លោក​ស្រី រ៉ូណា ស្មីត សួរ​លោក ស ខេង ករណី​បាញ់​ប្រហារ​នៅខេត្ត​ក្រចេះ

លោក ស្រី រ៉ូណា ស្មីត និង លោក ស ខេង ក្នុងជំនួបមួយកាលពីពេលកន្លងនៅភ្នំពេញ (រូបភាព The Cambodia Daily)

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ លោក​ស្រី រ៉ូណាស្មីត ចោទ​សួរ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ពី​ករណី​បាញ់​ប្រហារ​នៅ​ខេត្ត​ក្រចេះ។

ប្រធាន​នាយក​ដ្ឋាន​​ទំនាក់​ទំនងអន្តរជាតិរបស់​ក្រសួង​មហា​ផ្ទៃ លោក ផាត សុផានិត បាន​ឲ្យ​អ្នក​សារព័ត៌មាន ដឹង​បន្ទាប់​ពី​ជំនួប​រយៈពេល​ជិត​​២​ម៉ោង រ​វាង​រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ​ លោក ស ខេង និង​លោក​ស្រី​ រ៉ូណា ស្មីត នៅ​រសៀល​ថ្ងៃ​ទី​១២ មីនា នេះថា លោកស្រី រ៉ូណា ស្មីត បាន​សួរកិច្ច​ការអនុវត្តន៍​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជាមួយ​ចំនួន ក្នុង​នោះ​រួម​ទាំង​​ការ​វិវត្តន៍​ថ្មី​នៃ​ករណី​បាញ់​ប្រហារ​នៅ​ខេត្ត​ក្រចេះ​។

បើតាមលោក ផាត សុផានិតគឺ ​លោក​ស ខេង បាន​ឆ្លើយ​តបថា ​លោក​បាន​ទទួល​របាយការណ៍​បឋម និង​បាន​ចាត់​មន្ត្រី​ទៅ​ពិនិត្យ​បន្ថែម​ចំពោះ​ករណី​នេះ​ហើយ។

លោក​ថា៖ «គាត់​បាន​ជម្រាប​សួរ​សម្តេច​ថា​ សម្តេច​បាន​ទទួល​បាន​រឿង​អី​បន្ថែម​ ចំពោះ​ករណីនៅ​ខេត្ត​ក្រចេះទេ? សម្តេច​ថា នៅពេល​នេះ​សម្តេច​ បាន​ទទួល​ព័ត៌មាន​បឋម​មួយ​ចំនួន​ដែរ។ តែ​សម្តេច ​បាន​ចាត់​ក្រុម​ពី​ក្រសួង​មហា​ផ្ទៃមាន​ទាំង​ខាង​នគរ​បាល​ មាន​ទាំង​អធិការ​កិច្ច ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម ទៅ​លើ​ករណី​ដែល​កើត​ឡើង​នៅ​ក្រចេះ​នេះ។ ហើយ​រហួត​មក​ទល់​ពេល​នេះ សម្តេច ​ក៏​ពុំ​ទាន់​បាន​របាយការណ៍​អ្វី​បន្ថែម​ ពី​ក្រុម​ការ​ងារ​នេះ​ដែរ។ ពេល​ដែល​បាន​ទទួល​យ៉ាងណាៗ​ នោះ​សម្តេច​នឹង​ធ្វើ​ការ​បន្ត​ទៀត​នៅពេល​ដែល​ទទួល​បាន​លទ្ធផល​»

កាលពីថ្ងៃទី៨ខែមីនា មានហេតុការណ៍សមត្ថកិច្ចបាញ់ប្រហារលើប្រជាពលរដ្ឋដែលតវ៉ាករណីដីធ្លី។​ ក្រោយ​កើតហេតុ​ប្រជា​ពល​រដ្ឋនិងសមត្ថកិច្ចបកស្រាយខុសគ្នា។​

ពលរដ្ឋថា សមត្ថកិច្ចចូលទៅដុតផ្ទះរបស់អ្នកភូមិ ដើម្បីយកដីឲ្យក្រុមហ៊ុនដាំកៅស៊ូរបស់វៀតណាម ក្រោយ​មក​ពលរដ្ឋ​ផ្ទុះការ​តវ៉ា ទើបសមត្ថកិច្ចបាញ់បង្ក្រាបបណ្តាលឲ្យស្លាប់៨នាក់ និង របួសជាង៤០នាក់ ខណៈអាជ្ញាធរខេត្តក្រចេះបានប្រកាសថា ពលរដ្ឋតវ៉ាបិទផ្លូវ ហើយប្រើប្រាស់កាំបិត ពូថៅ និង​ដំបង​​ជាដើម វាយប្រហារលើសមត្ថកិច្ចទើបមានការបាញ់បង្ក្រាប​កើត​ឡើង​។

អាជ្ញាធរអះអាង​ថា ក្នុងហេតុ​ការណ៍​ផ្ទុះអាវុធនេះ ​មិនមាន​អ្នកស្លាប់ទេគឺ មានអ្នករងរបួសចំនួន​៩នាក់ ហើយក្នុងនោះមានពលរដ្ឋ២នាក់និងសមត្ថកិច្ច៧នាក់។​

កាលពី​ថ្ងៃ​ទី​១០ មីនា ​មន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ អះអាងថា ពួកគេមិនអាច ចូល​ទៅ​កាន់​ទីតាំង​ដែលមានការបាញ់ប្រហារពីសមត្ថកិច្ចលើពលរដ្ឋតវ៉ារឿងដីធ្លី នៅស្រុកស្នួលខេត្តក្រចេះបានទេ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ ស្មី​ត បានចាប់ផ្ដើម​ទស្សនកិច្ច​នៅ​កម្ពុជា ​ចាប់ពី​ថ្ងៃ​ទី៥ រហូត​ដល់​ថ្ងៃទី១៤ខែមីនា ក្នុងគោលបំណងធ្វើរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដាក់ជូនទៅក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គ​ការ​សហ​ប្រជាជាតិ នាខែកញ្ញាឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ