អ្នកជំនាញសារព័ត៌មានជំរុញឲ្យអ្នកនាំពាក្យស្ថាប័នរដ្ឋពង្រឹងការបំពេញតួនាទី

វេទិកាស្ដីពី «អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ពេជ្រ ចំរុង)

អ្នកជំនាញផ្នែកសារព័ត៌មានបានជំរុញឲ្យអ្នកនាំពាក្យនៅតាមស្ថាប័ននានារបស់រដ្ឋ ឲ្យពង្រឹងការបំពេញតួនាទីបន្ថែមទៀត ដើម្បីផ្តល់ព័ត៌មាន​ពិតឲ្យបានគ្រប់គ្រាន់ទៅដល់ប្រជាពលរដ្ឋ។​

អ្នកជំនាញផ្នែកសារព័ត៌មានបានជំរុញឲ្យអ្នកនាំពាក្យនៅតាមស្ថាប័ននានារបស់រដ្ឋ ឲ្យពង្រឹងការបំពេញតួនាទីបន្ថែមទៀត ដើម្បីផ្តល់ព័ត៌មាន​ពិតឲ្យបានគ្រប់គ្រាន់ទៅដល់ប្រជាពលរដ្ឋ។​

ក្នុងវេទិកាមួយស្ដីពី «អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃសុក្រនេះ គ្រូបង្រៀនផ្នែកសារព័ត៌មាន​ លោក ឆាយ សុផល រិះគន់ថា ការអនុវត្តតួនាទីរបស់អ្នកនាំពាក្យនៅមានកម្រិត ដោយថា អ្នកសារព័ត៌មាន​ និងស្ថាប័នព័ត៌មានខ្លះ ជួបប្រទះការរើសអើង និងពិបាកទាក់ទងអ្នកនាំពាក្យនៅក្រសួង និងស្ថាប័នរដ្ឋមួយចំនួន។

លោកជំរុញអ្នក​នាំ​ពាក្យ​នៅ​តាម​ស្ថាប័ន ឬ​ក្រសួង​នីមួយៗ​ របស់​រដ្ឋាភិបាល ធ្វើយ៉ាងណាបង្កភាពងាយស្រួល ដើម្បីឲ្យអ្នកសារព័ត៌មាន អាចស្វែងរកព័ត៌មាន និងផ្សព្វផ្សាយជូនសាធារណជន។

លោកថា៖ «ទំនាក់ទំនងរវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មាននៅពេលបច្ចុប្បន្ន សម្រាប់ខ្ញុំ ខ្ញុំគិតថា នៅថ្នាក់ជាតិ គឺនៅមានកម្រិតនៅឡើយ ក្រសួងមួយចំនួនគឺល្អ ប៉ុន្ដែ ក្រសួងខ្លះ នៅតែមិនទាន់ស្គាល់ ថាតើអ្នកសារព័ត៌មានជានរណានៅឡើយ ឬកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន»។

​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ហ៊ុយ វណ្ណៈ បាន​ជំរុញ​ទៅ​អ្នក​នាំ​ពាក្យ​មួយ​ចំនួន​ឲ្យសកម្ម​ឡើង​វិញ ជុំ​វិញ​ការ​បំពេញ​តួនាទី​របស់​ពួកគេ។

នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធ ជំរុញទៅអ្នកសារព័ត៌មាន ឲ្យព្យាយាមទាក់ទងប្រភព និងអ្នកនាំពាក្យ ឲ្យអស់លទ្ធភាព មុននឹងចុះផ្សាយអត្ថបទរបស់ខ្លួន។ យ៉ាងណាក៏ដោយ លោកថា អ្នកសារព័ត៌មាន គួរមានការយោគយល់ និងគិតគូរពីទុក្ខលំបាករបស់អ្នកនាំពាក្យផងដែរ។

លោកថា៖ «នៅពេលដែលអ្នកនាំពាក្យ ក៏ដូចជាក្រសួងមន្ទីរ ត្អូញត្អែរអំពីអ្នកកាសែតយើងធ្វើខុសក្រមសីលធម៌វិជ្ជាជីវៈអីហ្នឹង តាមពិតទៅយើងបានព្យាយាមបណ្ដុះបណ្ដាលអ្នកសារព័ត៌មានយើងគ្រប់ជំនាញវិជ្ជាជីវៈទាំងអស់ សម្រាប់អ្នកយកព័ត៌មានខ្លះ នៅពេលដែលគាត់ទូរសព្ទទៅអ្នកនាំពាក្យ ទៅកាន់ប្រភពព័ត៌មាន ទៅក្រសួងមន្ទីរនានាតែម្ដង ឬ២ដង គាត់ដាក់ថា ប្រភពព័ត៌មាន មិនអាចទាក់ទងបាន»។

ក្នុងវេទិកានោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ស្របថា មន្ដ្រី និងអ្នកនាំពាក្យនៅថ្នាក់ជាតិមួយចំនួន មិនហ៊ានឆ្លើយនិងសំណួរអ្នកសារព័ត៌មានទេ ដោយថា ពួកគេក្ដាប់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ និងខ្លះរើសអើងចំពោះស្ថាប័នតូចតាច។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ជំរុញទៅអ្នកនាំពាក្យផ្សេងទៀត កុំខ្លាចអ្នកសារព័ត៌មានចោទសួរ ដោយថា ត្រូវនិយាយការពិត ដើម្បីជាប្រយោជន៍រដ្ឋាភិបាល និងប្រជាពលរដ្ឋ។

លោកថា៖ «មន្ដ្រីតាមខេត្ត តាមក្រសួង លោកតែងមានបញ្ហាក្ដាប់ព័ត៌មានមិនសូវបាន អញ្ចឹងចង់គេចមុខ នាំឲ្យខាតផលប្រយោជន៍ ក្នុងនាមយើងជាមន្ដ្រីគណបក្ស ក៏ដូចជារបស់រាជរដ្ឋាភិបាល កាលណាយើងគេចមុខខាតបាត់ហើយ ខាត១០០ភាគរយ។ ទី២ គេថា ខ្ញុំចូលវិទ្យុតូចកំប៉ិចកំប៉ុកអញ្ចឹងធ្វើអី ខ្ញុំថា ទៅដើម្បីគេសួរ គេផ្សព្វផ្សាយ ដល់មហាជនឲ្យគេយល់»។​

កន្លងមក ក្រុមអ្នកសារព័ត៌មាន បានរិះគន់មន្ដ្រីនាំពាក្យមួយចំនួន ថា ពិបាកក្នុងការទាក់ទង ដូចជានៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងការបរទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម។ ប៉ុន្ដែ ពួកគេក៏បានកោតសរសើរចំពោះមន្ដ្រីនាំពាក្យផ្សេងទៀតផងដែរ ដូចជា អ្នកនាំពាក្យគណបក្សប្រជាជន និងអ្នកនាំពាក្យនៅសាលារាជធានីភ្នំពេញជាដើម​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។