ជំនួប​កំពូល​លោក ត្រាំ និង​លោក គីម ឡោម​ព័ទ្ធ​ទៅ​ដោយទិដ្ឋភាព​ប្លែក​ៗ​ជាច្រើន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa ប្រទេសសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ Reuters)

ទីបំផុត​ទៅ​ មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ជួប​ជជែក​ទល់​មុខ​គ្នា​ជាលើក​ដំបូង​ដូច​ការ​គ្រោង​ទុក​មែន ដែល​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​កំពុង​កើត​ឡើង​នៅ​សណ្ឋាគារ​មួយ ស្ថិត​នៅ​តំបន់​សេនតូសា ប្រទេសសិង្ហបុរី នៅ​ម៉ោង ៩:០៥​នាទី​ព្រឹក​ថ្ងៃ​នេះ។

ទីបំផុត​ទៅ​ មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ជួប​ជជែក​ទល់​មុខ​គ្នា​ជាលើក​ដំបូង​ដូច​ការ​គ្រោង​ទុក​មែន ដែល​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​កំពុង​កើត​ឡើង​នៅ​សណ្ឋាគារ​មួយ ស្ថិត​នៅ​តំបន់​សេនតូសា ប្រទេសសិង្ហបុរី នៅ​ម៉ោង ៩:០៥​នាទី​ព្រឹក​ថ្ងៃ​នេះ។

ទោះយ៉ាងណា មាន​រឿង​រ៉ាវ​ជាច្រើន​បាន​កើត​ឡើង​ទាំង​មុន និង​អំឡុង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន។

ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សិង្ហបុរី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ លោក គីម ជុងអ៊ុន ត្រូវ​បាន​ស្វាគមន៍​ និង​ទទួល​ជួប​ដោយ​លោក​នាយករដ្ឋមន្ត្រី លី សៀនឡុង និង​មេដឹកនាំ​ដទៃ​ទៀត​នៃ​ដែន​ដី​កោះ​ដ៏​តូច​មួយ​នេះ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN លោក លី សៀនឡុង បាន​កោត​សរសើរ​លោក គីម ថា ជា​មេដឹកនាំ​វ័យ​ក្មេង​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់ ដែល​ចង់​ត្រួស​ត្រាយ​ផ្លូវ​ថ្មី​មួយ​សម្រាប់​ប្រទេស​របស់​លោក។

លោកនាយករដ្ឋមន្រ្តី លី សៀនឡុង (Lee Hsien Loong) នៅក្នុងបទសម្ភាសន៍ជាមួយអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិ CNN លោកស្រី គ្រិស្ទីន អាមេនភួរ (Christiane Amanpour) នៅថ្ងៃចន្ទ ទី ១១ មិថុនា ២០១៨ (ប្រភព៖ ស៊ីអិនអិន)

កាល​ពី​យប់​មិញ​នេះ ទូរទស្សន៍​សិង្ហបុរី Channel News Asia បាន​ចុះ​ផ្សាយ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ បាន​ចំណាយ​ពេល​រាត្រី​របស់​លោក​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​ដទៃ​ទៀត ដើម្បី​ដើរ​ទស្សនា​​ទិដ្ឋភាព​ពេល​រាត្រី​នៅ​សិង្ហបុរី ជា​ពិសេស​ដើរ​មើល​មណ្ឌល​ទេសចរណ៍ Garden by the Bay នៅ​តំបន់ Marina Bay Sands។ ទូរទស្សន៍​នេះ បាន​បង្ហាញ​រូបថត​ស៊ែលហ្វី​ដ៏​កម្រ​របស់​លោក គីម ជាមួយ​​រដ្ឋ​មន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan ដែល​បាន​អម​ដំណើរ​លោក គីម ចូល​ទៅ​ទស្សនា​សួន​ដើម​ឈើ​ដ៏​ធំ​មួយ​នោះ។

ទូរទស្សន៍​ដដែល​នេះ បាន​ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ការបរទេស​សិង្ហបុរី លោក Vivian ដែល​បាន​និយាយ​ថា សន្តិសុខ​នៃ​ជំនួប​កំពូល​លោក ត្រាំ និង​លោក គីម ជា​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​សិង្ហបុរី​នៅ​ពេល​នេះ ដោយ​ប្រទេស​ដែន​ដី​កោះ​ដ៏​តូច​មួយ​នេះ បាន​ផ្ដោត​ទៅ​លើ​បញ្ហា​ភេរវកម្ម និង​ទង្វើ​ជ្រុល​និយម​នានា។

ប៉ុន្តែ ទូរទស្សន៍ Channel News Asia បាន​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​ទៀត​ថា បើទោះបីជា​មាន​ជំនួប​កំពូល​រវាង​លោក ត្រាំ និង​លោក គីម នៅ​តំបន់​សេនតូសា​ក៏​ដោយ ក៏​សកម្មភាព​អាជីវកម្ម និង​ពាណិជ្ជកម្ម​នៅ​តំបន់​ជុំ​វិញ​នេះ នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​ដូច​សព្វ​មួយ​ដង​ដែរ។ ដោយ​បាន​ដក​ស្រង់​សម្ដី​ក្រុម​អ្នក​គ្រប់​គ្រង​ហាង​លក់​កាហ្វេ Starbucks នៅ​ជិត​សណ្ឋាគារ St. Regis ដែល​លោក គីម និង​ប្រតិភូ​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​កំពុង​ស្នាក់នៅ​នោះ សារព័ត៌មាន​ដដែល​នេះ ចុះ​ផ្សាយ​ថា តំបន់​នេះ​កាន់​តែ​មមា​ញឹក​ថែម​ទៀត និង​កុះករ​ទៅ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ជុំ​វិញ​ពិភព​លោក។

ចំណែក​ឯ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុនហាប់​ឯណោះ​វិញ បាន​ចុះ​ផ្សាយ​ថា មុន​មួយ​ថ្ងៃ​នៃ​ជំនួប​កំពូល​នេះ លោក ត្រាំ បាន​ហៅ​ទូរស័ព្ទ​ទៅ​សម្ព័ន្ធ​មិត្ត​កូរ៉េ​ខាង​ត្បូង លោក​ប្រធានាធិបតី មូន ជែអ៊ីន ដោយ​បាន​ជជែក​អំពី​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង។

យ៉ុនហាប់​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​លោក មូន ដែល​បាន​និយាយ​ថា ប្រសិន​បើ​ជំនួប​លោក ត្រាំ និង​លោក គីម ទទួល​បាន​ជោគ​ជ័យ វា​នឹង​ក្លាយ​ជា​​«រង្វាន់»​សម្រាប់​ពិភព​លោក​ទាំង​មូល។

ខណៈ​ដែល​កំពុង​ស្ថិត​នៅ​ទឹក​ដី​សិង្ហបុរី​នោះ ក្រៅពី​អាហារ​ដ៏​ពិសេស​ហើយ​នោះ លោក ត្រាំ ក៏​បាន​ទទួល​បាន​នំ​ខួប​កំណើត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពី​នាយករដ្ឋ​មន្ត្រី លី សៀនឡុង អំឡុង​ពិសារ​អាហារ​ថ្ងៃ​ត្រង់​រួម​ការងារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះផង​ដែរ។ ប៉ុន្តែ វា​ជា​ការ​ររៀបចំ​ដ៏​ពិសេស​សម្រាប់​លោក ត្រាំ ដែល​នឹង​ឈាន​ចូល​វ័យ ៧២​ឆ្នាំ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ខាង​មុខ​នេះ។

ជាង​នេះ​ទៅ​ទៀត លោក ត្រាំ ក៏​ទទួល​យក​ការ​អញ្ចើញ​រូប​លោក​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សិង្ហបុរី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ផង​ដែរ តប​ទៅ​តាម​ការ​អញ្ចើញ​ពី​សំណាក់​ប្រធានាធិបតី​សិង្ហបុរី លោកស្រី ហាលីម៉ាហ៍ យ៉ាកូប (Halimah Yacob)។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់ Channel News Asia នៅ​ក្រោយ​ជំនួប​រវាង​លោក ត្រាំ និង​ម្ចាស់​ផ្ទះ​លោក លី សៀនឡុង។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ គឺ​វត្តមាន​របស់​តារា​បាល់​បោះ​អាមេរិក​ដែល​ចូល​និវត្តន៍ លោក Dennis Rodman ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា វត្តមាន​របស់​លោក​នៅ​សិង្ហបុរី គឺ​ជា​ការ​គាំ​ទ្រ​ដល់​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នេះ។

ដេននីស រ៉ដមេន (Dennis Rodman) នៅសណ្ឋាគារ រ៉េជេន (Regent Hotel) ប្រទេស សិង្ហបុរី (ប្រភព៖ channelnewsasia)

តារា​បាល់​បោះ​អាមេរិក​ស្បែក​ខ្មៅ​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្ពាន​នៃ​ជំនួប​កំពូល​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​លោក​បាន​បង្កើត​ចំណង​មិត្តភាព​ដ៏​ចម្លែក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ គិត​ចាប់​តាំង​ពី​លោក គីម ឡើង​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​២០១១​មក តារា​បាល់​បោះ​អាមេរិក​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​លេង​មិត្ត​ភក្តិ​របស់​លោក​នៅ​ទីក្រុង​ព្យុងយ៉ាង​ ៥​លើក​រួច​មក​ហើយ ខណៈ​ដែល​លោក គីម គឺ​ជា​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កីឡា​បាល់​បោះ។

ទោះជាយ៉ាង​ណា ទាំង​នេះ​គ្រាន់​តែ​ជា​មួយ​ផ្នែក​នៃ​ជំនួប​កំពូល​រវាង​លោក ត្រាំ និង​លោក គីម តែ​ប៉ុណ្ណោះ ខណៈ​ដែល​ជំនួប​នេះ​កំពុង​កើត​ឡើង ហើយ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដានពី​សារព័ត៌មាន​ជុំ​វិញ​ពិភព​លោក​នោះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។