កម្មករដេកយាមសម្ភាររោងចក្រមួយនៅភ្នំពេញ​ បន្ទាប់ពីឮថាថៅកែរត់ចោល​មិនផ្តល់សំណង

កម្មកររោងចក្រ Benoh Apparel ដេកយាមសម្ភារ ការពារកុំឲ្យមានការដឹកសម្ភារចេញពីក្រុមហ៊ុន  (ឃុត សុគន្ធ)

កម្មកររោងចក្រ Benoh Apparel ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្តុះការតវ៉ាដេកយាមមុខរោងចក្ររយៈពេលជិត១០ថ្ងៃហើយ ដើម្បីការពារកុំឲ្យមានការដឹកសម្ភារចេញពីក្រុមហ៊ុន បន្ទាប់ពីឮថាថៅកែរត់ចោលមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

ខណៈកំពុងញាំបាយជុំគ្នាប្រហែលម៉ោង៨យប់នៅកន្លែងដេកយាមមុខរោងចក្រ កម្មករផ្នែកដេរអ្នកស្រី ពន នាង ប្រាប់វិអូឌីថា ពួកគាត់បាននាំគ្នាដេកយាមនៅមុខរោងចក្រនេះរយៈពេល៩យប់ហើយ ដើម្បីការពារកុំឲ្យថៅកែលួចដឹកសម្ភារចេញបន្ថែមទៀត។

អ្នកស្រីអះអាងថា ថៅកែរោងចក្របានព្យួរការងារកម្មកររយៈពេលពីរខែ និងថា ខណៈកម្មករសម្រាកអត់ធ្វើការងារនោះថៅកែបានលួចដឹកសម្ភារល្អៗអស់ពីក្រុមហ៊ុន ហើយពេលក្រុមកម្មករចូលធ្វើការងារវិញ រដ្ឋបាលរោងចក្រប្រាប់ថា ថៅកែបានរត់ចោលដោយមិនបានទុកលុយសម្រាប់ទូទាត់ប្រាក់អត្ថប្រយោជន៍ជូនកម្មករឡើយ។

អ្នកស្រីបន្ថែមថា «ពួកខ្ញុំតវ៉ានេះ គឺសុំឲ្យអាជ្ញាធរជួយស្វែងរកថៅកែចេញមកដោះស្រាយតែគេមិនដឹងទៅអីណាទេ ហើយតំណាងនៅក្នុងរោងចក្រហ្នឹងក៏ឆ្លើយដែរថា គេមិនដឹងទៅរកអីណាទេ បើថៅកែរត់ចោលបាត់ហើយមានតែលក់ម៉ាស៊ីនឡាយឡុងចែកលុយគ្នាទៅ។ ម៉ាស៊ីនហ្នឹងបើសិនជាលក់បានតិចតួចម្នាក់ទេម៉ាស៊ីនចាស់ៗហ្នឹង អាថ្មីៗលួចដឹកចេញអស់ហើយហ្នឹង គេថាមិនបិទៗទេ ប៉ុនែ្តពេលកម្មករអត់ធ្វើការងារលួចដឹកម៉ាស៊ីដេរធំៗ ម៉ាស៊ីនភ្លើងធំៗលួចដឹកអស់រលឹងហើយហ្នឹង ឥលូវបានលុយអីចែក កម្មករបានបួនដប់រៀលម្នាក់យកធ្វើអី»។

កម្មករម្នាក់ទៀតអ្នកស្រី រឹម សៅលាប និយាយថា រយៈពេលកម្មករតវ៉ានេះ ពួកគាត់បានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយដែរ ប៉ុន្តែមិនមានដំណោះស្រាយទេ ដោយអាជ្ញាធរទាំងនោះបានត្រឹមតែមកប្រាប់កុំឲ្យពួកគាត់តវ៉ាដោយខុសច្បាប់ប៉ុណ្ណោះ។

អ្នកស្រីបន្តថា រយៈពេលថៅកែព្យួរការងារ និងមិនទូទាត់ប្រាក់អត្ថប្រយោជន៍ជូននេះ បានធ្វើពួកគាត់ជួបបញ្ហាលំបាក់ក្នុងជីវភាពរស់នៅយ៉ាងខ្លាំង ដូចជា គ្មានលុយបង់ថ្លៃផ្ទះជួល ទឹកភ្លើង និងការចំណាយប្រចាំថ្ងៃជាដើម។

អ្នកស្រីបន្ថែមថា «ជួបផលលំបាក់ ធម្មតានៅភ្នំពេញវាមានក្មេងស្ទាវដល់អញ្ចឹងកម្មករក៏យើងភ័យខ្លាចដែរដើម្បីលុយកម្មករត្រូវតែតស៊ូបើយើងអត់តស៊ូគ្មានអ្នកណាតស៊ូឲ្យយើងទេដើម្បីបានលុយព្រោះអីថៅកែរត់អញ្ចឹង។ ពួកខ្ញុំមិនដឹងថា ទៅរកថៅកែនៅទីណាទេ អញ្ចឹងមានតែអាជ្ញាធរដែនដី និងស្ថាប័នដែលពាក់ព័ន្ធដែលពួកគាត់អាច និងមានសិទ្ធិតួនាទីក្នុងស្វែងរកយកមកដោះស្រាយជួយកម្មករ»។

រដ្ឋបាលរោងចក្រ Benoh Apparel ដែលកម្មករប្រាប់ថា ឈ្មោះ ហេង ឆ្លើយប្រាប់វីអូឌីយ៉ាងខ្លីថា មូលហេតុដែលក្រុមហ៊ុនមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍ជនួកម្មករដោយសារតែថៅកែរត់ចោលហើយថា ខាងរោងចក្រតម្រូវឲ្យកម្មករលក់សម្ភារចែកលុយគ្នាបាន ប៉ុន្តែពេលសួរថា តើសម្ភារនោះលក់ទៅអាចទូទាត់ជូនកម្មករគ្រប់ឬអត់? រដ្ឋបាលរូបនេះឆ្លើយថា មិនដឹងទេ។

លោកបន្ថែមថា «គេព្រមទូទាត់តើ សម្ភារក្នុងរោងចក្រហ្នឹងលក់ទូទាត់ទៅ ប៉ុន្តែកម្មករគេមិនព្រមលក់។ ទូទាត់គ្រប់មិនគ្រប់ខ្ញុំអត់ដឹង ទេព្រោះខ្ញុំមិនមែនជាអ្នកវាយតម្លៃផង»។

អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា មានប្រសាសន៍ថា ករណីវិវាទការងាររោងចក្រ Benoh Apparel នេះក្រសួងមិនទាន់ស្រាវជ្រាវដឹងច្បាស់លាស់ថា ថៅកែរត់ចោលមែនឬក៏អត់ទេ។

លោកបន្ថែមថា «ក្រសួងកំពុងធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ហើយ ពីព្រោះករណីនេះយើងមិនអាចធ្វើការអ្វីដោយការបង្ខំបានទេ។ កម្មករនយោជិកគាត់និយាយថា ថៅកែរត់ចោលក៏យើងអត់មានអីសំអាងថា ថៅកែរត់ចោលដែរ ហើយប្រសិនបើពិតដូចអ្វីដែលកម្មករនិយាយ អញ្ចឹងនីតិវិធីរបស់គាត់គឺមានពីរ ទី១យើងអនុវត្តទៅ ស​ជណ លេខ៥០៥ ទី២គាត់ត្រូវបណ្តឹងទៅតុលាការ អញ្ចឹងក្រសួងចាំតែដើរតាមការសម្រេចចិត្តរបស់បងប្អូនកម្មករទេ»។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា កន្លងមកមានរោងចក្រច្រើនណាស់បានបិទទ្វាររត់ចោលកម្មករ ដោយមិនបានដោះស្រាយប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ដែលបញ្ហានេះកើតឡើង ដោយសារតែការអនុវត្តច្បាប់មិនបានល្អ។

លោក ប៉ាវ ស៊ីណា អះអាងថា បើតាមច្បាប់រាល់ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា ត្រូវតម្កល់ប្រាក់នៅធនាគារជាតិដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវិនិយោគ និងសម្រាប់បើកជូនកម្មករពេលក្រុមហ៊ុនរត់ចោលឬបិទទ្វារ។

លោកបន្ថែមថា «ជាទូទៅថៅកែដែលគាត់មកវិនិយោគនៅស្រុកខ្មែរ គាត់ត្រូវតែមានប្រាក់ដង្កល់ គាត់មិនអាចមករកស៊ីដៃទទេបានទេ ហើយក្រសួងការងារដឹងច្បាស់ណាស់រឿងនេះ ជាពិសេសក្រសួងពាណិជ្ជកម្ម កាលណាគេមកវិនិយោគគេត្រូវមានលុយដង្កល់​ អញ្ចឹងចង់មិនចង់ក្រសួងពាក់ហ្នឹងត្រូវទទួលខុសត្រូវឆែកទៅលើកុងធនាគាររបស់ក្រុមហ៊ុនដែលដង្កល់លុយហ្នឹងដើម្បីយកប្រាក់ទាំងអស់ហ្នឹងមកទទាត់ឲ្យកម្មករ ហើយករណីទុនហ្នឹងវាផ្តល់សំណងទៅឲ្យកម្មករមិនគ្រប់ យើងអាចពិនិត្យទៅ លើសំភារៈផ្សេងបន្ថែមទៀត ប៉ុន្តែកន្លងមកចំណុចនេះអត់ឃើញស្ថាប័នណាគេធ្វើទេ ទុកឲ្យកម្មករហាលភ្លៀងហាលថ្ងៃ ហាលខ្យល់រហូតទៅដល់ចុងក្រោយមិនបានអ្វីទាំងអស់»។

តំណាងកម្មករឲ្យដឹងថា រោងចក្រ Benoh Apparel មានកម្មករសរុបប្រមាណជាង៥០០នាក់ ហើយម្នាក់ៗធ្វើការនៅរោងចក្រនេះចន្លោះពី៥ទៅ១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ