កម្មករប្រមាណ៤០០នាក់ធ្វើការនៅរោងចក្រមួយក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានប្រមូលផ្តុំតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីទាមទារប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
កម្មករប្រមូលផ្តុំនៅមុខរោងចក្ររបស់ពួកគេឈ្មោះរោងចក្រដាយ យ៉ាំង ដោយមានលើកបដា សរសេរអក្សរទាមទារប្រាក់ឈ្នួល៣ខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេង។ ក្នុងបដាពួកគេក៏មានដាក់រូបលោកនាយករដ្ឋមន្ត្រី និងភរិយា ដើម្បីសុំឲ្យជួយស្វែងរកដំណោះស្រាយ។
កម្មករបានរៀបរាប់ថា រយៈពេលបីខែហើយដែលថៅកែ មិនបានបើកប្រាក់ឈ្នួលឲ្យហើយប្រាប់ថា ក្ស័យធន។ បើតាមកម្មករដែលតវ៉ាបញ្ជាក់ថា ថៅកែមិនបានក្ស័យធនទេ គឺបានទៅបើករោងចក្រផ្សេងទៀតនៅខេត្តកណ្តាល។
ការតវ៉ានៅព្រឹកនេះ មិនទាន់មានអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធដោះស្រាយនៅឡើយទេ។ វីអូឌី ក៏មិនទាន់អាចសុំការពន្យល់ករណីនេះ ពីភាគីរោងចក្របានដែរ។
បើតាមកម្មករដែលតវ៉ាបញ្ជាក់ថា ពួកគាត់ធ្វើការនៅក្នុងរោងចក្រនេះ ចន្លោះពី៤ទៅ១៥ឆ្នាំ ហើយចោទថា ថៅកែចង់គេចវេសមិនព្រមផ្តល់ប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗទើបប្រកាសក្ស័យធន។