នៅវេលាម៉ោង ៩កន្លះព្រឹក សំឡេងតឺតៗ បានបន្លើឡើងក្នុងស្ថានីយ៍អយស្ម័យយានកម្ពុជា ជាសញ្ញាប្រាប់ដំណឹងថា យានជំនិះដ៏វែងមួយខ្សែចាប់ផ្ដើមចេញដំណើរ បន្ទាប់ពីវាមិនបានដំណើរការអស់រយៈពេលប៉ុន្មានទសវត្សរ៍មកហើយនោះ។ ប៉ុន្តែ វាគ្រាន់តែជាខ្សែរថភ្លើងមួយកំណាត់ដែលតភ្ជាប់កាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតែប៉ុណ្ណោះ បន្ទាប់ពីវាត្រូវបានដាក់ឲ្យដំណើរការកាលពីព្រឹកថ្ងៃទី១០ ខែមេសានេះ។
យានជំនិះប្រវែងមួយនេះ ត្រូវបានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអ៊ីនថឹណីត WiFi សម្រាប់អ្នកដំណើរប្រើប្រាស់ដោយសេរី ខណៈនៅចុងម្ខាងនៃទូររថភ្លើង ក៏មានហ្វ្រីភ្លើងសម្រាប់សាកថ្មទូរស័ព្ទផង។ ដោយរត់នៅលើផ្លូវដែកក៏ដោយ រថភ្លើងមួយខ្សែនេះ បានចេញដំណើរទៅមុខជាមួយសភាពឃ្លេងឃ្លោង។
ជាមួយនឹងកំណាត់ខ្សែរថភ្លើងប្រវែងជិត ១០គីឡូម៉ែត្រនេះ រដ្ឋាភិបាលបានបង្ហាញក្ដីសង្ឃឹមថា កំណាត់ខ្សែរថភ្លើងនេះ នឹងជួយសម្រួលដល់អ្នកដំណើរ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានមួយផ្នែក។
ចំថ្ងៃនៃការបើកឲ្យដំណើរការនោះ សាធារណជនមិនជាច្រើនកុះករទេបានឡើងជិះសាកល្បងនូវកំណាត់ខ្សែរថភ្លើងនោះ ហើយបន្ទាប់មក ពួកគេក៏បង្ហាញនូវការយល់ឃើញថា រដ្ឋាភិបាលគួរតែអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមយានយន្តវែងៗបែបនេះបន្ថែមទៀត ខណៈដែលប្រទេសជិតខាងកម្ពុជា បានប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈបែបនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួននៅក្នុងទីក្រុង។
ស្ថិតក្នុងទឹកមុខញញឹមញញែម កំពុងផ្ដិតយកទិដ្ឋភាពតាមដងផ្លូវ និងផ្ញើសារប្រាប់មិត្តភ័កិ្តពីការប្រើប្រាស់សេវារថភ្លើងនេះ សិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុកម្នាក់ យុវជន ហ៊ឹង គឹមហេង ប្រាប់ថា នេះជាលើកទីមួយដែលរូបគេបានជិះរថភ្លើងសារធារណៈ។
យុវសិស្សរូបនេះ បង្ហាញការយល់ឃើញថា ការធ្វើដំណើរតាមរថភ្លើងលឿនរហ័ស និងសុវត្ថិភាពជាងការធ្វើដំណើរតាមយានយន្តតាមដងផ្លូវដែលពោរពេញទៅដោយយានយន្តដ៏ណែនណាន់តាន់តាប់។ លោកបន្ថែមថា បន្ទាប់ពីចុះពីរថភ្លើងនេះ លោកនឹងបន្តដំណើរតាមឡានក្រុងសាធារណៈទៅផ្ទះបន្តទៀត។
សិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុកម្នាក់ យុវជន ហ៊ឹង គឹមហេង
ស្ថិតនៅលើកំណាត់ផ្លូវដែកដែលឆ្លងកាត់តាមទីប្រជុំជន ៣កន្លែងនោះ អ្នកដំណើរអាចមើលឃើញសំណង់ធំតូច និងថ្មីចាស់ ទេសភាពបឹងតូចៗ និងភាពរាយប៉ាយនៃសំរាម ព្រមទាំងផ្ទះសម្បែងរដេបរដុបរបស់ប្រជាជននៅសងខាងផ្លូវដែក មុននឹងចូលទៅចំណតចុងក្រោយរបស់វាស្ថិតនៅក្នុងព្រលានយន្តហោះ។
អ្នកជិះរថភ្លើងពីព្រលានមកកាន់ស្ថានីយអយស្ម័យយានវិញ អ្នកស្រី សំណាង ដែលបាននាំកូនក្មួយ និងប្អូន ៦នាក់ទៅជិះសាកល្បងសេវារថភ្លើងសាធារណៈ បានឲ្យអ្នកសារព័ត៌មានដឹងថា អ្នកស្រី និងក្រុមគ្រួសារសប្បាយចិត្ត ដោយថា ការដាក់ដំណើរការខ្សែរថភ្លើងនេះ បានជួយកាត់បន្ថយការចំណាយ និងជួយសម្រួលចរាចរណ៍បានច្រើន។
អ្នកជិះរថភ្លើងពីព្រលានមកកាន់ស្ថានីយអយស្ម័យយានវិញ អ្នកស្រី សំណាង
ទោះជាយ៉ាងណា សម្រាប់អ្នកទេសចរណ៍បរទេសដែលបានសាកល្បងរថភ្លើងនេះ ពួកគេយល់ថា រថភ្លើងនេះនៅមានចំណុចខ្វះខាតច្រើន ទាក់ទងនឹងស្ថានភាពផ្លូវ ល្បឿនរបស់រថភ្លើង និងភាពទៀងទាត់នៃការធ្វើដំណើរ។
ទើបតែមកពីជូនមិត្តភ័ក្រត្រឡប់ទៅប្រទេសចិនវិញ យុវជនជនជាតិចិនម្នាក់អាយុប្រមាណ ២៨ឆ្នាំ លោក ខេវិន ដែលមកពីខេត្តហ្កួយចូវ(Guizhou) ថា ស្ថានភាពខាងក្នុងរថភ្លើងមានផាសុកភាពដែលអាចទទួលយកបាន តែលោកថា ប្រសិនបើប្រៀបធៀបជាមួយរថភ្លើងដែលលោកធ្លាប់ជិះនៅប្រទេសរបស់លោក លោកថា រថភ្លើងសាធារណៈនៅកម្ពុជា ត្រូវការពេលវេលាបន្ថែមទៀតក្នុងការអភិវឌ្ឍសេវារថភ្លើងសាធារណៈនេះ។
យុវជនជនជាតិចិនម្នាក់អាយុប្រមាណ ២៨ឆ្នាំ លោក ខេវិន
បន្ទាប់ពីជិះរថភ្លើងសាធារណៈនេះ អ្នកស្រី Linda និងស្វាមីដែលមកពីទីក្រុងហុងកុងប្រទេសចិន បានប្រាប់ថា រថភ្លើងសាធារណៈនេះ គួរតែផ្ទៀងផ្ទាត់ទៅនឹងពេលវេលា និងការធ្វើដំណើរ ខណៈអ្នកទាំងពីរថា ពួកគេត្រូវរង់ចាំអស់ពេល ៣០នាទី ហើយនឹងធ្វើដំណើរអស់ពេលជិត ១ម៉ោងទៀតទើបមកដល់ចំណតស្ថានីយភ្នំពេញ។
អ្នកស្រី Linda មកពីទីក្រុងហុងកុងប្រទេសចិន
ការចំណាយពេលដល់ទៅជិតមួយម៉ោងក្នុងការត្រឡប់មកវិញនេះដោយសារតែរថភ្លើងត្រូវឈប់សំចតនៅស្នាក់ការសំចតបណ្តោះអាសន្ន ដើម្បីរង់ចាំរថភ្លើងទៅកាន់ព្រលានឆ្លងកាត់ ដោយសាររថភ្លើង២កំពុងប្រើប្រាស់ផ្លូវតែមួយក្នុងការធ្វើដំណើរ។
នៅអំឡុងពេលបើកដំណើរការកំណាត់រថភ្លើងនេះ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសន្យាថា ក្រសួងនឹងអភិវឌ្ឍបន្ថែមទៀតចំពោះការរៀបចំខ្សែររថភ្លើងនេះ ឲ្យកាន់តែប្រសើរនាពេលខាងមុខ ខណៈកំពុងរង់ចាំទូររថភ្លើងទំនើបចំនួន ៣ទៀតមកពីប្រទេសម៉ិចសិចកូ។
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល
បើតាមក្រសួងសាធាណៈការ ប្រជាពលរដ្ឋដែលចង់ជិះសាកល្បងសេវារថភ្លើងសាធារណៈនេះ អាចចូលរួមធ្វើដំណើរបានដោយឥតគិតថ្លៃពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ កក្កដាខាងមុខ៕