វិភាគ៖ តើវត្តមានអ្នករាយការណ៍ពិសេសUNជួយស្តារបញ្ហាសិទ្ធិមនុស្សឬទេ?

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានមកបំពេញបេសកកម្មជាថ្មីទៀតនៅកម្ពុជា ដោយប្រើរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្តាហ៍មុន។

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានមកបំពេញបេសកកម្មជាថ្មីទៀតនៅកម្ពុជា ដោយប្រើរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្តាហ៍មុន។

បេសកកម្មរបស់អ្នករាយការណ៍ពិសេសនេះ ជួ​បម​ន្ត្រី​​​​ជាន់ខ្ពស់រដ្ឋា​ភិបា​​ល តំណាង​អង្គការសង្គមស៊ីវិល និ​ង​តំ​​ណាងទូតនានា ដើម្បីពិនិត្យមើលពីការរីកចម្រើននៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជា​ធិបតេយ្យ​នៅក​ម្ពុជា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ការដែលលោកស្រី រ៉ូណា ស្មីត មកដល់កម្ពុជាពេលនេះ ចំពេលស​ហគមន៍​អន្តរជាតិ កំពុងថ្កោលទោស រដ្ឋាភិ​បា​លថា បានព្យាយាមដើរចេញពីគន្លងប្រជាធិបតេយ្យ ដោយសារតែចាប់ឃុំខ្លួន លោក កឹម សុខា រំលាយគ​ណ​បក្ស​ស​​ង្គ្រោះ​ជាតិ បិទប្រ​ព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលហ៊ាននិយាយរិះគ​ន់រ​ដ្ឋា​​​ភិបាល រឹតបន្តឹងសេរីភាពបញ្ចេ​ញមតិ គំរាមកំហែង​អ្នកឃ្លាំ​មើលសិទ្ធិ​មនុស្ស​ជាដើម។

តើវត្តមានអ្នករាយការណ៍ពិសេសអាចជួយស្តារបញ្ហាសិទ្ធិមនុស្សបានឬទេ?

ក្រោយមកដល់មួយថ្ងៃ លោកស្រី ​រ៉ូ​ណា​ ស្មី​ត ​ ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ​អង្គ វង្ស​វ​ឌ្ឍានា ថា លោ​ក​ស្រី​ ព្រួយបារម្ភ​​ពី​​វិសោធនកម្ម​​ច្បាប់​រដ្ឋធម្មនុញ្ញ ​និង​​វិសោធនកម្ម​​ក្រម​ព្រហ្មទណ្ឌ​​ថ្មី​ ដោយថា ការកែច្បា​ប់​ទាំង​នេះ ​ជា​​​ការ​​​រិត​ត្បិត​​សិទ្ធិសេរីភាព​​បញ្ចេញ​មតិ​​នៅ​​កម្ពុជា​។

ប្រហាក់ប្រហែលគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល ចំនួន៦៤ កាលពីថ្ងៃទី២១ខែកុម្ភៈ បានចេញសេ​ចក្តីថ្លែង​ការណ៍​រួម ចាត់ទុកថា ការ​ស្នើ​ធ្វើវិសោធនកម្ម​ច្បាប់ទាំងនេះ ​បាន​បង្កជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​មនុស្ស ​និងសេរីភាព​មូលដ្ឋាន។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បង្ហាញការព្រួយបារម្ភថា ការ​ធ្វើ​វិសោធនកម្ម​​នេះ ​អាច​​​​ជា​អាវុធ​ស្រប​ច្បាប់​ន្ថែមទៀ​ត​​ សម្រាប់​​រដ្ឋាភិបាល​ ដែលហាក់ដូចជា​មានបំណង​លុប​បំបាត់គ្រប់​ទម្រង់នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី ពហុនិ​យម និង​កា​រ​ពិភាក្សា​​នយោបាយ​ដែល​បើកចំហ។

អ្នកវិភាគនយោបាយលោក មាស នី ពន្យល់ថា វត្តមានអ្នករាយការណ៍ពិសេស របស់អង្គការ​សហប្រជា​ជាតិ​ មកកម្ពុជា ដើម្បីពិនិត្យមើលពីប្រសិទ្ធភាពនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ លោកថា បា​ន​កើ​ត​​មានជាហូរហែ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក មាស នី វិភាគថា វត្តមានលោកស្រី រ៉ូណា ស្មីត លើទឹកដីកម្ពុជា ពិតជាមានឥទ្ធិពលដល់​ការជំរុញការ​គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយថា លោកស្រី រ៉ូណា ស្មីត ជាអ្នកមកសិក្សាស្រាវជ្រាវ រកការពិត​ ពីបញ្ហានៅកម្ពុជា យកទៅប្រាប់ពិភពលោក នៅអង្គការសហប្រជាជាតិ។

លោកថា៖ «អញ្ចឹងរបាយការណ៍មួយនេះ វានឹងអាចក្លាយជារបាយការណ៍បន្ថែមទម្ងន់​ទៅលើអ្វីដែល​ជាការពិតដែ​លកំពុងកើ​តមាននៅស្រុកខ្មែ​រយើងហ្នឹង។ អញ្ចឹងធ្វើ​ឲ្យរដ្ឋាភិបាលពិបាកនឹងលាក់នូវអ្វីដែ​លកំពុងកើតមា​ននៅ​ស្រុ​កយើង»។

លោក មាស នី វិភាគទៀតថា អ្វីដែលរុញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឲ្យដើរទៅមុខលឿន ធានានូវសន្តិ​ភាព​បានយូរអង្វែង នោះលោកថា គឺអ្នកនយោបាយខ្មែរ ត្រូវរៀនអង្គុយទល់មុខគ្នាស្វែ​ងរកដំណោះស្រាយ ​ដោយ តម្កល់​​ប្រយោជន៍ជាតិជាធំ ដោយមិនត្រូវដេកចាំសំណាងតែពីភាគីទី៣។

លោកថា៖ «ជារឿងសំខាន់ មុនទៅដោះស្រាយរឿងស្អីទាំងអស់ គឺភាគីខ្មែរដែលកំពុងពា​ក់ព័ន្ធនឹងជម្លោះគឺត្រូ​វតែ​វិល​​មកមើលមុខគ្នាវិញ ហើយរកវិធីជជែកគ្នាដោយសន្តិវិធី។ហើយរឿងហ្នឹងវាអាចធ្វើទៅបាន វាអាស្រ័​យទៅ​លើ​​​​ចរឹតផ្ទាល់ខ្លួន របស់មេដឹកនាំមួយៗដែរ។​ បើសិ​នជាមេដឹកនាំ​នៅតែព្យាយាមចោល​ដុំភ្លើងដាក់គ្នាទៅវិញទៅ​មកដូចរាល់ថ្ងៃនេះ កុំស​ង្ឃឹមថាសង្គមខ្មែ​រមួ​យ​នេះ​​​បានសុខ ហើយកុំសង្ឃឹមថាទឹកដីដ៏តូចនេះនៅគង់វង់ទៅខាងមុខ ដោយសារតែអ្នកដឹកនាំ​នៅតែ​ចោ​​លដុំថ្ម​ដាក់​គ្នា ដោយសារតែរឿងផ្ទាល់ខ្លួនដូចបច្ចុប្បន្ននេះ»។

នាយិការអង្គការសីលការ ដែលធ្វើការផ្តោតលើសិទ្ធិស្ត្រី លោកស្រី ធីតា ឃឹះ វិភាគថា ការប្រែប្រួលពីបញ្ហាសិទ្ធិមនុស្ស អាស្រ័​យលើ​​រដ្ឋាភិបាលកម្ពុជាច្រើនជាង ប៉ុន្តែថា លោកស្រី រ៉ូណាស្មីត ក៏អាចធ្វើឲ្យកម្ពុជា​បាក់មុខលើ​ឆាកអន្ត​រជា​តិ​ដែរ បើអ្ន​កដឹ​កនាំគ្មានភាពវ័យឆ្នាត ពីការតាំងចិត្តជំរុញយន្តការប្រជាធិបតេយ្យនេះ។

លោកស្រីថា៖ «អាហ្នឹងវាអាស្រ័យលើអ្នកដែលកាន់តួនាទីនិងសមាជិករាជរដ្ឋាភិបាលគាត់យកចិត្តទុកដាក់នឹងយល់ដឹង នឹង​យ​កចិត្តទុកដាក់ អំពីរឿងនេះប៉ុន្មាន? ដើម្បីសម្រួលស្ថានភាពកុំឲ្យវាធ្ងន់ធ្ងរជាងនេះទៅទៀត»។

បើតាមលោកស្រី ធីតា ឃឹះ អ្វីដែលកម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ គឺ បើកលំហប្រជាធិបតេយ្យ និងនីតិរដ្ឋ។​

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា វត្តមានអ្នករាយកា​រណ៍ពិ​សេស​រប​ស់អង្គកា​រសហប្រ​ជា​ជាតិ​លើទឹកដីកម្ពុជានៅតែមានឥទ្ធិពល ជំរុញឲ្យរដ្ឋាភិបាលពិចារណាពីការគោរពសិទ្ធិមនុស្ស និងការធ្វើន​យោបា​យ។ ប៉ុន្តែលោកថា គេត្រូវប្រើពេលយូជាងនេះបើរដ្ឋាភិបាលគ្មានឆន្ទៈ។

លោកថា៖ «ការប្រែប្រួលនឹងវាមានតិច ប៉ុន្តែការប្រែប្រួលនេះ​វានឹងជះឥទ្ធិពលឲ្យ​មានការប្រែប្រួលដ៏ធំមួយទៅ​ថ្ងៃ​អនា​គត ពិសេសខ្ញុំយល់ឃើញថា បើអង្គការសហប្រជាជា​តិមិនបញ្ឈប់នូវការដា​ក់សម្ពាធនិងអ​នុសាសន៍​មួយ​ចំ​នួ​​ន​ដ​​​ល់រដ្ឋាភិបាលទេ ខ្ញុំជឿជាក់ថាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹង​មានការប្រែ​ប្រួលនឹងមា​នការផ្លាស់​ប្តូរដ៏​ធំ​មួយ»។

ទោះជាយ៉ាងណាអ្នកវិភាគថា បេសកកម្ម របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ មកកម្ពុជា ជារបាំងមួយទប់កម្ពុជាមិនឲ្យវិលទៅរករបបផ្តាច់ការលឿនពេក ដូចពីអតីតកាល។​

ប៉ុ​ន្តែ​​​ថាបើ​រដ្ឋា​ភិបាលមួយ​ដឹង​​ខ្លួ​ន​​មុ​​​នថា ការបើកលំហប្រជាធិបតេយ្យខ្លួននឹងចាញ់ការបោះឆ្នោ​តនៅ​ពេល​ខាង​មុខ​​ ប្រ​សិ​ទ្ធិ​ភា​ពនៃកា​រដា​ក់​​​ស​ម្ពា​ធ ពីប្រទេ​​សលោកសេរី នឹងត្រូវអូសបន្លា​យពេលច្រើនជាងនេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។