តុលាការ​ផ្តន្ទាទោស​ស្ត្រី​ដែល​ចោទ​លោក ហ៊ុន សែន ថា​សម្លាប់​លោក ​កែម ឡី

ស្ត្រី​ឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ ដែល​ជា​ម្ចាស់​គណនី​ហ្វេស​បុក ឈ្មោះ ហេង លក្ខិណា (ប្រភព៖ Fresh News)

សាលា​ដំបូង​រាជ​ធានីភ្នំពេញ​កាលពីម្សិលមិញបានសម្រេចផ្តន្ទាទោសស្ត្រី​ដែល​ចោទ​លោក​ ហ៊ុន សែន ថា​បាន​សម្លាប់​លោក កែម ឡី ឲ្យ​ជាប់​ពន្ធនាគារ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១លាន​រៀល។

ស្ត្រី​ឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ ដែល​ជា​ម្ចាស់​គណនី​ហ្វេស​បុក ឈ្មោះ ហេង លក្ខិណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាល​ពី​ព្រឹក​ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៧ ក្រោយ​ពីគាត់​និយាយ​តាមហ្វេសប៊ុកថា ​លោក​ ហ៊ុន សែន និង​ក្រុម​គ្រួសា​រថាបាន​ប្រលាក់​ឈាម សម្លាប់​លោក​ កែម ​ឡី។ បន្ទាប់​ពី​ចាប់ខ្លួន​១ថ្ងៃ​ ស្រ្តីរូបនោះត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ «ញុះ​ញង់ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រឹដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និងមាត្រា៤៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ»។

ក្នុង​សវនាការ​សាលា​ដំបូង​រា​ជ​ធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ចៅ​ក្រមជំនុំជម្រះ​លោក អ៊ី ឋាវរៈ បាន​សម្រេចផ្ទន្ទាទោសឈ្មោះ​ ហ៊ីន វ៉ាន់ស្រីពៅ ឲ្យ​ជាប់​ពន្ធ​នាគារ​១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១លាន​រៀល​បង់​ចូល​ថវិការរដ្ឋ និង​បាន​បើក​ផ្លូវ​ឲ្យហ៊ីន វ៉ាន់​ស្រីពៅ ប្តឹង​ឧទ្ធរណ៍​តាម​ការកំណត់​របស់​ច្បាប់​ផង​ដែរ។

​ទាក់​ទង​នឹង​រឿង​ក្តីដូច​​គ្នា​នេះ មាន​មនុស្ស​៤​នាក់​ហើយ​ដែល​ត្រូវ​បាន​តុលាការឃុំខ្លួន និងចោទប្រកាន់បន្ទាប់ពីពួកគេ​ចោទ​ប្រកាន់​ថា «លោក​ ហ៊ុន​ សែន​ ថា​ជា​អ្នក​ពាក់ព័ន្ធសម្លាប់​លោក​ កែម ​ឡី»។ ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​ដូចជាអ្នក​វិភាគ​បញ្ហា​សង្គម លោក គឹម​ សុខ សមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រឆាំង លោក​ស្រី ថាក់ ឡានី ជា និង​លោក សម រង្ស៊ី​​ ក៏​ត្រូវ​បានឃុំខ្លួន និង​​ចោទ​ប្រកាន់ក្នុង​​រឿង​ស្រដៀង​គ្នា​នេះ​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ