មន្ត្រីពន្ធនាគារថាចំនួនអ្ន​កជាប់ឃុំទូទំាងប្រទេសកើនឡើង៧៥% បើធៀបនឹងឆ្នាំ២០១៦

អ្ន​កជាប់ឃុំក្នុងពន្ធនាគារ

មន្ត្រីពន្ធនាគារបានឲ្យដឹងថា ចំនួនអ្នកជាប់ឃុំនៅទូទំាងប្រទេសបានកើន​ឡើងដល់៧៥% បើធៀបតួលេខ​ឆ្នាំ២០១៦​កន្លងមក​ ដោយថា​កំណើនដ៏ខ្ពស់បែបនេះ បានកើតឡើង​បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា​ ​ចាប់​ផ្តើម​យុទ្ធនា​ការបង្ក្រាប​គ្រឿង​ញៀន។

អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ លោក បេទា ឡេង បានប្រាប់VODនៅថ្ងៃនេះថា ​ចំនួនអ្នកជាប់​ឃុំ​កាលពីឆ្នាំ២០​១៧ មានចំនួន​២៨០០០នាក់ ក្នុង​នោះមាន​ស្ត្រី៤៥០នាក់​ ខណៈឆ្នំា២០១៦ មាន​ប្រមាណ​១៦០០០នាក់ ពោលមានការកើនឡើង១២០០០នាក់ (កើន៧៥%) ដោយ​លោកថា ក្នុងចំណោមអ្នក​ជាប់ឃុំ​ទំាងនោះ ​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿង​​ញៀន​ជាប់​លំដាប់​ថ្នាក់​លេខ១ ​និង​​បទ​ល្មើសឆក់ប្លន់់ជាប់លំដាប់ថ្នាក់លេខ២​។

លោក បេទា ឡេង អំពាវនាវទៅប្រជាពលរដ្ឋ ជាពិសេសក្មេងៗជំនាន់ក្រោយ ជៀសឲ្យផុតពីគ្រឿញៀន ដោយថាគ្រឿនញៀននាំឲ្យប៉ះពាល់ដល់សុខភាព កិត្តិយសគ្រួសារ និងធ្វើឲ្យមានអសន្តិសុខក្នុង​សង្គម​ជា​ដើម​​​។

លោកបានឲ្យដឹងថា «ប្រើប្រាស់គ្រឿញៀនវាអាច​បង្កើតជាបទល្មើស​ផ្សេងៗច្រើន​… ដូចជាបទល្មើស​ឃាត​កម្ម​​លួច ឆក់ ប្លន់ បទល្មើសរំលោភ គឺវាភាគច្រើនកើតចេញពីបទល្មើស​គ្រឿងញៀន»។

មន្ត្រីសម្របសម្រួលគម្រោងកាត់សេចក្តីដោយយុត្តិធម៌ នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក ហ៊ុន សៀងហាក់ យល់ថា ថ្នាំញៀន ធ្វើអ្នកប្រើប្រាស់ហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ ហើយ​នាំឲ្យ​សង្គម​ជួបភាព​វឹកវ​រ។ ករណីនេះ លោកស្នើទៅរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឲ្យមានស្តង់ដារតែមួយ ដោយមិន​ប្រកាន់​បក្ខពួក ឬអ្នកមានអំណាច​។

លោកស្នើថា «ការអនុវត្តច្បាប់ សុំឲ្យអនុវត្តតាមស្តង់ដារតែមួយ​​ អ្នកដែលធ្វើខុស​ត្រូវ​តែទទួល​ទោសទណ្ឌ​ឲ្យស្មើគ្នា​ មិនថាអ្នកមានអំណាច ឬអ្នកគ្មានអំណាច​ឲ្យតែធ្វើខុសច្បាប់​ ការអនុវត្តបែបហ្នឹង​ មិនថាទៅ​លើ​បទ​ល្មើស​គ្រឿងញៀន បទល្មើសអ្វីទេ​ជារួមអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា​»។

លើសពីនេះទៀត លោកជំរុញ​ទៅរដ្ឋាភិបាលគិតគូឡើងវិញ លើស្ថានភាពអ្នកជាប់ឃុំនៅ​ក្នុងពន្ធនាគារ​ទូទំាង​​ប្រទេស ខណៈក្នុងពន្ធនាគារតូចចង្អៀត ហើយ​អ្នកប្រព្រឹត្តបទ​ល្មើសដែល​សមត្ថកិច្ច​ចាប់យក​ទៅ​ឃុំ​ខ្លួន​​​ មានការកើនឡើងជារៀង​រាល់ឆ្នាំ​​ ដោយថាកុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំទំាងនោះ។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធ បាន​ប្រាប់​វីអូឌី​កាលពីថ្ងៃទី០៩ ខែមករាថា សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ជាង ៨​ពាន់​ករណី​នៅ​ទូទាំង​ប្រទេស​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ១​ម៉ឺន​នាក់ និង​រឹប​អូស​បាន​សារធាតុ​ញៀន ១៧៨​គីឡូក្រាម​នៅ​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា ទំហំ​បទល្មើស​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​២០១៧ បាន​កើន​ឡើង​​ជាង ២​ដង បើធៀប​នឹងឆ្នាំ​២០១៦​កន្លង​មក។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ​ បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​​ឆ្នាំ​​២០១៦។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៦​​ថា ជា​ចំណុច​ខ្សោយ​ធំ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ករណីនេះមន្ត្រីសង្គមស៊ីវិលយល់​ថា បញ្ហាគ្រឿងញៀន គឺជាដើមចមនាំឲ្យមនុស្សទៅប្រព្រឹត្តបទល្មើស​លួច ឆក់ ប្លន់ រួមទំាង​បទល្មើសផ្សេងៗទៀតជាដើម។ ករណីពួកគេជំរុញទៅរដ្ឋាភិបាល​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធ​ភាព និងអនុវត្តច្បាប់មានស្តង់ដាតែមួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ