កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ចូល​សមុទ្រ

គ្រាប់​មីស៊ីល​របស់​កូរ៉េខាង​ជើង​នា​ពេល​កន្លង​មក(រូបថតពីសារព័ត៌មាន​ Reuters)

យោធា​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​ចូល​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដែល​នេះ​គឺ​ការ​បាញ់​សាក​ល្បង​លើក​ដំបូង​ធ្វើ​ឡើង​ដោយ​រដ្ឋ​ឯកោ​មួយ​នេះ គិត​ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​ជា​ផ្លូវការ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការិយាល័យ​អគ្គ​បញ្ជាការ​កង​ទ័ព​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា គ្រាប់​មីស៊ីល​នេះ ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​មួយ​ឈ្មោះ​ថា ប៉ាងហ្យ៉ុន ស្ថិត​នៅ​តំបន់​ភាគ​ខាង​លិច​កូរ៉េ​ខាង​ជើង នៅ​មុន​ម៉ោង ៨​ព្រឹក ម៉ោង​នៅ​កូរ៉េ​ខាង​ត្បូង ហើយ​គ្រាប់​មីស៊ីល​នោះ​ហោះ​បាន​ចម្ងាយ​ប្រហែល ៥០០​គីឡូ​ម៉ែត្រ។

យោធា​កូរ៉េ​ខាង​ត្បូង​បន្ថែម​ថា ការ​វាយ​តម្លៃ​បង្ហាញ​ថា ការ​បាញ់​គ្រាប់​មីស៊ីល​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​កម្លាំង​តប​ត​ទៅ​នឹង​ជំហរ​តឹង​រឹង​របស់​រដ្ឋបាល​ថ្មី​របស់​អាមេរិក ប្រឆាំង​នឹង​របប​ក្រុង​ព្យុងយ៉ាង។

យោធា​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីងតោន កំពុង​តែ​វិភាគ​លម្អិត​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​នេះ។

ចំណែក​យោធា​អាមេរិក ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្លួន​ទទួល​បាន​សញ្ញា​នៃ​ការ​សាក​ល្បង​គ្រាប់​មីស៊ីល​ដែល​បាញ់​ដោយ​កូរ៉េ​ខាង​ជើង ហើយ​អាមេរិក​កំពុង​តែ​វាយ​តម្លៃ​គ្រាប់​មីស៊ីល​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ