លោក ម៉ម សូណង់ដូ កាន់តំណែងប្រធានគណបក្សសំបុកឃ្មុំវិញ

លោក​ ម៉ម សូណង់ដូ (FB: BSDP)

គណបក្សសំបុកឃ្មុំ បានធ្វើសមាជវិសាមញ្ញកាលពីថ្ងៃទី១១ខែមីនា ហើយសម្រេចឲ្យលោក​ ម៉ម សូណង់ដូ ធ្វើជាប្រធានគណបក្សនេះវិញក្រោយប្រកាសលាឈប់មួយរយៈ។​

នៅលើទំព័រហ្វេសប៊ុករបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលើកឡើងថា៖«គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើកម្មវិធីប្រជុំសមាជវិសាមញ្ញ ដើម្បីអញ្ជើញលោក ម៉ម សូណង់ដូ ធ្វើជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឡើងវិញ។ លោក ម៉ម សូណង់ដូ បានត្រឡប់មកធ្វើជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឡើងវិញ»។​

លោក ម៉ម សូណង់ដូ បានប្រាប់VOD នៅថ្ងៃនេះថា ក្រោយ​ពី​គណ​បក្សសង្គ្រោះជាតិត្រូវ​បានតុលាការរំលាយ និងដកសិទ្ធិតំណាងរាស្ត្រ១១៨រូប កាលពីខែវិច្ឆិកា ឆ្នាំមុន ​មិន​ឲ្យ​​ចូល​ធ្វើនយោបាយ​ ជាពិសេសលោក សម រង្ស៊ី និរន្ទេសខ្លួនទៅក្រៅប្រទេស ហើយ​លោក កឹម សុខា ជាប់ពន្ធ​នា​គារ ធ្វើឲ្យបាត់បង់​អ្នកប្រជាធិបតេយ្យ ដើម្បីចូលរួមប្រកួតប្រជែងជាមួយបក្សកាន់អំណាច​។

ករណីនេះលោក សូណង់ដូ បញ្ជាក់ថា ធ្វើឲ្យ​​លោកសម្រេច​ដើរចូល​បក្សសំបុកឃ្មុំ​វិញ ដើម្បី​បន្តលើកស្ទួយ​ប្រជា​ធិបេយ្យនៅកម្ពុជា​ឡើងវិញ។

លោកប្រាប់ថា «យើងជ្រើសរើសប្រជាធិបតេយ្យសេរីពហុបក្ស មានអ្នកគ្រប់គ្រង មានអ្នកប្រឆាំងកែតម្រូវ ហើយ​ឥឡូវ​គណបក្សប្រឆាំងរលាយ ហើយពូនឹកឃើញថា នៅក្នុង​បេះដូងប្រជាពលរដ្ឋមាន៣គឺលោក សម រង្ស៊ី​នៅ​ក្រៅ​ប្រទេសគាត់អត់អាចចូលបាន​ ហើយលោក កឹម សុខា គាត់នៅក្នុងគុក…ពូត្រូវ​ធ្វើអ្វីមួយ ដើម្បី​បន្ត​សកម្ម​ភាព​ទៅមុខតទៅទៀត​…កាតព្វកិច្ចពូត្រូវតែចូលរួមលើកទង់​ជ័យ​អ្នក​ប្រជាធិបតេយ្យបន្តទៀត»។

លោក ម៉ម សូណង់ដូ ប្រកាសឈប់ធ្វើនយោបាយ និងលា​លែ​​​ង​ពីតំណែងប្រធាន​វិទ្យុសំបុក​ឃ្មុំកាល​ពីដើម​ខែមករា ឆ្នាំ២០១៨ ដោយ​ថា ដើម្បីទុកឱកាសឲ្យមនុស្សជំនាន់ក្រោយជាអ្នកបន្តវេន ខណៈ​តុលាកា​រ​បង្គាប់​ឲ្យ​ចូល​​​បំភ្លឺនៅខែនេះ ក្នុង​​សំណុំ​​​រឿង​ចោទប្រកាន់ លោក កឹម សុខា ថា«ក្បតិជាតិ»។

លោក ម៉ម សូណង់ដូ ត្រូវបានគេស្គាល់លោក​តាម​រយៈ​ការ​ផ្សាយ​សំឡេង​របស់​វិទ្យុ​សំបុក​ឃ្មុំ ការធ្វើបទ​ស​ម្ភា​ស​ន៍​ទា​ក់ទិននឹង​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម ជាពិសេស ​តាមរយៈ​កំណាព្យ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “តើខ្ញុំអាចរស់បានដល់ពេលណា?“។

ប៉ុន្តែ​បុរសដែលមានអាយុជាង ៧០ឆ្នាំរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះ  ត្រូវបានតុ​លាកា​​រចាប់ដាក់​ពន្ធ​នា​​​គា​រចំនួន ៣ដងរួចមកហើយ ​ក្នុង​សំណុំ​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជាអំឡុងឆ្នាំ២០០៣ សំណុំ​រឿ​​ង​​​​​​​សន្ធិ​​​ស​ញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គមន៍​នៅឃុំប្រម៉ា​​ក្នុង​​​ខេត្តក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ