ខណៈការបោះឆ្នោតជាតិនៅសល់មិនដល់មួយឆ្នាំផងនោះ អ្នកតាមដានពីបញ្ហានយោបាយមើលឃើញថា រលកប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានរាំងខ្ទប់។
ពួកគេថា ការរាំងខ្ទប់នោះ ដោយសារតែបក្សកាន់អំណាច បានបញ្ជាឲ្យបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់អាមេរិក បញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ជាដើម។
ថ្វីបើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចោទលោក កឹម សុខា ថាមានទោសក្បត់ជាតិក៏ដោយ ប៉ុន្តែសហគមន៍អន្តរជាតិមួយចំនួនដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី និងបារាំងជាដើម ដែលជាប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ បានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា លើកលែងតែប្រទេសមហាអំណាចចិនមួយគត់ បានគាំទ្រចំណាត់ការមួយនេះ។
អ្នកតាមដានមួយចំនួនក៏បានពន្យល់ផងដែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ មិនត្រឹមតែជំរុញឲ្យកម្ពុជាឈប់បង្ហូរឈាមគ្នាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចព្រមព្រៀងដែលមានប្រទេសទាំង១៨ រួមទាំងមហាអំណាចទាំង៥ផងនោះ ពួកគេមានកាតព្វកិច្ចតាមដាន និងជំរុញកម្ពុជា ឲ្យប្រកាន់ភ្ជាប់ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈរៀបចំការបោះឆ្នោត សេរី ត្រឹមត្រូវ និងយុត្តិធម៌ លើយន្តការជ្រើសរើសមេដឹកនាំ។ ពោលគឺការដណ្តើមអំណាចគ្នា ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតមួយ ដោយសេរី មានតម្លាភាព ដែលអាចឲ្យសហគមន៍ជាតិ និងឲ្យអន្តរជាតិ ជឿទុកចិត្តបាន។
កម្តៅនយោបាយនៅកម្ពុជាពេលនេះមានសំនួរជាច្រើន បានចោទសួរថា តើប្រតិកម្មរបស់សហគមន៍អន្តរជាតិ ដែលឃ្លាំមើលការវិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា អាចជំរុញឲ្យបក្សកាន់អំណាចដោះលែង លោក កឹម សុខា ឲ្យចូលរួមប្រកួតការបោះឆ្នោត ដោយតម្លាភាពនៅឆ្នាំ២០១៨ ឬក៏អត់?
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា គេពិបាកនឹងនិយាយថា ពេលនេះ អ្នកនយោបាយកំពុងតែចង់ធ្វើអីពិតប្រាកដ។ ប៉ុន្តែលោកវិភាគថា បើពិនិត្យមើលពីដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា នៅពឹងផ្អែកទៅលើបណ្តាប្រទេសលោកសេរីស្ទើរទាំងស្រុងនៅឡើយនោះ លោកថារបត់នយោបាយមិនអាចពឹងលើមហាអំណាចចិនតែម្នាក់បានទេ។ លោកវិភាគបន្តថា ដំណោះស្រាយនយបោយតាមការចង់បានរបស់សហគមន៍អន្តរជាតិ ដែលប្រកាន់ប្រជាធិបតេយ្យ នៅតែមានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជា។
លោកថា៖ «បើតាមទស្សនៈខ្ញុំ គិតប្រហែលជាគេ[រដ្ឋាភិបាល]មិនទុកទេ គេឲ្យចូលរួមការបោះឆ្នោតហើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ រុញបញ្ហាហ្នឹងកាន់តែខ្លាំង ទាមទារឲ្យមានការដោះលែង ឬក៏មានសហគមន៍អន្តរជាតិរុញ។ ហើយបើសិនជាអត់មានការដោះលែង គឺពិបាកក្នុងការបង្ហាញទៅអន្តរជាតិថា ការរៀបចំការបោះឆ្នោតហ្នឹង វាប្រព្រឹត្តិទៅសមភាព ដោយបរិយាកាសនយោបាយល្អ អាហ្នឹងវាពិបាកបង្ហាញគេ មធ្យោបាយបង្ហាញមានការលំបាក»។
លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា កម្តៅនយោបាយនៅពេលនេះ ហាក់បានរុញសហគមន៍អន្តរជាតិឲ្យហក់ចូលកម្ពុជា ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោត២០១៨ទៅវិញទេ។
លោកថា៖ «បច្ចុប្បន្នវាតានតឹង វាបង្ហាញទៅសាធារណជន ឬគណបក្សប្រឆាំងមានការលំបាក ក្នុងការបញ្ចេញមតិ ប៉ុន្តែវាក៏ជាកត្តាមួយជំរុញដល់ការជំនះឲ្យបរិយាកាសនៃការរៀបចំការបោះឆ្នោត ឬក៏ការចាប់អារម្មណ៍ពីអន្តរជាតិហ្នឹង មានការកើនឡើង អញ្ចឹងបញ្ហានេះអាចជាលក្ខខណ្ឌមួយ ធ្វើឲ្យគណបក្សប្រឆាំងហាក់មានអ្នកជួយ គេហៅថា ត្រួតពិនិត្យមើលនៃដំណើរការបោះឆ្នោតនៅឆ្នាំក្រោយ ហើយវា អាចជំរុញការបោះឆ្នោតនៅឆ្នាំក្រោយប្រសើរឡើងល្អជាងមុន»។
អ្នកវិភាគនយោបាយជើងចាស់មួយរូប គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ចំណាត់ការនានារបស់រដ្ឋាភិបាលនៅពេលនេះ បានបង្ហាញថារបត់នយោបាយកំពុងបំលែងរដ្ឋធម្មនុញ្ញទៅជារបត់ដឹកនាំបែបប្រទេសកម្មុយនីស្ត ទប់ស្កាត់មិនឲ្យគណបក្សតូចឡើងមកប្រកួតដោយស្មើភាពបាន។
ប៉ុន្តែលោក ឡៅ ម៉ុងហៃ វិភាគថា កម្ពុជាទំនងជាពិបាកធ្វើទៅរួច ដោយសារតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានចងបណ្តាប្រទេសមួយចំនួន រួមទាំងអង្គការសហប្រជាតិ ឲ្យបន្តតាមដានពីការវិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «ក្នុងនោះក៏មានចែងថា ប្រទេសហត្ថលេខីទាំងអស់ សន្យាធ្វើឲ្យប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស ហើយនឹងត្រូវមានយន្តការដោះស្រាយ បើសិនជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ប្រទេសជាហត្ថលេខី នៃប្រទេសណាមួយ អាចលើកបញ្ហានេះ ទៅអង្គការសហប្រជាជាតិ ឲ្យបញ្ចប់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះ»។
ទោះជាយ៉ាងណានៅថ្ងៃទី១១ខែកញ្ញា តំណាងរាស្ត្របក្សប្រឆាំង បានទៅប្រមូលផ្តុំគ្នានៅមុខពន្ធនាគារ ខេត្តត្បូងឃ្មុំ ប្រឆាំងនឹងការឃុំខ្លួនមេដឹកនាំរបស់ខ្លួន ខណៈតំណាងរាស្ត្របក្សកាន់អំណាចបើកកិច្ចជុំវិសាមញ្ញដោយឯកតោភាគី សម្រេចឲ្យអាជ្ញាធររដ្ឋ បន្តនីតិវិធីករណីចាប់ខ្លួនលោក កឹម សុខា។
ករណីនេះ លោក ឯម សុវណ្ណារ៉ា វិភាគដែរថា ដំណើរអ្នកតំណាងរាស្ត្របក្សប្រឆាំង ទៅកាន់មណ្ឌលឃុំខ្លួនលោក កឹម សុខា អាចជាសញ្ញាណមួយទៀតរំឭកដល់អ្នកគាំទ្រថា យុទ្ធនាការតាមតវ៉ាតាមដងផ្លូវនៅពេលខាងមុខ អាចនឹងជៀសមិនផុត ក្នុងករណីចាំបាច់ណាមួយ ដើម្បីជំរុញការដោះលែងនេះ។
លោកថា៖ «គណបក្សសង្គ្រោះជាតិ យើងឃើញចរន្តមួយ គឺការទាមទារដើរទៅជួបប្រធានបក្សរបស់ខ្លួននៅត្រពាំងផ្លុង នេះជាយន្តការមួយជំហានដំបូង នេះជាពញាក់ឲ្យមហាជនគាំទ្រខ្លួនឯងហ្នឹង មានការចាប់អារម្មណ៍ហើយ អញ្ចឹងបើមានពលរដ្ឋចូលរួមកាន់តែច្រើន បញ្ហាផ្សេងៗរដ្ឋាភិបាល នឹងឆ្លើយតបហើយមិនអាចនៅស្ងៀមបានទេ»។
ទោះជាយ៉ាងណានៅលោក ហ៊ុន សែន បានព្រមានថ្មីទៀតថា គណបក្សប្រឆាំងនឹងត្រូវរំលាយចោល មុនការបោះឆ្នោត បើតុលាការរកឃើញកំហុសថា លោក កឹម សុខា បានប្រព្រឹត្តទង្វើក្បត់ជាតិនោះ។
អ្នកវិភាគនយោបាយមួយរូបទៀត គឺលោកបណ្ឌិត មាស នី លើកឡើងទាំងប្រយ័ត្នប្រយែងថា ស្ថានការណ៍នយោបាយពេលនេះ ហាក់កំពុងជាប់ផុង ពិបាកនឹងថយក្រោយ បើពុំមានសម្ពាធធ្ងន់ធ្ងរណាមួយកើតឡើងទេ លោកថាស្ថានការណ៍នយោបាយពិបាកនឹងត្រឡប់ក្រោយ។
ប៉ុន្តែលោក មាស នី វិភាគថា បើគណបក្សកាន់អំណាចជ្រើសរើសយកយន្តការរំលាយបក្សប្រឆាំង ដូចការគំរាមមែន លោកថា បក្សកាន់អំណាចនិងមានហានិភ័យខ្ពស់ផងដែរ ទាក់ទិននឹងសម្ពាធអន្តរជាតិកាន់តែខ្លាំង។
លោកថា៖ «ហានិភ័យខ្ពស់នៅត្រង់ថា កាលណារំលាយសង្គ្រោះជាតិ គ.ជ.ប ក៏លែងមានដំណើរការ ហើយក្រុមប្រឹក្សាឃុំសង្កាត់អីហ្នឹង ក៏ត្រូវរំលាយបន្តបន្ទាប់គ្នា ដល់អញ្ចឹងទៅ វានាំឲ្យរដ្ឋាភិបាលហ្នឹង វាហៅថាលែងគ្រប់ខ្នាត វាលែងមានអ្វី ជាភាពស្របច្បាប់ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ»។
បើតាមអ្នកវិភាគ បើដង្ហើមសេដ្ឋកិច្ច និងប្រភពទីផ្សារនាំចេញរបស់កម្ពុជា នៅពឹងផ្អែកទាំងស្រុងលើបណ្តាប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ រួមទាំងកិច្ចព្រមព្រៀងនានា ជាមួយអង្គការសហប្រជាជាតិ ស្តីពីយន្តការប្រជាធិបតេយ្យនោះ ពួកគេថាមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចនឹងត្រូវបានដោះលែង ឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៨ បើមានសម្ពាធពីអន្តរជាតិ និងសម្ពាធនៅក្នុងប្រទេស៕