លោក កឹម សុខា៖ ការ​បោះឆ្នោត​២០១៨ គួរតែ​ប្រកួត​គ្នា​ដោយ​គោល​នយោបាយ​ជាង​ការគំរាម

លោក កឹម សុខា អតីតប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ

ប្រធាន​គណបក្សសង្គ្រោះ​ជាតិបាន​ថ្លែង​​ថា ​ក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិឆ្នាំ​២០១៨ ខាង​មុខ ​លោក​ចង់​ឲ្យមាន​ការ​ប្រកួត​​ប្រជែង​មួយ​ដោយគ្មាន​ការ​គំរាមកំហែងពី​បក្ស​​​ណា​មួយ​​ និង​​ថាគួរ​តែ​ប្រកួតគ្នា​ពីគោល​នយោបាយ​​​​វិញម្តង។

ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​លោក កឹម សុខា នៅព្រឹក​ថ្ងៃទី​១២ មិថុនានេះបាន​ថ្លែង​មិន​ចំ​ឈ្មោះ​តែ​ហាក់​ដូច​ជា​សំដៅ​ទៅ​លើ​​​បក្សប្រជា​ជន​កម្ពុជាថាបើ​បក្ស​នេះ​​​ចង់​រក្សា​សំឡេង​​​ឆ្នោត​របស់​ខ្លួន​នោះ សុំ​កុំ​ឲ្យ​​លោក​ ហ៊ុន សែន ​​ប្រើភាសា​គំរាមក្នុង​ពេល​ឃោសនា​​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ ដូច​ការ​ឃោស​នា​​ឆ្នាំ​២០១៧​នេះ។ ក្នុងពេលចុះអរគុណដល់អ្នកគាំទ្រ នៅខេត្តកំពង់ លោក​បន្ថែម​ថា​គួរតែ​ប្រកួត​ដោយប្រើ​ពី​​គោល​នយោបាយ​វិញ ព្រោះ​ថា​ការ​ឃោស​នា​ដោយ​​ការ​​​គំរាម​ពេល​បច្ចុប្បន្ន​នេះ​​វា​ហាក់​ដូច​ជា​លែ​ង​មាន​ប្រសិទ្ធភាពទៅ​​ហើយ។

លោក​ថា៖ «យើង​ចង់​បង្កើត​នូវ​វប្បធម៌​មួយ​ពី​ថ្ងៃនេះ​ទៅយើង​សុំ​ប្រកួត​គ្នា​ ប្រកួត​ពី​គោល​នយោ​បាយ​ដើម្បីគិត​ពី​អនាគត​ប្រទេស​ជាតិ និង​​ប្រជា​ពល​រដ្ឋកម្ពុជា​ដាក់​ជូន​ប្រជាពល​រដ្ឋ​ជា​អ្នក​សម្រេច​​បោះឆ្នោត​ឲ្យ​ទៅ​ចុះ។…ដូច​តំបន់ខ្លះ​ដែល​គណបក្សសង្គ្រោះ​ជាតិ​ឡើង​ខ្លាំង​នេះ ហើយ​គំរាម​ៗ មាន​គំរាម​បាន​តើកំពង់​ធំ សៀម​រាប​អ្នកណា​ដែល​ក្រជាង​អ្នក​ជន​បទ​នៅ​សៀម​រាប​ មាន​​អង្គរ​វត្ត​មួយ​ហើយ​នៅ​តែ​ក្រទៀត​នៅ​សៀម​រាប។ អ្នក​ណា​ដែល​ជម្លៀស​ចេញកូន​ចៅ​ចេញទៅ​ក្រៅ​បាត់​អស់​ច្រើន​ជាង​អ្នក​បាត់​ដំបង អ្នក​បន្ទាយ​មានជ័យ កសិផល​រក​ទី​ផ្សា​រមិន​បាន​អញ្ចឹង​ហើយអ្នក​ទាំង​អស់​នោះ​គេ​អត់​ខ្លាច​ការ​គម្រាម​ទេ។ គេ​ត្រូវ​ការ​ការ​ផ្លាស់​ប្តូរ ដើម្បី​កុំ​ឲ្យ​គំរាម បើចង់​បាន​សន្លឹក​ឆ្នោត​វិញ គឺ​កុំ​គំរាម​ទៅ​នឹង​ប្រហែល​​ជាបាន​សំឡេង​ឆ្នោត​ខ្លះ​ហើយ»។

លោក​បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បានឈ្នះ​មេ​ឃុំ​ និង​ចៅ​សង្កាត់​ជិត៥០០ និងចំនួន​ក្រុម​ប្រឹក្សា​ជិត​៥០០០នាក់ ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧នេះ ​ដែល​​ស្នើ​នឹង​ជិត​ពាក់​កណ្តាល​​​​នៃ​សមាជិកក្រុម​ប្រឹក្សា​ឃុំសង្កាត់ទូ​ទាំងប្រទេស ដែល​ចំនួន​នេះ​គឺ​កើន​ឡើង​យ៉ាង​ច្រើន​បើ​ធៀប​ទៅ​នឹងឆ្នាំ​​២០១២។

​អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​កម្ពុជា លោក សួស យ៉ារ៉ា​ មាន​ប្រសាសន៍​ថា​ការ​ថ្លែង​របស់​លោក​ កឹម សុខា នេះ​ជា​ការ​ថ្លែង​ឲ្យ​រួច​ពី​មាត់​ខ្លួន​ប៉ុណ្ណោះ និង​ថាជា​ការ​បិទបាំង​ភាព​អៀន​ខ្មាស​របស់​ខ្លួនចំពោះ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧។ លោក​បន្ថែម​ថា​ការ​ថ្លែង​ពី​សង្គ្រាម​របស់​លោក​នាយករដ្ឋ​មន្ត្រីគឺមិន​មែន​ជា​ការ​គំរាម​នោះ​ទេ​គឺ​គ្រាន់​តែរំលឹក​ពី​ប្រវត្តិសាស្ត្រ​ដើម្បីឲ្យ​ប្រជា​ពល​រដ្ឋ​ដឹង​ប៉ុណ្ណោះ។

លោក​ថា​៖ «គាត់​និយាយ​យកតែ​រួ​ចខ្លួន​រាល់តែ​ពេល កឹម សុខា ជាមនុស្ស​ដែល​និយាយ​មិន​ទទួល​ខុសត្រូវ គាត​និយាយ​ឲ្យតែ​បាន​និយាយ​។ ដូច​ជា​ការ​បោះឆ្នោត​លើក​នេះ​មាន​អ្នក​ណា​ទៅ​គំរាម​កំហែង លទ្ធផល​ដែល​គាត់​ទស្សទាយ​ថា​បាន​៧០​%​ គាត់​ទទួល​បាន​៧០%ពី​ពេល​ណាមក​អត់​មាន​ទេ! អញ្ចឹង​ឆ្នាំ​ក្រោយ​នេះ​គាត់​និយាយ​ដើម្បី​បិទ​បាំង​ភាព​អៀន​ខ្មាស​របស់​គាត់​ទេ។ … ដូច​ខ្ញុំនិយាយ​អញ្ចឹង សង្គ្រាម​ឬ​មិន​សង្គ្រាម​វា​មិន​មែន​ជាការ​ឃោស​នា​របស់​បក្សប្រជា​ជន​កម្ពុជា​ទេ! គណបក្សប្រជា​ជន​កម្ពុជា​ពឹង​លើ​គោល​ការ​ ពឹង​លើ​ផែនការ​ធ្វើ​មិច​ឲ្យ​ប្រជា​ជន​រស់​នៅ​បាន​ល្អ ប្រជា​ជន​កាន់តែ​ប្រសើ​ទទួល​បាន​សេវា​សាធារណៈកាន់​តែ​ល្អ​តែ​ប៉ុនហ្នឹង»។

ក្នុងអំឡុងពេល​យុទ្ធនាការ​បោះឆ្នោតឃុំ សង្កាត់ ឆ្នាំ​២០១៧នេះ​ ​​ប្រធាន​​បក្ស​ប្រជា​​ជន​កម្ពុជា​លោក ហ៊ុន សែន ជា​ញឹក​ញយ​តែ​ងតែ​ថ្លែង​ពី​លទ្ធភាព​នៃ​សង្គ្រាមលើ​កម្ពុជា​ប្រសិន​ជា​បក្ស​ប្រជា​ជន​​មិន​បាន​ដឹក​នាំ​ប្រទេស​បន្ត​ទៀត។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយលោក សូ ចន្ថា មាន​ប្រសាសន៍​ថា​ឆ្លងតាម​រយៈ​​បោះឆ្នោត​ឆ្នាំ​២០១៧ រួច​មក ​អាច​បញ្ជាក់​បាន​ថាការលើក​ឡើង​ពី​សង្គ្រាម​ដោយ​លោក​ហ៊ុន សែន​នេះ​វា​មាន​ប្រសិទ្ធិ​ភាព​​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ទៅ​លើ​លទ្ធផល​ឆ្នោត។ លោក​បន្ថែម​ថា ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​គ្រប់​គណ​បក្ស​នយោបាយ​គួរ​តែលើ​ក​យក​ពី​គោល​នយោបាយ​របស់​ខ្លួន​មក​ប្រកួត​ប្រជែង​វិញ​ទើប​ជា​ការ​ប្រកួត​មួយ​ដែល​ស្មោះត្រង់ ផ្តល់​ផលចំណេញ​ដល់​ពល​រដ្ឋ​ និង​ប្រទេស​ជាតិ។

លោក​ថា៖ «ខ្ញុំ​មើល​ជា​ទូទៅ​ការ​គំរាម​កំហែង​នៅ​មាន​ប្រសិទ្ធិភាព​ចំនួន​​ភាគ​រយ​តិច ជាពិសេស​ពល​រដ្ឋដែល​មាន​វ័យចំណាស់ដែល​ឆ្លងកាត់​នៅសង្គ្រាម​ឆ្លងកាត់​នូវ​ទុក​សោក​អី​ពី​អតី​តកាល​នោះ។ ក៏​ប៉ុន្តែ​សម្រាប់​មនុស្ស​វ័យ​កណ្តាល​ជា​មួយ​យុវជន ការ​គំរាម​បែបនេះ​គឺ​មិន​មាន​ឥទ្ធិពល​ថែម​ទៀត​នោះ​ទេ។ ជា​បទ​ពិសោធន៍​នាឆ្នាំ​២០១៣ យើង​ឃើញ​មាន​ការគំរាម​កំហែង​ដែរ ឃើញ​ថា​បក្សកាន់​អំណាច​ថយ​អាសនៈចំនួនប្រហែល​ជា​២២ ហើយ​ឆ្នាំ​២០១៧នេះលទ្ធផល​ឆ្នោត​បើ​ទោះ​បី​មិន​ទាន់​ចេញ​ជា​ផ្លូវការខ្ញុំ​មើល​ទៅ​បក្សកាន់​អំណាច​ដូច​ជា​ថយ​អាសនៈថយ​ចុះច្រើន»។

បើ​តាម​លោក ​សូ ចន្ថា ជាជាង​ការ​ថ្លែង​គំរាម​ពី​សង្គ្រាម​នោះគណបក្សប្រជា​ជន​គួរ​តែ​លើ​ក​យក​បញ្ហា​ដែល​​កម្ពុជា​កំពុងជួបប្រទះ​ចំនួន​៣ធំៗមក​ឃោសនា​​​វិញ។ គោល​នយោបាយ​ចំនួន​៣​នោះ​​ មាន​ដូ​ចជា​ការការ​កែទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌​សង្គម ការ​កែទម្រង់​វិស័យ​សុខាភិបាល និង​ការ​លើក​កម្ពស់​ផលិតកម្ម និងទីផ្សារ​កសិកកម្ម នោះ​លោក​ថា​វា​ពិ​តជា​អាច​ទាក់​ទាញ​ការគាំទ្រ​ពី​ប្រជាជន​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ