នី មុន្នីនាថ ត្រូវគេទម្លាយរឿងជាប់កុងត្រាចងជើង

កញ្ញា នី មុន្នីនាថ (វង្ស សុម៉ាលីន)

យោងតាមការទម្លាយអោយដឹងពីផលិតករនៅប៉ុស្ដិ៍លេខ៥បានអះអាងថា តារាសម្ដែងកញ្ញា នី មុន្នីនាថ ត្រូវបានកុងត្រាជាតារាផ្ដាច់មុខរបស់ប៉ុស្ដិ៍លេខ៥រួចហើយ ទើបនាងរមែងទទួលបានតំណែងតួឯកមួយរឿងហើយមួយរឿងទៀតនិងមិនឃើញទទួលសម្ដែងរឿងអោយប៉ុស្ដិ៍ផ្សេងនាពេលចុងក្រោយ។

យ៉ាងណាមិញផលិតករថៃមិនបានទម្លាយថាកុងត្រាដែលបានចងជើងតារាស្រីរូបនេះគឺមានប៉ុន្មានឆ្នាំនោះទេ ដោយគ្រាន់តែអះអាងថាពិតជាបានកុងត្រាមែនដោយអះអាងថាក្នុងមួយឆ្នាំ នី មុន្នីនាថ នឹងទទួលបានតំណែងតួឯកយ៉ាងតិច៣រឿងក្រោមការផលិតរបស់ផលិតករថៃ។

អ្នកនាង ម៉ាឡែន តំណាងផលិតករថៃនិងជាប្រធានទីផ្សាររបស់ប៉ុស្ដិ៍លេខ៥បានអះអាងថា កញ្ញា នី មុន្នីនាថ បានកុងត្រាជាមួយប៉ុស្ដិ៍លេខ៥តាំងពីអំឡុងនាងសម្ដែងជាតួឯកក្នុងរឿងភាគ «ភ្លើងស្នេហ៍ភ្លើងឫស្យា» ដែលផលិតដោយផលិតករថៃលើកដំបូងនៅប៉ុស្ដិ៍លេខ៥។

ហេតុផលនៃការជ្រើសរើសគឹដោយសារតែនាងជាតារាដែលមានទេពកោសល្យសិល្បៈដោយសារតែនាងអាចសម្ដែងជាតួម្ដាយក៏បាន ជាតួទឹកភ្នែកក៏បាន និងជាតួឆ្នាសឆ្នើមក៏បានដែលខាងផលិតករថៃមិនពិបាកក្នុងការផលិតរឿងអោយសម្ដែង។

អ្នកនាងថាតារាដែលបានសម្ដែងក្នុងរឿងក្រោមការផលិតរបស់ផលិតករថៃមិនសុទ្ធតែបានឱកាសកុងត្រានោះទេ ប៉ុន្តែបើបានទទួលគឺមានភាពយន្ដសម្ដែងមិនក្រោម៣រឿងនោះឡើយសម្រាប់មួយឆ្នាំ ដោយមិនទាន់គិតពីការបង្កើតកម្មវិធីអោយចេញមុខចេញមាត់ផ្សេងទៀតនៅឡើយ។

ក្នុងនោះតម្លៃខ្លួនក៏ទទួលបានខ្ពស់ណាស់ដែរ ទើបតារាភាគច្រើនរមែងទទួលយកលក្ខខណ្ឌរបស់ប៉ុស្ដិ៍លេខ៥។ជាក់ស្ដែងអ្នកនាងថាតារាមិនច្រើនទេត្រូវបានទទួលលក្ខណ្ឌអោយកុងត្រានោះដោយសារតែប៉ុស្ដិ៍លេខ៥មុននឹងកំណត់យកគឺអាស្រ័យលើប្រជាប្រិយភាពនិងសមត្ថភាពរបស់តារាតែម្ដង។

អ្នកនាងថាតារាមួយរូបៗអោយតែត្រូវបានប៉ុស្ដិ៍លេខ៥ស្នើអោយកុងត្រាគឺមានចំនួន៣ឆ្នាំដូចជា កញ្ញា យ៉ែម ស្រីពេជ្រ ជាដើម ប៉ុន្តែសម្រាប់កញ្ញា នី មុន្នីនាថ អ្នកនាងប្រាប់ថាសុំមិនបញ្ជាក់ពីចំនួនឆ្នាំនោះទេ ​ដោយគ្រាន់តែអ្នកនាងអាចបញ្ជាក់ថាហេតុផលដែលកញ្ញាបាត់មុខពីការសម្ដែងរឿង​នៅប៉ុស្ដិ៍ដទៃ គឺដោយសារតែកញ្ញាកុងត្រាផ្ដាច់មុខអោយប៉ុស្ដិ៍លេខ៥ជាថ្នូរនឹងការទទួលបានតំណែងតួឯកក្នុងមួយឆ្នាំ៣រឿងយ៉ាងតិច។ យ៉ាងណាមិញ អ្នកនាងថា នី មុន្នីនាថ កុងត្រាត្រឹមតែការសម្ដែងភាពយន្តភាគប៉ុណ្ណោះ ចំណែករឿងស្ពតនិងថតរឿងដុំប្រចាំរោងគឺស្ថិតក្នុងការចងគ្នានោះទេ។

អ្នកនាងថាផលិតករថៃចង់លើកអោយ នី មុន្នីនាថ ក្លាយជាអត្តសញ្ញាណរបស់ប៉ុស្ដិ៍លេខ៥ ទើបស្នើអោយនាងកុងត្រា ហើយដោយក្នុងលក្ខណ្ឌបានផ្ដល់អោយនាងនូវតំណែងតួឯកច្រើនរឿងផងនិងបានតម្លៃខ្លួនខ្ពស់ផង ទើបកញ្ញាពេញចិត្តទទួលយក។

អ្នកនាងថាកុងត្រានៅប៉ុស្ដិ៍លេខ៥អត់ភ័យរឿងអត់រឿងថតទេ តែអ្វីដែលភ័យគឺអត់កម្លាំងថតទៅវិញដោយសារតែខាងផលិតករថៃមានគោលការណ៍ផលិតរឿងភាគខ្មែររហូតដល់២៥រឿងក្នុងមួយឆ្នាំ សម្រាប់ធ្វើការប្រកួតប្រជែង។ មកទល់ពេលនេះអ្នកនាងថា នី មុន្នីនាថ បានសម្ដែងសុទ្ធតែរឿងធំៗដោយទើបនឹងបញ្ចប់ការសម្ដែងក្នុងរឿង «នាងនាថបាត់ដំបង» ដែលជាភាពយន្តខ្នាតធំផងនិងជាភាពយន្តភាគផងដែលនឹងដំណើរការដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ចាប់ពីថ្ងៃទី២៧ មិថុនាតទៅ។

កញ្ញា នី មុន្នីនាថ និយាយថាសុំមិននិយាយរឿងកុងត្រាជាមួយប៉ុស្ដិ៍លេខ៥នោះទេ តែកញ្ញារាប់ថាប៉ុស្ដិ៍លេខ៥បានផ្ដល់លក្ខណ្ឌអោយនាងសប្បាយចិត្តខ្លាំងចាប់តាំងពីធ្វើការជាមួយ។ កញ្ញាការថតនៅក្នុងនៅប៉ុស្ដិ៍នេះ​ក្រៅពីបានតម្លៃខ្លួនខ្ពស់ក៏មិនមែនថតសម្រុកដូចរឿងរបស់ផលិតករមួយចំនួនហើយថែមទាំងផ្ដល់អោយនាងនូវតម្លៃខ្លួនខ្ពស់ដោយមិនលំបាករឿងបើកលុយនោះផង។

កញ្ញាថាផលិតករខ្លះទាល់តែថតរឿងចប់ទើបអាចបើកលុយហើយរឿងខ្លះទៀតគឺលុះត្រាតែរឿងបញ្ចាំងចប់ក៏មានតែសម្រាប់ភាពយន្តនៅប៉ុស្ដិ៍លេខ៥គឺច្បាស់លាស់រឿងលុយកាក់។ យ៉ាងណាមិញ នាងថាខ្លួនក៏មិនអាចទទួលថតរឿងណាផ្សេងក្នុងអំឡុងថតរឿងអោយប៉ុស្ដិ៍លេខ៥នោះដែរចាប់តាំងពីនាងឈានជើងចូលខ្លួនធ្វើការអោយក្រុមផលិតករថៃ។

មកទល់ពេលនេះនាងថាអត់ខ្វល់រឿងគ្មានអ្នកហៅថតទៀតហើយ​ដោយសារតែខាងផលិតករថៃរមែងបោះរឿងអោយនាងជាប្រចាំដើម្បីអោយនាងបានសម្ដែងបណ្ដាក់គ្នា។

នាងសុំលាក់ពីរយៈពេលកុងត្រាដោយនាងបញ្ជាក់ហេតុផលដែលនាងមិនប្រាប់អោយដឹងគឺដោយសារតែក្នុងកុងត្រាបានព្រមព្រៀងថានាងមានសិទ្ធិសុំឈប់មុនកំណត់ប្រសិនបើនាងមិនសប្បាយចិត្តនឹងគោលការណ៍ដែលបានផ្ដល់អោយប៉ុស្ដិ៍លេខ៥ អ៊ីចឹងហើយទើបនាងប្រកាសថាបើនាងនៅតែសម្ដែងជាតួឯកនៅប៉ុស្ដិ៍លេខ៥គឺមានន័យថានាងនៅតែសប្បាយចិត្តធ្វើការ ប៉ុន្តែបើការលើកស្ទួយមានការធាក់ថយគឺនាងក៏អាចគិតទៀត។

នី មុន្នីនាថ ប្រាប់ថាខ្លួនក៏មិនចង់សម្ដែងច្រើនរឿងក្នុងពេលតែមួយនោះដែរដោយសារតែធ្វើអោយខ្លួនមានការប៉ះពាល់សុខភាព និងអាចសម្ដែងមិនបានល្អ ជាពិសេសបើធៀបនឹងពេលរត់ពីថតរឿងមួយទៅរឿងមួយ​ដែលធ្វើអោយនាងខ្លួនឯងក៏មិនចង់។ នាងថាគោលការណ៍របស់ប៉ុស្ដិ៍លេខ៥គឺជួយអោយតួមានគុណភាព​កាន់តែប្រសើរក្នុងពេលដែលនាងយល់ថាខ្លួនឯងទទួលការសម្ដែងតិចជាងមុន តែតម្លៃខ្លួនកើនឡើង។

នាងមិនបានទម្លាយអោយដឹងថាបានទទួលប្រាក់ខែពីប៉ុស្ដិ៍លេខបន្ថែមពីលើបានតួឯក៣រឿងយ៉ាងតិចក្នុងមួយឆ្នាំនោះទេ ដោយនាងគ្រាន់តែអះអាងថាតារាដែលគេកុងត្រាមានអ្វីរូបនាងក៏ទទួលបានដែរ ទើបនាងសប្បាយចិត្តនឹងធ្វើការអោយប៉ុស្ដិ៍លេខ៥ជាថ្នូរនឹងមិនទទួលថតអោយខាងប៉ុស្ដិ៍ផ្សេងនាពេលចុងក្រោយ។

ក្រោយពីចប់ការសម្ដែងក្នុងរឿង «នាងនាថបាត់ដំបង!» នាងថានឹងគ្រោងសម្ដែងរឿងភាគថ្មីទៀត តែនាងមិនទាន់ចង់បង្ហើបអោយដឹងពីចំណងជើងនៅឡើយទេ ដោយនាង​​​ប្រាប់ថាចង់អោយមហាជនរង់ចាំការបញ្ជាក់ពីក្រុមផលិតករថៃវិញ។ នាងថាការងារសម្ដែងនៅប៉ុស្ដិ៍លេខ៥ ទទួលបានបទពិសោធន៍ច្រើនណាស់ជាមួយនឹងការងារដែលដឹកនាំការផលិតរឿងដោយក្រុមផលិតករថៃ និងអ្នកបច្ចេកទេសថៃ ជាពិសេសគឺដាក់ដាក់អារម្មណ៍តែម្ដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ