អាជ្ញាធរខេត្តតាកែវបិទទីតាំងកែច្នៃស្ករត្នោត៤៣កន្លែង

ឧបករណ៍និងទីកន្លែងកែច្នៃស្ករត្នោត(រូបពីរដ្ឋបាលស្រុកបាទី)

អាជ្ញាធរចម្រុះ​ខេត្តតាកែវបានចុះបង្រ្កាប និងបិទទីតាំងផលិតស្ករត្នោតចំនួន ៤៣ កន្លែងដោយថាសិប្បកម្ម​ទាំងនោះគ្មានច្បាប់អនុញ្ញាត និង ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។

កាលពីព្រឹកថ្ងៃសុក្រទី ១១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ អាជ្ញាធរស្រុក មន្ត្រីមន្ទីរឧស្សាហកម្ម សិប្បកម្ម និងមន្រ្តីជំនាញកាំកុងត្រូលខេត្ត បានចុះបិទ និងធ្វើការរឹបអូសនូវសម្ភារ សម្រាប់ផលិតស្ករ​ត្នោត​ខុសច្បាប់ចំនួន ៤៣កន្លែង ស្ថិតនៅ ស្រុកបាទី ខេត្តតាកែវ។ នេះបើតាមការចុះផ្សាយ​របស់ផេកហ្វេសប៊ុករដ្ឋបាលស្រុកបាទី

តាមការចុះផ្សាយដដែលប្រធានសាខាកាំកុងត្រូលខេត្តតាកែវលោក ប៉ោ លាងគង់ បានលើកឡើងថា ការផលិតស្ករត្នោតក្លែងក្លាយនេះ ធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ព្រោះការផលិតគ្មានអនាម័យ និងគ្មានបច្ចេកទេសត្រឹមត្រូវ។

តាមការចុះផ្សាយដដែលលោក ប៉ោ លាងគង់បន្តថា ការផលិតស្ករត្នោតនេះ​ពួកគាត់មិនបានយកវត្ថុធាតុដើមទឹកត្នោតយកមកផលិតនោះទេ គឺគ្រាន់តែយកស្ករស ប្រេងឆា ទឹកមិនស្អាត​​កែច្នៃចេញជាស្ករត្នោត

តាមការចុះផ្សាយដដែលនោះអភិបាលស្រុកបាទីលោក ភួន ឈីម ដែលបានចុះទៅដល់ទីតាំងបាន​លើកឡើងថា កន្លងមកអាជ្ញាធស្រុក និងមន្រ្តីជំនាញមានការយោគយល់ដោយគ្រាន់តែចុះអប់រំ ណែនាំឲ្យសិប្បកម្មទាំង ៤៣ទីតាំងនោះបញ្ឈប់សកម្មភាពផលិតស្កត្នោតក្លែងក្លាយ តែម្ចាស់​សិប្បកម្មនៅ​តែបន្ត​ផលិតដដែល ទើបអាជ្ញាធរសម្រេចបិទចោល៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ