តុលាការ​បិទការ​ស៊ើបសួរសំណុំរឿង​លោក កឹម សុខា តែបន្តជម្រះរឿង​លោក សម រង្ស៊ី

លោក កឹម សុខា (រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា)

សាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថាចៅក្រមស៊ើបសួរបានបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា តែនឹងគ្រោងបញ្ជូនសំណុំរឿងលោក សម រង្ស៊ី ទៅជម្រះនៅពេលខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងព្រំដែនដែលបំបែកចេញទាក់ទងនឹងលោក ហុង សុខហួរ។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក ថាន់ ឡេង បានចេញលិខិតជូនដំណឹងទៅលោក កឹម សុខា អំពីការបិទការស៊ើបសួរលើសំណុំរឿងមេដឹកនាំបក្សប្រឆំាងរូបនោះ ដោយថាលោក កឹម សុខា បានបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

ដោយឡែកករណីលោក សម រង្ស៊ី តុលាការថានឹងបញ្ជូនទៅជំនុំជម្រះពាក់ព័ន្ធនឹងសំណុំរឿងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានវឹកវរធ្ងន់ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២និង១៣ ខែសីហា ឆ្នាំ២០១៥។

អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាម (Telegram) នៅថ្ងៃសុក្រនេះថា សំណុំរឿងលោក កឹម សុខា ចៅក្រមបានបិទការស៊ើបសួរហើយនឹងបន្តនីតិវីធីនៃការបិទការស៊ើបសួរ ដោយបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ដើម្បីធ្វើដីកាសន្និដ្ឋានស្ថាពរ រួចបញ្ជូនចៅក្រមឲ្យចេញដីកាដំណោះស្រាយ។

ចំណែកសំណុំរឿងលោក សម រង្ស៉ី លោក លី សុផាណា បានឲ្យដឹងដែរថា តុលាការគ្រោងនឹងបញ្ជូនទៅជំនុំជម្រះនៅពេលខាងមុខនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលានោះទេ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ យល់ថាសំណុំរឿងរបស់មេដឹកនំាគណបក្សដែលតុលាការបិទការស៊ើបសួរនិងគ្រោងយកទៅជម្រះនោះ ជារឿងនយោបាយ ដោយលោកថាគណបក្សនឹងដោះស្រាយបញ្ហានេះតាមផ្លូវនយោបាយ។ លោកបន្តថា៖ “ខ្ញុំមិនគិតគូទៅដល់តុលាការអីទៀតទេ ពីព្រោះអ្នកណាក៏ដឹងដែរថារឿងនេះ វាពាក់ព័ន្ធនឹងរឿងនយោបាយទេ ជំនួសឲ្យការដោះស្រាយតាមប្រព័ន្ធតុលាការ តាមអីដែលមានឥទ្ធិពលនយោបាយ គឺយើងត្រូវដោះស្រាយតាមសន្តិវិធី យើងយកមធ្យោបាយផ្សេងៗទៀត ដើម្បីជំរុញឲ្យមានដំណោះស្រាយ ធ្វើម៉េចឲ្យការបោះឆ្នោតខាងមុខបានប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌“។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មានប្រសាសន៍ថាការលើកឡើងរបស់គណបក្សប្រឆំាង ធ្វើឡើងដើម្បីកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។ លោកបន្ថែមទៀតថា៖ “នៅកម្ពុជា យើងបានបែងចែកហើយ របបនយោបាយហើយនិងអំពីនីតិរដ្ឋ អ្វីដែលនីតិរដ្ឋដែលគេកំពុងបន្តគឺជានីតិវិធីរបស់តុលាការ មិនមានពាក់ព័ន្ធអ្វីនឹងហេតុផលនយោបាយដែលពួកគេលើកឡើងនោះទេ តាមពិតគេទាញយកអ្វីដែលជាកំហុសបុគ្គលមកចូលរឿងនយោបាយ ហើយទាញភ្ជាប់ជាមួយនឹងនីតិរដ្ឋ កិច្ចការនេះយើងមិនអាចធ្វើអីឲ្យហួសពីព្រំដែននៃច្បាប់ទេ

ពីទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា លោក សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារ ដោយលោកថាប្រធានគណបក្សប្រឆាំងរូបនេះបានឲ្យទំព័រហ្វេសប៊ុករបស់លោកក្នុងការបង្ហោះឯកសាររបស់អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។

គួរបញ្ជាក់ថាលោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹងពីរទៀតគឺបណ្តឹងមួយប្តឹងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត និងមួយទៀតបណ្តឹងបរិហារកេរ្តិ៍ប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។

ករណីលោក សម រង្ស៊ី ត្រូវបានសភាអឺរ៉ុបអំពាវនាវឲ្យមានការទម្លាក់ការចោទប្រកាន់ទាំងអស់មកលើរូបលោក។

ចំណែកសំណុំរឿងលោក កឹម សុខា ឯណោះវិញ តុលាការបិទការស៊ើបសួរទាក់ទងនឹងសំណុំរឿងសញ្ចារកម្ម ដែលគេថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ