នួន រ៉ាថេន ​​ធ្លាក់ហាលអាវហើយ ប៊ិះ​គ្រោះថ្នាក់ធ្ងន់ទៀតនៅ​ប៉ុស្ដិ៍លេខ​​​៥

​ការប្រកួតជម្រុះ​​នៅប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​​១០កុម្ភៈ គេឃើញកីឡាករ​វ័យក្មេង ​នួន រ៉ាថេន សន្លប់​ស្ដូកស្ដឹងតែ ម្ដងក្នុងទឹកទី​​១ ក្រោយគេ​​​​ត្រូវកីឡាករ​​​​ បឺត សង្ឃឹម ដែលជាជើងខ្លាំងម្នាក់​​ទាត់​ត្រូវ​ចំ​​កញ្ចឹងករ ដែលជា​​កន្លែង​​​​​គ្រោះថ្នាក់​​​ខ្លាំងសម្រាប់កីឡាករ។ ​​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​គណកម្មការ​​បានសម្ដែង​ការព្រួយបារម្ភ​​ បន្ទាប់ពី​​កីឡាករ​​​​​​​​​នួន រ៉ាថេន ​​​​​​ត្រូវ​មួយ​ទំហឹង​ចំកញ្ចឹងករ​​ដោយ​​​រន្ទះជើងរបស់គូប្រកួត ដែល​​​​ម្នាក់ៗបាន​ហៅ​​​​​​ការសន្លប់នៅក្នុងថ្ងៃនោះ​ថា​ គឺជារឿង​ដែលគ្រោះថ្នាក់បំផុត​​​ដោយសារតែ​កីឡាករ ​រ៉ាថេន ​​ថ្មីមិនសូវមានបច្ចេកទេស ហើយកីឡាករ​ បឺត សង្ឃឹម គឺជា​កីឡាករ​ខ្លាំងម្នាក់។

​​លោក ថៃ អ៊ូ ​​​ជាអ្នកដឹកនាំ​កីឡាករ​ថៃអោយ​​ទៅប្រកួតនៅប៉ុស្ដិ៍លេខ​​៥នៅថ្ងៃ​នោះដែរ បាន​ហៅ​ការ​ជួប​ប្រកួតរវាង​កីឡាករ​​ទាំំង​ពីរ​​ថា​មិនសូវ​​​សម​នោះទេ ដោយសារតែកីឡាករ ​​​នួន រ៉ាថេន មកពីក្លិប​​តាឯកដំបង​ដែក​​មានរិទ្ធខេត្ត​ព្រៃវែង ត្រូវលោកចាត់ទុកថា​បទ​ពិសោធន៍របស់​គេ​​ជា​កូនក្មេង ហើយ​កីឡាករ​​​​បឺត សង្ឃឹម ​លោកថាក្រៅពីជាកីឡាករ​អាជីព​ជាយូរមកហើយ ក៏ជា​​​​​​គ្រូ​បង្វឹកដ៏មានជំនាញ់ម្នាក់។ លោកថា ​​​​គូនេះ​​​​បើ​បណ្ដោយ​អោយប៉ះគ្នា គឺទោះជា​​​​​​​នួន រ៉ាថេន ​​មិនសន្លប់​ក្នុងទឹកទី​​១ ​ក៏​ពិតជាសន្លប់ក្នុងទឹក​ណាមួយនោះដែរ ដោយសារតែសមត្ថភាព និង​បទពិសោធន៍របស់គេ​​​ខុសគ្នា​​​​​ដាច់ឆ្ងាយ។ ​​​​

លោកនិយាយថា​​«​​ដាក់​​​ពីរ​នាក់ហ្នឹងអោយប្រកួតគ្នា​​មិច​បាន ​​​អាមួយ​​​​​​​​​ចង់​ដូចគ្រូតា​​ហើយ ​ហើយ​អាមួយទៀត ​​​ថ្មីសន្លាង​ហ្នឹង»

លោកចាត់ទុកថា​​​​កីឡាករ​​​ដែល​ត្រូវគេ​វាយអោយសន្លប់​ក្រោយទាត់ត្រូវកញ្ចឹងករ​​ពេញទំហឹង ​ហើយ​មិន​អី​ក្រោយពីសម្រួល​​​​សរសៃអោយមួយ​​​សន្លុះ​ថា​ជារឿងសំណាង ដោយសារតែមាន​កីឡាករ​​មួយចំនួនមកហើយ ត្រូវ​​​​​​​​ចំ​កន្លែងដូចគ្នានេះ ហើយ​លទ្ធផលក៏​​ដាច់​​​​​សរសៃកញ្ចឹងករ ឬ​បាក់​​ឆ្អឹងកញ្ចឹង​ករ ឈានទៅ​មានគ្រោះថ្នាក់នៅក្រោយការប្រកួត។

លោក​​និយាយថា​ «​សំណាង​ហើយ គ្រាន់តែ​សន្លប់ បើតាម​​តែ​​​​​កម្លាំង​ជើង​​អាបឺត ខាំ ​​​​​​សមតែធ្ងន់ជាង​ហ្នឹង​ផង​!»។ ​​​​​​​

លោក​ សេង កដិកា បានអះអាងថា ហេតុផល​ដែលកីឡាករ ​​​​នួន រ៉ាថេន ​​ត្រូវ​​ប៉ះប្រកួតជាមួយ​​កីឡាករ បឺត សង្ឃឹម មិនមែនជាការ​ផ្គូរផ្គង​នោះទេ តែ​ការ​ចាប់ឆ្នោត​ប៉ុណ្ណោះ​ ដោយ​លោកបានចាត់ទុក​​​ថា​​​ការ​បរាជ័យរបស់​​​​​កីឡាកររូបនេះ ក៏​​ជារឿងចៃដន្យ​​ផងដែរ គឺមិនមែន​ដោយសារតែ​​​តែរឿងបទពិសោធន៍​តិចច្រើនជាង​គ្នាទាំង​ស្រុង​ទេ។ លោកនិយាយថាមុន​ឈាន​ដល់ការ​​​​​កំណត់អោយ​​ ​នួន រ៉ាថេន មកប្រកួត​នៅលើសង្វៀន​នៅក្នុងព្រឹត្តិការណ៍​ជ្រើសរើសជើងឯកវគ្គថ្មី ​​​​​​គេត្រូវបាន​​​​​​​​​​​​​ឆ្លងកាត់ការវិភាគពី​​​បច្ចេកទេស និង​បទពិសោធន៍​ច្រើនណាស់ ហើយបណ្ដាលមកពី​គេ​​ក៏ក្លាហាន​ហាន​​ប្រកួតជាមួយ​កីឡាករ​ជើងចាស់ក្នុង​​គីឡូ​ដូចខ្លួនដោយមិនញញើតនឹង​នរណាម្នាក់ ​​ទើបឈានដល់​​​ការអោយប្រកួត។

លោកសារភាព​ក្នុងចំណោមកីឡាករ​ទាំង​​៣២រូប ដែល​តម្រូវអោយ​​​​ចាប់ឆ្នោតប្រកួត​គ្នា​​​​​​ ​​​គឺមាន​កីឡាករ​ដែល​ល្អស្រាប់ និងល្បីឈ្មោះស្រាប់ប្រមាណជា​ពាក់កណ្ដាល ហើយកីឡាករ​ថៃ​ប្រមាណជា​ពាក់កណ្ដាល ​ប៉ុន្តែអាចថាមកពី​​​នួន រ៉ាថេន ចាប់ឆ្នោតប៉ះត្រូវ​កីឡាករ​​​ ​បឺត សង្ឃឹម ទើប​​គេ​ស៊យដល់ម្លឹង។ លោក​ក្នុងការ​​ប្រកួត​សប្ដាហ៍កន្លងទៅ ​​​​ច្រើនតែ​​កីឡាករ​​ប៉ះ​​​អ្នកខ្លាំង និង​កីឡាករ​ជើងថ្មី​ប៉ះអ្នកថ្មី ទើប​ការប្រឈមគ្រោះថ្នាក់មិនសូវ​កើតឡើង។

យ៉ាងណាមិញ លោកថា​​​​​​កម្លាំងជើងរបស់​បឺត សង្ឃឹម ដ្បិតថា​ខ្លាំង​​​​​រហូតបណ្ដាលអោយ​នួន រ៉ាថេន ​សន្លប់ឈឹង​​ក្រោយ​ត្រូវពេញទំហឹង​​ចំ​កញ្ចឹងករ ប៉ុន្តែ​​​ផ្អែកតាម​ការ​​​​​ត្រួតពិនិត្យគេមិនមានគ្រោះថ្នាក់នោះទេ ​​​បើទោះការ​​ទាត់ត្រូវនៅក្នុងពេលនោះ ​​​ទំនង​ជា​ធ្វើអោយ​កីឡាករ នួន រ៉ាថេន​​​ ​​​​​​​​​​មាន​បញ្ហា​​ដល់ឆ្អឹងកញ្ចឹងករ។ លោកអះអាងថា​នេះជាការប្រកួត​​ជម្រុះក្នុងសប្ដាហ៍ទី​​៣ ​​សម្រាប់ការប្រកួតជម្រុះជើង​ឯក​របស់ប៉ុស្ដិ៍លេខ​​៥​វគ្គថ្មី បន្ទាប់ពីការប្រកួត​វគ្គ​មុនបានរកឃើញកីឡាករ សៅ វណ្ណា អោយក្លាយជា​​ម្ចាស់ជើងឯក។

លោកថាការប្រកួតនេះ​​​​​​គឺ​​​​​តម្រូវអោយកីឡាករ​​​​​​ដែល​ជ្រើ​សរើសបានទាំង​​៣២​រូប ចាប់ឆ្នោតឡើងប្រកួតគ្នា ដោយប្រើរូបមន្ត​​​​ចាញ់ធ្លាក់ៗ តែ​លោកពិតជា​ទទួលស្គាល់ថា​ក្នុងចំណោម​​ដែលធ្លាក់ហាលអាវទាំងអស់ គឺ​​នួន រ៉ាថេន ​ពិតជាប្រឈមគ្រោះថ្នាក់​ជាងគេមែន ដោយសារតែត្រូវជើងខ្លាំង​ បឺត សង្ឃឹម ទាត់​ត្រូវ​ចំ​កញ្ចឹង​ករ ហើយ​បណ្ដាលអោយសន្លប់​​​​​មួយសន្ទុះធំ​លើរេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ