សហគមន៍​អារ៉ែង​បារម្ភបាត់បង់​ព្រៃឈើពេលបានផ្លូវល្អ

សហគមន៍ជនជាតិដើមភាគតិចនៅតំបន់អារ៉ែងខេត្តកោះកុង បានសារទរចំពោះរដ្ឋាភិបាលដែលបានសម្រេចសាងសង់ផ្លូវនៅតំបន់នេះ តែពួកគេបង្ហាញក្តីបារម្ភថា ផ្លូវនេះអាចបង្កភាពងាយស្រួលដល់ជនខិលខូចក្នុងការកាប់ព្រៃក្នុងតំបន់នោះ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ ដែលរៀបចំដោយ សហគមន៍អារ៉ែង និងអង្គការមាតាធម្មជាតិ ពួកគេបានបង្ហាញការសាទរចំពោះរដ្ឋាភិបាលដែលបានបញ្ឈប់គម្រោងក្នុងការសាងសង់ទំនប់វារីអគ្គីសនីអារ៉ែង និងសាងសង់ផ្លូវនៅតំបន់នោះ តែជាមួយការសារទនេះ ពួកគេបារម្ភថាផ្លូវនេះអាចជាមធ្យោបាយមួយជួយសម្រួលដល់ ជនខិលខូចកាប់ឈើក្នុងតំបន់នេះយកទៅលក់ផងដែរ។

តំណាងសហគមន៍ជនជាតិដើមភាគតិចជង លោក វ៉ែន វ៉ន បានថ្លែងថា សហគមន៍លោកមានក្តីបារម្ភចំពោះការសាងសង់ផ្លូវនេះក៏ដោយសារបច្ចុប្បន្ននេះ មានការលួចកាប់ព្រៃឈើខុសច្បាប់នៅតំបន់នេះមួយចំនួនដែលលោកថាបានប្រព្រឹត្តិដោយអ្នកមានអំណាច ហើយថាការសាងសង់ផ្លូវនេះអាចសម្រួលដល់ជនខិលខូចទាំងនោះដឹកឈើខុសច្បាប់យកទៅលក់បានស្រួលជាងមុន ។ បន្ថែមពីការបារម្ភនៃការកាប់ព្រៃនេះសហគមន៍ក៏មានការបារម្ភផងដែរពីការមើលឃើញរបស់ក្រុមហ៊ុនវិនិយោគចូលក្នុងតំបន់អារ៉ែងដែលពលរដ្ឋថាអាចធ្វើឲ្យសហគមន៍ខូចខាតប្រយោជន៍ដែលខ្លួនធ្លាប់ទទួលបានពីមុនមក។

លោកថា៖ អ្វីដែលខ្ញុំចង់អរគុណជាគេនោះគឺរាជរដ្ឋាភិបាល បានប្រកាសផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គីសនីនៅតំបន់ហ្នឹងតែម្តង។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់ពួកខ្ញុំនៅពេលណាដែលផ្លូវធ្វើបានល្អដែលអាចងាយស្រួលក្នុងការធ្វើដំណើរ អញ្ចឹងនៅក្នុងនោះក៏អាចមានការលំហូរចូល ដល់ការកាប់ឈើខុសច្បាប់ក៏ដូចជាការដឹកជញ្ជូនឈើចេញមកពីតំបន់ហ្នឹងដែរ នេះជាការព្រួយបារម្ភរបស់សហគមន៍ព្រោះសហគមន៍អត់មាលទ្ធភាព (គ្រប់គ្រាន់)ទប់ស្កាត់រាល់សកម្មភាពបទល្មើសអស់ហ្នឹងទេ ” 

អង្គការមាតាធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច ក៏បានស្នើរសុំឲ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីសហគមន៍ដើម្បីឲ្យពួកគេរក្សាបានចំណូលដល់សហគមន៍បានទៅថ្ងៃមុខ។ ជាមួយគ្នានេះពួកគេក៏បានស្នើដល់រដ្ឋាភិបាលបង្កើតឲ្យមានការបង្រៀនសហគមន៍ទាក់ទងទៅនឹងសេវាកម្មទេសចរណ៍ ដើម្បីឲ្យពួកគេមានជំនាញច្បាស់លាស់ក្នុងសេវាកម្មនេះ។

ទាក់នឹងការលើកឡើងរបស់សហគមន៍ទាំងនោះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព ឲ្យវីអូឌីដឹងថារាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងតែទប់ស្កាត់បទល្មើសព្រៃឈើតាមវិធាការដែលរដ្ឋមាន ហើយថាការសាងសង់ផ្លូវទៅតំបន់អារ៉ែងនេះជាការគិតគូរទៅដល់ពលរដ្ឋដែលរស់នៅតំបន់នោះមិនមែនសម្រួលឲ្យមានការកាប់ឈើនោះទេ។

លោកថា៖ អ្វីដែលរាជរដ្ឋាភិបាលសម្រេចដែលផ្តល់ការកសាងផ្លូវដែលមានប្រវែងជាង១៨គីឡូម៉ែត្រចូលទៅអារ៉ែងនេះ មិនមែនក្នុងគោលបំណងសម្រួលឲ្យមានបញ្ហាកើតឡើងទេ។ អ្វីដែលយើងគិតគូរគឺដើម្បីជួយសម្រួលធ្វើដំណើរចរាចរណ៍ និងទំនិញ ក៏ផលិតផលកសិកម្មផ្សេងៗដែលប្រជាជនគាត់មាន។ ក៏ដូចជាសម្រួលដល់ភ្ញៀវទេសចរណ៍ គាត់អាចចូលទៅតំបន់អារ៉ែងដើម្បីទស្សនាកំសាន្តផងដែរ

ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៃការការពារព្រៃឈើនិងបរិស្ថាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា សម្រេចឲ្យមានការជួបប្រជុំរវាងរដ្ឋាភិបាលនិងអង្គការពាក់ព័ន្ធ៣ខែម្តង និងបានសម្រេចឲ្យមានជំនួបនេះជាមួយនាយករដ្ឋមន្ត្រីមួយឆ្នាំម្តងផងដែរ។ លោកជំរុញឲ្យក្រសួងពាក់ព័ន្ធស្តាប់ពាក្យពិត៣ខែម្តង ជាជាងស្តាប់ពាក្យកុហក៥ឆ្នាំម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ