កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងលើការសហការទប់​ស្កាត់ភេរវកម្ម និងបដិវត្តន៍ពណ៌

លោក ចាវ ឃើជឺ និងលោក ស ខេង

ក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិនបានចុះកិច្ចព្រមព្រៀងគ្នាលើការ​សហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឆ្លងដែន និងការទប់ស្កាត់បដិវត្តន៍ពណ៌ប៉ុនប៉ងបំផ្លិចបំផ្លាញ​សន្តិសុខ​ជាតិ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី ១១ ខែ ឧសភា ម្សិលមិញ​រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង និង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន លោក ចាវ ឃើជឺ (​Zhao​ Kezhi) បានប្រជុំពិភាក្សាការងារនៅឯទីស្ដី​ការក្រសួង​មហាផ្ទៃ រួចចុះអនុស្សរណៈយោគយល់គ្នា​។

តាមការចុះផ្សាយដដែលប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានលើកឡើងថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានសន្យា​រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការទប់ស្កាត់នូវអំពើភេរវកម្ម ការទប់ស្កាត់ និងបង្រ្កាបនូវចលនាបដិវត្ដន៍ពណ៌ និងបទល្មើសផ្សេងៗ​ទៀតដែលជាកត្តាធ្វើ​ឲ្យអសន្តិ​សុខ​ជាតិ និងសង្គមជាដើម ។

តាមការចុះផ្សាយដដែលលោក ផាត សុផានិត បានបន្ថែមថា នៅក្នុងកិច្ចប្រជុំនោះលោក ស ខេង និង​លោក ចាវ ឃើជឺ (Zhao Kezhi) ក៏បានសន្យា​ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម​ក្នុងការទប់ស្កាត់​បទល្មើ​ស តាមអ៊ីនធើណែត បង្រ្កាបការជំរិតទារប្រាក់តាមរយៈអ៊ីនធើណែត បទល្មើស​សេដ្ឋកិច្ច ការប្រឆាំងការ​ជួញ​ដូរមនុស្ស និងបទល្មើសជាច្រើនទៀតផងដែរ។

តាមការចុះផ្សាយដដែលបន្ថែមថានៅក្នុងកិច្ចប្រជុំលោក ស ខេង ក៏បានស្នើសុំឲ្យភាគីចិន​បន្តបណ្តុះ​បណ្តាលធនធានមនុស្ស និងជំនាញការទប់ស្កាត់បទល្មើសផ្សេងៗដល់មន្រ្តីក្រសួងមហាផ្ទៃបន្ថែមទៀត  និង បន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្របខណ្ឌជាតិ-អន្តរជាតិសំដៅការពារពីការរិៈគន់ជាសាធារណៈ​ ទាក់ទង​នឹង​បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបញ្ហាសង្គមផ្សេងៗធ្វើជាលេស ។

តាមការចុះផ្សាយនោះ លោក ផាត សុផានិត ក៏លើកឡើងដែរថាលោក ស ខេង ក៏បានស្នើ​សុំឲ្យ​ភាគី​ចិន​ សហការផ្លាស់ប្តូរបទពិសោធន៍ការងារគ្រប់គ្រងអង្គការសង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយ​តាម​បែប​ទំនើប ដើម្បីក្តាប់ឲ្យបានហ្មត់ចត់នូវចេតនាបំផ្លិចបំផ្លាញ ដែលមានគោលដៅបង្កអស្ថិរភាពសង្គម និង ផ្តួលរំលំរាជរដ្ឋាភិបាលជាដើម៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ