លោក គល់ បញ្ញា ៖ការរំលាយគណបក្សនៅថៃមិនមានដកហូតអាសនៈនោះទេ

រូបភាពពីហ្វេសប៊ុក​លោក​ គល់ បញ្ញា​ នាយកប្រតិបត្តិនៃ អង្គការ ខុមហ្វ្រែល

នាយកប្រតិបត្តិ អង្គការ ខុមហ្វ្រែល ជាអង្គការដែលធ្វើការលើកស្ទូយការបោះឆ្នោត​នៅកម្ពុជាឲ្យប្រកបដោយភាពសេរីនិងត្រឹមត្រូវបានលើកឡើងថា ដំណើរការរំលាយគណបក្សនៅក្នុងប្រទេសថៃមិនមានការដកហូតអាសនៈនោះទេ។​

លោក គល់ បញ្ញា សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៨ខែវិច្ឆិកាថា កាលពីឆ្នាំ២០០៧ មានករណីរំលាយគណបក្សកាន់អំណាចនៅក្នុងប្រទេសថៃ ប៉ុន្តែថាអាសនៈគណបក្សនោះមិនត្រូវបានរំលាយ ឬ ដកហូតនោះទេ។​​

លោកសរសេរថា«ករណីរំលាយគណបក្សកាន់អំណាចរបស់លោកថាក់ស៊ីនឈ្មោះ ថៃរ៉ាក់ថៃ ( TRT) ដោយតុលាការធម្មនុញ្ញ ប៉ុន្ដែតំណាងរាស្ត្រ និងមន្ត្រីជាប់ឆ្នោតឬ អាសនៈនៃគណបក្សនេះមិនត្រូវបានរំលាយ ឬដកហូត។ តំណាងរាស្ត្រនៃគណបក្សនេះក៏បានក្លាយជាតំណាងរាស្ត្ររបស់គណបក្សថ្មីឈ្មោះ ភឿថៃ(PTP) »

លោក គល់ បញ្ញា ក៏បានលើកឡើង​ទៀតថា នៅប្រទេសមួយចំនួន​ពេលតំណាងរាស្រ្តស្លាប់ ឬ លាលែងពីតំណែងគេបោះឆ្នោតឡើងវិញ ដើម្បីឲ្យប្រាកដថា តំណាងទាំងនេះកើតចេញពីឆន្ទៈរបស់រាស្ត្រ។​

លោកបន្តថា « តំណាងរាស្ត្រកើតចេញពីឆន្ទៈរបស់ម្ចាស់ឆ្នោតដែលមិនត្រូវបានរំលាយ​ដោយការរំលាយគណបក្សទេ ហើយឆន្ទៈរាស្ត្រក៏មិនអាចផ្ទេរទៅឲនរណាម្នាក់ដែលមិនបានរើសដោយម្ចាស់ឆ្នោតដែរ»

ការលើកឡើងរបស់លោក គល់ បញ្ញា ពេលនេះស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាកំពុងតែឈានទៅរកការរំលាយគណបក្សប្រឆាំង។ នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការ តាមបណ្តឹងរបស់ក្រសួង​មហាផ្ទៃដែល​ប្តឹង​សុំ​ឲ្យរំលាយគណបក្សសង្គ្រោះជាតិ។

លោកហ៊ុន សែនធ្លាប់លើកឡើងថា គណបក្ស​ប្រជាជ​នកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេល​ដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល បើមិនមានបក្សណាទទួលយក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ