ធនាគារ​ជាតិ​ព្រមាន​ស្ថាន​ប័ន​ផ្តល់​កម្ចី​ដែល​យក​ឯកសារ​សម្គាល់​ពលរដ្ឋ​ធ្វើ​ជា​វត្ថុ​ធានា​

​ធនាគារជាតិនៃ​កម្ពុជា ​រំ​ឮ​ក​ឲ្យគ្រឹះស្ថាន​ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន ឈប់​យក​លិខិតយថាភូត ឬ ឯកសារ​សម្គាល់​លក្ខណៈ​ប្រជាពលរដ្ឋសម្រាប់​ទុក​ជា​វត្ថុ​ធានា​លើ​ការ​ផ្តល់​ឥណទាន​នោះ ដោយ​អះអាង​ថា ខុសពី​នីតិវិធី​ច្បាប់​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិនៃកម្ពុជា ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ បានឲ្យដឹងថា អគ្គនាយក អគ្គនាយិកា​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ដែលផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​របស់​ខ្លួន ដោយ​ទទួលយក​លិខិតយថាភូត គឺ​អត្តសញ្ញាណ​បណ្ណ ឬ​សៀវ ភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ពី​ពួកគេសម្រាប់​ទុក​ជា​វត្ថុ​ធានា​ក្នុង​ការផ្តល់​ប្រាក់​ឥណទាន ត្រូវ​បញ្ឈប់ជាបន្ទាន់ ដោយ​អះអាង​ថា អនុវត្ត​មិន​ត្រឹមត្រូវ​តាម​ក្រម​រដ្ឋប្បវេណី និង​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​ទេ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា លិខិតយថាភូត​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​នោះ គឺ​សម្រាប់​បញ្ជាក់​ពី​អត្តសញ្ញាណ​បុគ្គល និង​សម្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ មិនមែន​សម្រាប់​ដាក់បញ្ចាំ ឬ​ជា​ទ្រព្យ​ធានា​ក្នុង​ប្រតិបត្តិការ​ផ្តល់​ឥណទាន​ឡើយ ដោយ​ថា​លិខិត​នោះ​មិន​មាន​តម្លៃ សេដ្ឋកិច្ច​សម្រាប់​សកម្ម​ភាព​ពាណិជ្ជកម្ម​នោះ​ទេ​។​

​សេចក្តីជូនដំណឹង​ដដែល​ក៏​បាន​ព្រមាន​ថា បើ​គ្រប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិការ​ឥណទាន​ជនបទ​ទាំងអស់​មិន​គោរព​តាម​ច្បាប់​ទេ នោះ​ធនាគារជាតិនៃកម្ពុជា នឹង​ចាត់វិធានការ​ច្បាប់ ដោយ​ធ្វើ​ការផាកពិន័យ​តាម​ច្បាប់​ស្តីពីគ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ