នាយករដ្ឋមន្រ្តីបានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអមដោយកងទ័ពឆ័ត្រយោង៩១១និងអភិបាលខេត្តមួយចំនួនដោយប្រើឧត្ថម្ភាគចក្រពីរគ្រឿងដោយអះអាងថាដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា។
បន្ថែមពីនេះទៀតនៅថ្ងៃទី២១ខែមករាឆ្នាំ២០១៦អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ក៏បានសម្រេចបង្កើតឲ្យមានក្រុមមួយទៀតឈ្មោះថាបេសកកម្មស្រាវជ្រាវស៊ើបអង្កេតនិងទប់ស្តាត់បទល្មើសព្រៃឈើ។ សមាសភាពថ្មីនេះគឺជាស្នងការនគរបាលខេត្តចំនួន៥នៅភូមិភាគឦសាន មន្ត្រីនគរបាល
ព្រហ្មទណ្ឌ និងមន្ត្រីនគរបាលព្រំដែន។ មន្ត្រីទាំងនេះមានតួនាទីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពីក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនិងអាជ្ញាប័ណ្ណពីរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រមូលផលនិងអនុផលព្រៃឈើ។
មានរយៈពេលប្រហែល១ខែហើយតាំងពីបង្កើតការងារពិសេសនេះ ប៉ុន្តែលទ្ធផលនៃការបង្រ្កាបបទល្មើសព្រៃឈើនៅតែមិនបានបង្ហាញជាសាធារណៈនៅឡើយបើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដៅឈ្មោះឧកញ៉ាយ៉ាងតិចពីរនាក់ដែលនាយករដ្ឋមន្រ្តីថាជាអ្នករកស៊ីឈើទៅលក់នៅប្រទេសវៀតណាមក៏ដោយ។
នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃនោះ។ លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសកាត់ករប្រសិនបើមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានទេនោះ។
តំណាងសហគមន៍ព្រៃឡង់លោក ហឿន សុភាព ដែលទទួលបានពានរង្វាន់ពិភពលោកសម្រាប់កិច្ចការងារថែរក្សាបរិស្ថាន ឲ្យដឹងថាបទល្មើសនៅតំបន់ព្រៃឡង់នៅតែកើតមានបើទោះជាគណៈកម្មការពិសេសរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើងដើម្បីបង្រ្កាបបទល្មើសព្រៃឈើក៏ដោយ។
លោកថ្លែងថា៖ ”ខ្ញុំគិតថានៅពេលដែលរដ្ឋាភិបាលបង្កើតគណកម្មការវាល្អ។ ប៉ុន្តែចំណាត់ការរបស់រដ្ឋាភិបាលនៅខ្វះខាតខ្លះ ដោយសារយើងមើលឃើញបទល្មើសនៅតែកើតឡើងដូចជាតំបន់ព្រៃឡង់…។ បានន័យថាការផ្តួលរំលំឈើក្លាយទៅជារបស់ប្រើប្រាស់ឬទៅជាចំរៀកអស់ហើយការទប់ស្កាត់មានចំណុចខ្វះខាត។ បើទប់ស្កាត់ឈើនៅឈរខ្ញុំគិតថាមានប្រសិទ្ធិភាព”។
គណៈកម្មការពិសេសរបស់រដ្ឋាភិបាលនឹងត្រូវចំណាយថវិការដ្ឋ៥០០លានរៀលនិងប្រើប្រាស់ឧត្ថម្ភាគចក្រពីរគ្រឿងនិងកងកម្លាំងប្រដាប់អាវុធរាប់រយនាក់។ បេសកកម្មរបស់ក្រុមនេះគឺធ្វើឡើងនៅខេត្តមួយចំនួនភាគកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀតណាម។
មន្រ្តីសមាគមអាដកហុកប្រចាំខេត្តរតនៈគិរីលោក ឆាយ ធី ឲ្យដឹងថាការរាយការណ៍ពីសហគមន៍រឿងបទល្មើសព្រៃឈើបានស្ងប់ស្ងាត់មួយរយៈគឺនៅពេលដែលគណៈកម្មការពិសេសរបស់រដ្ឋាភិបាលកំពុងប្រតិបត្តិការរបស់ខ្លួននៅតំបន់នោះ។
ប៉ុន្តែលោក ឆាយ ធី មិនហ៊ានសន្និដ្ឋានថាបទល្មើសព្រៃឈើនៅខេត្តរតនៈគិរីនឹងត្រូវបានបញ្ចប់ឬយ៉ាងណាទេបន្ទាប់ពីគណៈកម្មការពិសេសដកថយទៅវិញនោះ។
លោកមានប្រសាសន៍ថា៖ “មិនអាចសន្និដ្ឋានបាន[ទេ]។ ប៉ុន្តែបើមានឆន្ទៈក្នុងការអនុវត្តទប់ស្កាត់ពីថ្ងៃនេះទៅហើយធ្វើពីថ្នាក់មូលដ្ឋានទៅយើងគិតថាមានប្រសិទ្ធិភាពមិនចាំបាច់ថ្នាក់ជាតិ …ឲ្យតែមានឆន្ទៈចូលរួមលុបបំបាត់បទល្មើសព្រៃឈើចាប់ពីថ្ងៃនេះតទៅយើងអាចថែរក្សាព្រៃឈើបានហើយ”។
របាយការណ៍ក្នុងខែកក្កដាឆ្នាំ២០១៥អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ បានរកឃើញថាការបាត់បង់ព្រៃឈើច្រើនលើសលប់នៅកម្ពុជាគឺកើតឡើងដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរដ្ឋាភិបាលទៅកាប់បំផ្លាញព្រៃឈើក្នុងនោះក៏មានការកាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារផងដែរ។
អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ ឲ្យដឹងថានៅក្នុងឆ្នាំ២០១៣រដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន សរុបប្រមាណ២,៦លានហិកតាគឺស្មើប្រមាណ១៤%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយដែលប្រមាណ៨០%នៃផ្ទៃដីសម្បទាននេះគឺស្ថិតនៅក្នុងព្រំដែននៃតំបន់ឧទ្យានជាតិនិងតំបន់ការពារ។
អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រកឃើញថាដោយសារតែដីសម្បទានសេដ្ឋកិច្ចបានធ្វើឲ្យកម្ពុជាបាត់បង់ព្រៃឈើជាមធ្យមជាង២ពាន់គីឡូម៉ែត្រការ៉េជារៀងរាល់ឆ្នាំ។
អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់ថាការបាត់បង់ព្រៃឈើដ៏មហិមានៅកម្ពុជាគឺជាការបង្ហាញឲ្យឃើញពីបរាជ័យជាប្រព័ន្ធនៃការអនុវត្តច្បាប់ ការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា និងពីការកើតឡើងអំពើពុករលួយនៅក្នុងវិស័យនេះ។
កាលពីឆ្នាំ២០១៤រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថាព្រៃឈើនៅក្នុងប្រទេសកម្ពុជានៅសល់ប្រមាណ៦០ភាគរយលើផ្ទៃប្រទេស។ ប៉ុន្តែរបាយការណ៍ពីរូបភាពផ្កាយរណបដែលចេញកាលពីខែធ្នូឆ្នាំ២០១៣ដោយអង្គការ Open Development Cambodia (ODC) បានបង្ហាញថាព្រៃឈើនៅប្រទេសកម្ពុជាត្រូវបានបំផ្លាញយ៉ាងខ្លាំងក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះ។
បើតាមរបាយការណ៍នេះកាលពីឆ្នាំ១៩៧៣ព្រៃឈើកម្ពុជាមានប្រហែល៧២,១១ភាគរយ។ ប៉ុន្តែរូបភាពថ្មីៗតាមផ្កាយរណបបានបង្ហាញថាគម្របព្រៃឈើបច្ចុប្បន្ននៅសល់តែ៤៦,៣៣ភាគរយដោយរួមបញ្ចូលទាំងចម្ការកៅស៊ូផងដែរ៕