វិភាគ៖ តើលោក សម រង្ស៊ី គួរវិលចូលកម្ពុជាវិញមុនបោះឆ្នោតឆ្នាំ២០១៨ឬទេ?

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

មជ្ឈដ្ឋានមួយចំនួនទំនងជានូវសង្ស័យថា តើលោក សម រង្ស៊ី នឹងបន្តនីរទេសខ្លួននៅក្រៅប្រទេស ដើម្បី​ដក​​ខ្លួ​​ន​ចេ​ញពីឆាកនយោបាយរហូតឬក៏យ៉ាងណា បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងដែលធ្លាប់ល្បីឈ្មោះរូប​នេះ ​​បា​នប្រកាសលាលែងពី​ប្រធានគណប​ក្សស​ង្គ្រោះ​​​ជាតិ​កា​​ល​ពីដើមឆ្នាំ២០១៦នោះ។

លោក សម រង្ស៊ី ដែលឡោមព័ទ្ធដោយបណ្តឹង ពីមន្ត្រីជាន់ខ្ពស់​​បក្ស​​កាន់​អំ​ណា​ច និងនាយករដ្ឋមន្ត្រីផងនោះ បាន​​ប្រកាសលាលែងពីប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៦ បន្ទាប់ពីតំ​ណា​ងរាស្ត្រ​​​​ប​ក្ស​កាន់អំណាចដែលមាន​សំ​​​ឡេង​​ភាគច្រើនក្នុងសភា ធ្វើកែច្បាប់គណបក្សនយោ​បាយដ៏សម្រូង​សម្រា​​ស់។

កាលណោះ លោក សម រង្ស៊ី បានលើកឡើងថា ការប្រកាសលាលែង របស់លោក ដើម្បីកុំឲ្យប​ក្សកាន់​អំ​ណាច យកច្បាប់ថ្មីនេះ ទៅរំ​លាយ​គណ​បក្សស​ង្គ្រោះ​ជាតិ មុនការបោះឆ្នោត ដោយសារតែបណ្តឹ​ងរប​​ស់មេ​​ដឹកនាំគណបក្សប្រជាជនកម្ពុជាប្រឆាំងរូបលោក។

ជា​លទ្ធផល ដំណើរការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ​ឆ្នាំ២​០១​៧​នេះ​​ គេសង្កេតឃើញ គ្មានវត្តមានលោក សម រង្ស៊ី នៅក្នុងប្រទេសទេ។

ប៉ុន្តែ​ល​ទ្ធផលបោះឆ្នោតក្រៅផ្លូវការ ដែលអះអាងដោយគណបក្សធំៗទាំងពីរ បានបង្ហាញថា គណ​​បក្ស​ស​ង្គ្រោះ​ជាតិ ដណ្តើមតំណែងជាមេឃុំ ឬចៅ​សង្កាត់ បានជិ​ត​​​​៥០០ និងដណ្តើមបាន ​ចំនួ​នក្រុ​មប្រឹ​ក្សាឃុំ សង្កាត់ប្រហែល៥ពាន់នាក់ស្ទើរពាក់កណ្តាល នៅទូទាំងប្រទេស​។

ប៉ុន្តែអ្នកតាមដាននៅតែព្យាករណ៍ថា បើទោះបីជាពេលនេះ សំឡេងគាំទ្រ របស់បក្សប្រ​ឆាំងបា​នបន្ត​ហក់​ឡើង ជាបន្តបន្ទាប់ ចាប់ពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ និងថ្នាក់ឃុំ សង្កាត់ ​ឆ្នាំ២០១​៧នេះ​ក៏ដោយ ក៏​​ពួកគេថា បក្សប្រឆាំង​អាចនឹង​ជួបព្យុះភ្លៀ​ងបន្ថែមទៀ​ត មុនដល់ថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៨។

តើលោក សម រង្ស៊ី គួររិលចូលកម្ពុជាវិញមុនការបោះឆ្នោតឆ្នាំ២០១៨ឬទេ?

អ្នកជំនាញនយោបាយ យល់ឃើញផ្សេងៗគ្នាពីវត្តមាន អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី វិល​ចូលកម្ពុជា មុនថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៨។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា វត្តមានលោក សម រង្ស៊ី នៅកម្ពុជា មុន​ថ្ងៃបោះ​​ឆ្នោត​ឆ្នាំ២០១៨​ លោកថាពិតជាជំរុញឲ្យ​មាន​សន្ទុះគាំ​ទ្របក្ស​​ប្រឆាំង​កាន់​តែខ្លាំ​​​ង ដូច ការវិល​ចូល​ស្រុ​​កវិញ របស់លោក កាល​ពីមុន​បោះ​ឆ្នោ​តជា​តិ​ឆ្នាំ​២០១៣ដែរ ដោយថា អ្នក​​គាំទ្របក្ស​ប្រឆាំ​ងខ្លះនៅតែចាត់ទុក លោក សម រង្ស៊ី ថាជានិមិត្តរូប និងស្ថិ​ត​នៅ​ក្នុង​បេះដូងរបស់ពួកគេ។

ប៉ុន្តែលោ​ក សូ ចន្ថា វិភាគថា បក្សកាន់អំណាចទំនងជាមិនទុក ពេល ឲ្យលោក សម រង្ស៊ី មានឱកា​សក​សា​ងប្រជាប្រិយភាព តាមរយៈវិលចូលកម្ពុជានេះ ដូចពេល​កន្លងទៅនោះ​ទេ ដោយថា​បក្សកា​ន់អំណា​ច អាច​នឹងយកបញ្ហានេះ ទៅរំលាយគណបក្សប្រឆាំងចោលបាន តាមរយៈវិធានកា​ររប​ស់តុលា​ការនិ​ងឥទ្ធិ​ពល​នៃច្បាប់​គណបក្សនយោ​បាយដែលតំណាងរាស្ត្រគណបក្សប្រជាជនបានអនុម័ត។

លោកថា៖ «បើសិនជាលោក សម រង្ស៊ី ត្រឡប់មកវិញ ដោយមានការសម្របសម្រួ​លនយោបាយ​លោកជា​អ្នកគ្មានទោសពៃអីទេ ខ្ញុំថាមិនប៉ះពាល់ដល់គណបក្សនោះទេ។ ប៉ុន្តែផ្ទុយទៅវិញបើ​លោកត្រ​ឡប់ម​កវិញក្នុងនាមជាពិរុទ្ធជន ដែលតុលាការចោទប្រកាន់ ហើយគាត់ហក់ចូ​លនយោបាយប​ក្សប្រឆាំងអា​នោះ​ អាចប៉ះពាល់ដល់បក្សប្រឆាំង»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគថា បើលោក សម រង្ស៊ី សម្រេចចិត្ត វិលចូលកម្ពុជាវិញ មុនការបោះឆ្នោតឆ្នាំ២០១៨មែន លោកថា ជាកត្តាជំរុញឲ្យបក្សប្រឆាំង ហក់​ឡើង​ប្រជា​ប្រិ​យភា​ព​កាន់​​តែ​ខ្លាំង បើទោះជាមានការចាប់ខ្លួនលោក សម រង្ស៊ី ក៏ដោយ។

លោក ឯម សុវណ្ណារ៉ា លើកឡើងថា ភាពចម្រូងសម្រាស់ របស់លោក សម រង្ស៊ី នៅតុលាការ នោះលោកថា មិន​​​​ជាប់​ពា​​ក់ព័ន្ធនឹងគណបក្សទៀតទេ ព្រោះលោក សម រង្ស៊ី បានប្រកាសលា​លែងពី​ប្រធា​ន​​គ​ណ​បក្ស​​ស​ង្គ្រោះ​ជាតិរួចហើយ។

លោកថា៖ «ក្នុងករណីដែលលោកវិលចូលប្រទេសកម្ពុជាមុនការបោះឆ្នោតបានន័យថា គាត់ត្រូវប្រឈម​នឹងបញ្ហាផ្លូវច្បាប់ ដែលតុលាការចោទប្រកាន់ និងចាប់ដាក់ទោសអញ្ចឹងគាត់ជាប់គុក។ អញ្ចឹ​ងប្រសិនបើគា​ត់ជាប់គុក នៅក្នុ​ងករណីហ្នឹងគ​ណបក្សសង្គ្រោះជាតិ​អាចគាងគសំឡេងច្រើនដោ​យភ្ជាប់លក្ខ​ខណ្ឌទាមទារ​ឲ្យ​​ឯកឧត្តម សម រង្ស៊ី មានយុត្តិធម៌ រកសេរីភាពចេញពីការ​ឃុំឃាំងបន្ត​បោះឆ្នោត​ជូនគណ​ប​​ក្សសង្គ្រោះជាតិ។ ​​​អា​នេះជាលក្ខខណ្ឌដែលយើងអាចមើលឃើញថា គណបក្សសង្គ្រោះ​ជាតិមា​នលក្ខ​ណ​ចំណេញ នៅ​ពេលដែល​គាត់វិលមកមុនការបោះឆ្នោត»។

ទោះជាយ៉ាងណា លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា វត្តមានលោកសម រង្ស៊ី នៅកម្ពុជា មុនកា​របោះ​ឆ្នោ​តឆ្នាំ២០១៨ នេះ ត្រូវចេះប្រើឲ្យត្រូវគ្នា ទៅនឹងស្ថានការណ៍នយោបាយនៅក្នុងស្រុកផងដែរ ទើបទទួល​បាន​ជោគជ័យ បើពុំនោះទេលោកថា បក្សប្រឆាំងនឹងមិនសម្រេចគោលដៅ ដែលចង់ឡើងកា​ន់អំណាចក្រោ​យបោះ​​ឆ្នោតឆ្នាំ២០១៨ខាងមុខនោះទេ។

លោកថា៖ «ខ្ញុំគិតថា បើសិនជាស្ថានភាពបច្ចុប្បន្ន បើសិនជាគណបក្សសង្គ្រោះជាតិ រក្សាឬ​ជំរុញកិ​ច្ចការ​ដែល​​ខ្លួនឈ្នះបោះ​​ឆ្នោតឃុំ សង្កាត់ ហ្នឹងឲ្យបានច្រើន ព្រោះមានលទ្ធភាពច្រើ​នខុស​ពីអាណត្តិមុន​ៗ។ អញ្ចឹ​ង​​អាចប្រ​កួតប្រជែងមានប្រៀបដណ្តើមអាសនៈនៅក្នុងរដ្ឋសភាបានហើយ មិនបាច់ឯកឧត្តម សម រង្ស៊ី ចូលក៏បានដែរ។ ប៉ុន្តែនៅក្នុងករណីខ្លះ ឧទារហរណ៍ថា ប្រសិនជាស្ថានភាពគ​ណបក្សវាអាចវិ​វឌ្ឍន៍ជួបនឹ​ងប​ញ្ហា​ណា​មួយប្រឈមការរំលាយបក្ស ប្រឈមនឹងការចាប់មេដឹកនាំគណបក្ស អាហ្នឹងក្នុងក​រណី​ហ្នឹងគា​ត់​អាច​វិល​​មកវិញជួយកញ្ច្រោកបញ្ហានយោបាយហ្នឹង ឲ្យពលរដ្ឋងា​កមកចាប់អា​រម្មណ៍បញ្ហាហ្នឹ​ងកាន់តែខ្លាំង»។

ជាការកត់សម្គាល់ ក្រោយកម្ពុជាបិទបញ្ចប់ការបោះឆ្នោត នៅតាមឃុំ សង្កាត់ បានប៉ុន្មានថ្ងៃ កា​រិយាល័​យ​អង្គ​កា​រ​សហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានចេញសេ​ចក្តីប្រកា​ស​ព័ត៌មា​ន​បង្ហាញ​ក្តី​រំពឹងថា ការបោះឆ្នោ​តថ្នាក់​ជា​តិ​​នៅ​ឆ្នាំ២០​១៨ខាងមុខនេះ​នឹងប្រព្រឹត្តទៅដោ​យរលូនដូ​ចកា​របោះ​​​ឆ្នោ​​​ត​ឃុំ​ស​ង្កាត់នៅ​​​ឆ្នាំ២០១​៧នេះ និងបានហៅការបោះឆ្នោតពេលនេះថា​ប្រព្រឹត្តទៅប្រកបដោ​យស​​ណ្ដា​ប់​​​​ធ្នា​ប់ល្អនៅទូទាំងប្រទេស។

ករណីនេះ អ្នកវិភាគថា សម្ពាធណាមួយពីសហគមន៍អន្តរជាតិ ជំរុញទៅបក្សកាន់អំណាច ដើម្បីបើ​កផ្លូវ​​ឲ្យលោក សម រង្ស៊ី បានចូលកម្ពុជាវិញ មុនថ្ងៃបោះឆ្នោតជាតិ២០១៨នោះ ពួកគេជឿ​ថាមា​នស​ន្ទុះតិ​ច​តួច។

បើតាមអ្នកវិភាគ ការសម្រេចចិត្ត ចូលមកកម្ពុជាវិញដោយខ្លួនឯង របស់លោក សម រង្ស៊ី មុនថ្ងៃបោះ​ឆ្នោតជា​តិឆ្នាំ២០១៨ គឺ ជាកត្តាចាំបាច់ ក្នុងករណីក្បាលម៉ាស៊ីនដឹកនាំនៅក្នុងប្រទេស ប្រឈម​ធ្ងន់ធ្ងរ ​​ទៅនឹង​ការរំលាយចោលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ