គណបក្សប្រឆំាង បានឲ្យដឹងថា តំណាងរាស្ត្របក្សកាន់អំណាច បានស្នើសុំវិសោធនកម្មច្បាប់ចំនួនបួន ដោយថា ជាការបើកផ្លូវ ដើម្បីយកអាសនៈនៅសភារបស់គណបក្សណា ដែលនឹងរំលាយដោយតុលាការ ទៅចែកអោយគណបក្សផ្សេង តាមរូបមន្តសមាមាត្រ ខណៈតុលាការកំពូល កំពុងពិនិត្យបណ្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អេង ឆៃអ៊ាង ផ្សាយកាលពីថ្ងៃទី១០តុលាម្សិលមិញ សេចក្តីស្នើវិសោធនកម្មច្បាប់ ទំាងនោះរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
លោក អេង ឆៃអ៊ាង សរសេរថា៖ «ខ្លឹមសារ នៃការសុំធ្វើវិសោធនកម្មច្បាប់ ទំាងបួននេះ គឺយកអាសនៈរបស់គណបក្ស ដែលត្រូវរំលាយ ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រ ដែលចែងក្នុងច្បាប់ទំាងបួនខាងលើ»។
បើតាមទំព័រហ្វេសប៊ុកដដែល តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អះអាងថា សេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានទៅដល់រដ្ឋសភាហើយ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងប្រជុំសម្រេចតាមនីតិវិធី នៅថ្ងៃទី១២ខែតុលា ស្អែកនេះ។
ទោះជាយ៉ាង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីម្សិលមិញ ក្រុមតំណាងរាស្ត្រគណបក្សប្រឆំាង ថា នឹងមិនចូលប្រជុំ សម័យប្រជុំសភាលើកទី៩ នីតិកាលទី៥ នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០១៧។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី នៅថ្ងៃនេះថា សភានឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំពេញអង្គនៅថ្ងៃស្អែកនេះ ដោយថា ដើម្បីពិនិត្យលើសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួន តាមការចង់បានរបស់ក្រុមតំណាងរាស្រ្តបក្សកាន់អំណាច។ ប៉ុន្តែ លោកថា បើក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មិនចូលរួមប្រជុំ ជាសិទ្ធិរបស់ពួកគេ។
លោកនិយាយថា៖ «ជារឿងរបស់គាត់ធ្វើជាធម្មតា គាត់ធ្វើពហិការ គាត់ធ្វើជាអ្នកទទួលខុសត្រូវ ខ្ញុំមិនចង់អត្ថាធិប្បាយទេ…គេធ្វើបាន គេប្រជុំបានតាមច្បាប់ ដោយសារ គេកំណត់កូរ៉ុម គ្រាប់គ្រាន់ដើម្បីប្រជុំបាន»។
នៅពេល វីអូឌីសួរថា តើសេចក្តីស្នើកែច្បាប់នេះ អាចធ្វើបានដែរ ឬទេ លោក ឡេង ប៉េងឡុង សុំមិនបកស្រាយបន្ថែម ដោយបង្វែរសំនួរទៅសួរលោក ជាម យៀប វិញ។
វីអូឌី មិនអាចទាក់ទង លោក ជាម យៀប បានទេ។
ចំណែក លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា បើសភា ធ្វើវិសោធនកម្មច្បាប់ទាំងបួនមែន នឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្តថា៖ «ឥឡូវនេះ គេចង់ធ្វើអ្វីក៏បានដែរ ដើម្បីសម្របតាមការចង់បាន គឺយកឈ្មោះថា ធ្វើតាមច្បាប់ ប៉ុន្តែការបកស្រាយតាមច្បាប់កន្លងមក វាខុសគ្នាពីអ្វី ដែលយើងរៀនពីសាលារៀន រៀនពីគ្រូ រៀនពីគម្ពីមក»។
លោក ហុង គឹមសួន ឲ្យជាយោបល់ថា ដំណាក់កាលនេះ អ្នកនយោបាយបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ត្រូវរកដំណោះស្រាយ ដោយធ្វើយ៉ាងណាប្រកួតប្រជែងគ្នា តាមរយៈការបោះឆ្នោត។
ដោយឡែក នៅព្រឹកថ្ងៃទី១១ ខែតុលានេះ មុនប្រជុំសភាមួយថ្ងៃ លោក ហ៊ុន សែន បានយកពិធីចុះជួបកម្មករ ថ្លែងសារនយោបាយ ថា នឹងរំលាយបក្សមួយនៅក្នុងសភា នៅពេលឆាប់ៗនេះ ដោយនេះទំនងជាលោកសំដៅទៅគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា ក្រោយពីរំលាយ នឹងកើតគណបក្សចំនួន៥ផ្សេងទៀត ដើម្បីឲ្យកម្ពុជាកាន់តែមានដំណើរការលទ្ធិប្រជាធិបតេយ្យល្អប្រសើរ៕