ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តចំនួន​៤ជួបជុំគ្នានៅភ្នំពេញរកដំណោះស្រាយ​

ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តចំនួន​៤ (ហ៊ុន សិរីវឌ្ឍន៍)

ប្រជាពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជិត២០០​នាក់​មកពី​ខេត្ត​ចំនួន​៤​ ប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញនៅព្រឹកនេះ ហើយបានយកញ្ញត្តិទៅដាក់នៅតាមក្រសួងស្ថាប័នរដ្ឋមួយចំនួន​ ដើម្បីសុំឲ្យពន្លឿនស្វែងរកដំណោះស្រាយឲ្យពួកគេឲ្យបានឆាប់រហ័ស។​

ពលរដ្ឋទាំងនោះមកពីខេត្តចំនួន​៤រួមមានខេត្តស្វាយរៀង កណ្តាល ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។ ពួកគេនាំគ្នា​ដាក់ញាត្តិ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ក្រសួង​ដែន​ដី​ និង រដ្ឋសភា ដើម្បីសុំ​ឲ្យជួយដោះស្រាយ​បញ្ហា​របស់ពួកគេ​ ដែល​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ដែល​ក្នុង​នោះ​មាន​ករណី​ខ្លះ​អូស​បន្លាយ​ជាង៣០​មក​ហើយ​។

ពល​រដ្ឋ​តវ៉ា​ម្នាក់​ដែល​មក​ពី​ឃុំចុង​ក្រវៀន ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្នុំ​ លោក​ កង​ ស្រស់ ថា​ ​លោក​​ស្នើ​សុំ​ឲ្យ​នាយករដ្ឋ​មន្ត្រីជួយ​ពន្លឿន​ការ​ចុះ​បញ្ជីប្លង់​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ឲ្យ​ពួកគេឲ្យ​បាន​ឆាប់ព្រោះ​ពួកគាត់​បារម្ភពី​ទំនាស់​​​ដែល​អាច​កើត​មាន​ដោយ​សារ​ការ​ពន្យា​រធ្វើ​ប័ណ្ណ​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​។

លោក​ថា​៖ «មាន​ក្រដាសស្នាម​ហៅ​ពល​រដ្ឋ​មក​ប្រជុំ​នៅ​សាលា​ឃុំ​ចុង​ក្រវៀន​ថា ដី​នោះ​ខាង​ក្រសួង​ដែន​ដី​គេ​ប្រកាស​កាត់ឲ្យហើយ តែ​ដល់ពេល​ប្រជា​ពល​រដ្ឋ​ទៅ​បញ្ជាក់​អត្តសញ្ញាណ​កម្ម​ដើម្បី​ធ្វើ​ប្លង់ ខាងអាជ្ញា​ធរ​ថាដី​នៅ​ពាក់​ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន»។

ពល​រដ្ឋ​មាន​ទំនាស់​ដី​ធ្លីដែលចោទថា មេភូមិ​លួច​លក់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុនតាំង​ពី​ឆ្នាំ​១៩៨៦ នៅ​ឃុំ​អំពិល​ព្រៃ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល អ្នក​ស្រី ហួរ លាភ បានឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ពួកអ្នក​ស្រី​​ទាម​ទារចង់​​ឲ្យ​រដ្ឋាភិបាល​សាររើ​ឡើង​វិញ។

អ្នក​ស្រី​ថា៖ «មិន​ជា​លក់​ឲ្យ​ក្រុម​ហ៊ុន​ណា​ខ្ញុំ​អត់​ដឹង​! ទៅ​ដល់​ឃុំ​ ពេល​ពួកខ្ញុំ​ផ្អើល​គេ​ថា​ប្រជា​ពល​រដ្ឋ​ដូច​ខ្ញុំ​ពេល​ដី​ឡើង​ថ្លៃ​បាន​នាំគ្នា​សើរើ ពេល​នៅ​ថោកអត់​ទេ គាត់​ថា​អញ្ចឹង​។ ដល់​ពេល​ឥឡូវ​ហ្នឹង​ប្រជាពល​រដ្ឋខ្ញុំ​គាត់​អត់​ព្រម! មិច​ព្រម! គាត់​ឲ្យ​ឡើង​ទៅ​មេឃុំ​ម្តង​ទៀត ខ្ញុំ​ថា​អត់​ទេ​ខ្ញុំ​ឡើង​មក​សភាហើយ ព្រោះ​ដំណោះស្រាយ​តាំង​ពី​៨៦ មក​ដល់​ឥឡូវ​គាត់​អត់​ដោះស្រាយ​ឲ្យ​»។

ព​ល​រដ្ឋ​ដែ​ល​មាន​ទំនាស់​ដី​ធ្លី​មកពី​ខេត្តព្រះ​សី​ហនុអ្នក​ស្រី ឡុច ទូច ដែល​បាន​ដាក់​ញាត្តិនៅ​ថ្ងៃនេះ​ផង​ដែរ​នោះថា​ក្រុម​អ្នក​ស្រីតំណាង​ឲ្យ​ជាង​៦០គ្រួសាររស់​នៅ​ភូមិ​៤​ សង្កាត់​អូត្រេះ​ ស្រុក​ស្ទឹង​ហាវ​ដែល​មាន​ទំនាស់​ដីធ្លី​តាំង​ពី​ឆ្នាំ​២០០៧ ជា​មួយ​អ្នក​មាន​អំណាច​ក្នុង​ខេត្ត​។ អ្នកស្រីថា ពេលនេះពួកគាត់មិនត្រឹមបាត់បង់ដីធ្លីទេ ហើយរងការគំរាមកំហែងទៀតផង។​

ប្រធាន​ខទ្ទុការល័យ​នាយក​រដ្ឋ​មន្ត្រី​លោកប៉ាល់ ច័ន្ទ​តារា ដែល​ចេញ​មក​ទទួល​ញាត្តិ​ពី​ពល​រដ្ឋ​ថាលោក​នឹង​ពិនិត្យ​ទៅ​លើពាក្យ​បណ្តឹង​ទាំង​នោះ នឹង​រៀប​ចំ​ជូនប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ដីធ្លីលោក​​ ប៊ិន ឈិន ដើម្បីពិនិត្យ​ដោះស្រាយ​ជួន​ពល​រដ្ឋ​ទាំង​នោះ។

មន្ត្រី​សម្រប​សម្រួល​សហ​គមន៍​នៃសម្ព័ន្ធ​កសិករ​កម្ពុជា លោក​ ញឹល ភាព មើល​ឃើញ​ថា​រដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដី​ធ្លី​របស់​ប្រជា​ពល​រដ្ឋ​បាន​កម្រិត​ទាប​នៅ​ឡើយ លោក​ជំរុញឲ្យ​រដ្ឋាភិបាល​ពិចារណា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​លាស់ជាងនេះ។

នៅព្រឹកនេះ ពលរដ្ឋដែលធ្វើដំណើរពីខេត្តស្វាយរឿង និង ខេត្តកណ្តាលចំនួន​៣ក្រុមត្រូវបានអាជ្ញាធររារាំង និង ឃាត់សាកសួរ មុនអនុញ្ញាតឲ្យបន្តដំណើរដើម្បីដាក់ញត្តិនៅភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ