំណងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានលំអិតទាក់ទងអំពើហិង្សាលើស្ត្រី ការយកករណីអំពើហិង្សាលើស្ដ្រី ទៅធ្វើជាការកម្សាន្ដ លុបបំបាត់អំពើហិង្សាលើស្ដ្រី និងអនុវត្តផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។
ទាក់ទងការផ្សព្វផ្សាយព័ត៌មានអំពីការប្រព្រឹត្តអំពើហិង្សាលើស្រ្តី តាមប្រព័ន្ធអនឡាញ លោកស្រី ប៉ែន គន្ធា មានប្រសាសន៍ថា រឿងនេះ មានឥទ្ធិពលណាស់ ដោយថា បើផ្សព្វផ្សាយបានត្រឹមត្រូវ នឹងផ្តល់ផលល្អ ហើយ បើផ្សព្វផ្សាយខុសវិជ្ជាជីវៈ នឹងធ្វើឲ្យប៉ះពាល់ដល់សង្គម ប៉ះពាល់ជនរងគ្រោះ ហើយនិងបង្កើតគំនិតហឹង្សាដល់អ្នកមើលព័ត៌មាននោះផង។
លោកស្រីថា ៖ «សម័យនេះ ជាសម័យទំនើប អ្នកណាក៏អាចប្រើអ៊ីនធឺណិតបាន…។ អញ្ចឹង វាធ្វើឲ្យប៉ះពាល់ ប៉ះពាល់យ៉ាងម៉េច គឺនៅពេលក្រុមគ្រួសារគាត់បានឃើញ ឬក៏អ្នកផ្សេងឃើញ គេថា អ៊ូ! ស្ត្រីម្នាក់នេះត្រូវបានគេរំលោភ ឬ កូនអ្នកនេះ ត្រូវបានគេរំលោភសំលាប់ អញ្ចឹង តើវាបានប៉ះពាល់ដូចម្តេចខ្លះដល់អារម្មណ៍របស់គាត់…ហើយចុះ អ្នកបានចូលមើលអនឡាញនោះយ៉ាងម៉េចដែរ…ហើយការផ្សព្វផ្សាយទាំងនេះដែរក៏ មានលក្ខណៈបណ្តុះគំនិតហឹង្សាទៀត ចំពោះអ្នកមើលព័ត៌មានទាំងនោះ»។
នៅក្នុងការពិភាក្សានោះ អ្នកដែលធ្វើការក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយមិនថា ទូរទស្សន៍ កាសែត វិទ្យុ ឬ ប្រព័ន្ធអនឡាញ មិនត្រូវផ្សព្វផ្សាយព័ត៌មានដែលទាក់ទងអំពើហិង្សាលើស្រ្តីណាដែលមានបញ្ជាក់ អត្តសញ្ញាណជនរងគ្រោះ អាស័យដ្ឋានជនរងគ្រោះ សកម្មភាពឧក្រិដ្ឋ រូបភាពលំអិតរបស់ជនរងគ្រោះ ឬ ពត៌មានណាដែលធ្វើឲ្យប៉ះពាល់ដោយផ្ទាល់លើជនរងគ្រោះ។
ដោយសង្គេតឃើញពីការផ្សព្វផ្សាយពាក់ព័ន្ធអំពើហិង្សាលើស្រ្តីនៅលើបណ្តាញសង្គម អនុរដ្ឋលេខាធិកាក្រសួងពត៌មាន លោក អ៊ុក គឹមសេង ក៏បានណែនាំឲ្យអ្នកយកពត៌មានតាមអ៊ីនធឺណិត ក៏ដូចជា អ្នកបង្ហោះតាមបណ្តាញសង្គម ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងដោយគោរពក្រមប្រតិបត្តិនេះ ដោយគោរពសិទ្ធិស្ត្រី។ ក្រៅពីនេះ លោកថា ក្រសួងពត៌មាននឹងមានវិធានការបន្ថែម កោះហៅប្រព័ន្ធផ្សព្វផ្សាយទាំងនោះមកណែនាំ។
លោកថា៖ «គឺថា បើប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានចុះបញ្ជីក្នុងក្រសួងព័ត៌មាន ក្រសួងមានសិទ្ធិកោះហៅធ្វើការណែនាំ បន្ថែមពីក្រមប្រតិបត្តិនេះ ហើយចំពោះការផ្សព្វផ្សាយជាបុគ្គល គឺយើងពឹងផ្អែកទៅលើសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលក្រសួងនេះ ហើយដែលជាអ្នកមានសិទ្ធិក្នុងការគ្រប់គ្រងរាល់សកម្មភាពខុសឆ្គងរបស់ពលរដ្ឋ»។
បើតាមរបាយការណ៍ ស្តីពីការប្រើប្រាស់ទូរស័ព្ទ និង អ៊ិនធឺណិត ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៦ របស់ USAID ប្រជាជនខ្មែរប្រមាណពាក់កណ្តាល មានប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន យ៉ាងហោចណាស់ក៏មានម្នាក់មួយដែរ។ របាយការណ៍ បានបន្តទៀតថា អ្នកទាំងអស់នោះ អាចភ្ជាប់និងប្រើប្រាស់អ៊ីនធឺណិត បាន ជាពិសេសបណ្តាញសង្គម៕