គ.ជ.ប សម្រេចរាប់សន្លឹកឆ្នោតឡើងវិញនៅខេត្តស្វាយរៀងចំនួន២៣ការិយាល័យ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានសម្រេចរាប់សន្លឹកឆ្នោតឡើងវិញចំនួន ២៣ ការិយាល័យនៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា មិនសុខចិត្តចំពោះការរាប់សន្លឹកឆ្នោតនៅថ្នាក់ខេត្ត។

ការរាប់សន្លឹកឆ្នោតព្រឹកមិញនេះ ក៏មានការតវ៉ាពីខាងគណសង្គ្រោះជាតិ ខណៈដែលក្រុមបច្ចេកទេសសម្រេចយកសន្លឹកឆ្នោត១សន្លឹកដែលមានគូសសញ្ញានៅខាងមុខចំគណបក្សប្រជាជនកម្ពុជា ហើយខាងក្រោយខ្នងសន្លឹកគូសឆ្នូត៥ចំណុច និងមានគូសលើត្រាសម្ងាត់  ប៉ុន្តែក្រុមអ្នករាប់សន្លឹកឆ្នោតបានសម្រេចផ្ដល់ឲ្យគណបក្សប្រជាជកម្ពុជា។ សម្រាប់ករណីនេះ គណបក្សសង្គ្រោះជាតិចាត់ទុកសន្លឹកឆ្នោតនោះថាមិនបានការ ហើយគណបក្សប្រជាជនកម្ពុជាក៏តវ៉ាដែរ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ចំពោះលទ្ធផលនៃការរាប់សន្លឹក គ.ជ.ប មិនច្បាស់ថានឹងប្រកាសថ្ងៃនេះ​ឬនៅស្អែកនោះទេ ដោយថាអាស្រ័យទៅលើគណបក្សទាំងពីរទទួលយកឬអត់។

បើតាមលទ្ធផល​បោះឆ្នោត​បឋម​នៅ​ក្នុង​ឃុំ​ដូង ស្រុករមាសហែក ខេត្តស្វាយរៀង  ដែល ​គ.ជ.ប បានចុះផ្សាយ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៤ កាលពីថ្ងៃ​ទី៤ មិថុនា កន្លង​ទៅ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ២.៥៩៩​សំឡេង ដោយ​នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣​សំឡេង ហើយគណបក្ស​ប្រជាជន​កម្ពុជាទទួល​បានសំឡេង​ឆ្នោត​ ចំនួន ២.៥៩៦​សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ