យុគ យក្សផ្លែ មិនអស់ចិត្តរឿងចាញ់កីឡាករថៃ

កីឡាករ យុគ យក្សផ្លែ (ក្រហម) និងកីឡាករថៃឈ្មោះ Ton Trakan (ខៀវ) (ដោយ សុខ ឆាយ)

បន្ទាប់ពីបានប្រកាសថាកីឡាករ យុគ យក្សផ្លែ ចាញ់ពិន្ទុកីឡាករថៃឈ្មោះ Ton Trakan កាលពីថ្ងៃអាទិត្យទី១១ កញ្ញានៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជារូបនេះហាក់សម្ដែងអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផល។ ពាក់ព័ន្ធនឹងបញ្ហានេះក្រុមមន្ត្រីបច្ចេកទេសបានធ្វើការពន្យល់។

ការប្រកួតរវាងកីឡាករ យុគ យក្សផ្លែ ដែលអ្នកណាក៏ស្គាល់ថាជាកីឡាករកូនភ្លោះមកពីក្លឹបបូរីរាជសីហ៍មានឫទ្ធ និងកីឡាករថៃ Ton Trakan  ត្រូវគេឃើញមានភាពកក្រើកនិងគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរបើកការប្រកួតអស់ដៃរៀងខ្លួន។ គ្រាន់តែចូលពាក់កណ្ដាលទឹកទី១ គេឃើញអ្នកទាំងពីរវាយសម្រុកដាក់គ្នាតែម្ដង ជាពិសេសគឺការវាយកែងនិងកណ្ដាប់ដៃសម្ញែងឫកដាក់គ្នា។

ក្នុងទឹកទឹកទី២ កីឡាករ យុគ យក្សផ្លែ បានទាំងយ៉ាងកំរោលនិងចាប់បោកកីឡាករថៃនៅលើកំរាលរេញយ៉ាងទម្ងន់ ធ្វើអោយកីឡាករថៃទ្រោមខ្លួននិងឆេះដុំនោះផង។ ក្នុងទឹកទី៣ កីឡាករទាំងពីរកាន់តែពាក់មុខយក្សដាក់គ្នា រហូតធ្វើអោយឆាកប្រយុទ្ធកាន់តែមានកម្រិតទាក់ទាញក្នុងចង្កោមអ្នកទស្សនាដោយផ្ទាល់សង្វៀន។

ក្នុងទឹកទី៤និងទី៥ ការប្រកួតរបស់គូនេះឡើងកំដៅជាងមុន ដោយសារតែកីឡាករកម្ពុជានិងថៃ សុទ្ធតែបើកឆាកប្រយុទ្ធវាយគ្នាយ៉ាងចាស់ដៃ។ យ៉ាងហោចជាងពាក់កណ្ដាលអ្នកទស្សនាដោយផ្ទាល់នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ត្រូវគេឃើញក្រោកឈរផង អង្គុយផង ព្រោះតែប្រឹងធ្វើត្រាប់តាមសកម្មភាពវាយលុកខ្លាំងក្លារបស់ពួកគេ។ អ៊ីចឹងហើយទើបគ្រាន់តែប្រកាសថាកីឡាករ យុគ យក្សផ្លែ ចាញ់ពិន្ទុរបស់កីឡាករថៃ គឺធ្វើអោយកីឡាកររូបនេះមិនអស់ចិត្ត។

មុនពេលប្រកាសលទ្ធផលភាគីខាងកម្ពុជាមានជំនឿចិត្តជាកីឡាករថៃ ដោយសារតែគេបានប្រើអស់សមត្ថភាព ហើយធ្វើអោយកីឡាករថៃក៏ចង់ពិបាកតស៊ូ ទើបកីឡាកររូបនេះនេះបន្ទាប់ពីប្រកាសថាចាញ់ គឺគេទម្លាក់ទឹកមុខ និងបង្ហាញអារម្មណ៍ខកចិត្តនៅខាងក្រោយឆាក។

យុគ យក្សផ្លែ បានអះអាងថាលោកគួរតែបានលទ្ធផលស្មើដោយសារតែក្នុងទឹកទី៤និងទឹកទី៥ គេវាយបានល្អ ក្នុងពេលដែលទឹកមុនៗ លោកថាខ្លួនមានកម្រិតប្រហាក់ប្រហែលនឹងកីឡាករថៃ។ លោកថាលទ្ធផលចាញ់ពិន្ទុ មិនធ្វើអោយលោកអស់ចិត្តទាល់តែសោះ។ យ៉ាងណាមិញ នៅពេលសុំការបញ្ជាក់ថា តើលោកចង់សំដៅលើគណៈកម្មការផ្ដល់ពិន្ទុមិនយុត្តិធម៌ ឬយ៉ាងណាគឺលោកបែបបញ្ជាក់ស្ទាក់ស្ទើរ។

លោកនិយាយថា៖ “ខ្ញុំវ៉ៃប៉ុណ្ណឹងសមតែស្មើ មិនគួរចាញ់ចឹងទេ! ”។

មិនហ៊ានកំណត់ថាការផ្ដល់ពិន្ទុមានភាពខ្វះចន្លោះនោះទេ ដោយលោកគ្រាន់តែព្រលយថា អត់សប្បាយចិត្តក្រោយពីប្រឹងវាយអស់ពីលទ្ធភាពហើយនៅតែបានត្រឹមចាញ់ពិន្ទុ។

លោកនិយាយថា៖ “ខ្ញុំអត់ដឹងម៉េចទេ ប៉ុន្តែខ្ញុំវ៉ៃត្រូវអាថៃច្រើនដែរ អត់សមចាញ់ចឹងសោះ!”។

លោកថាមានគម្រោងចង់ជួបប្រកួតជាមួយកីឡាករថៃ Ton Trakan  ជាលើកទី២ បន្ទាប់ពីការប្រកួតដែលបានបញ្ចប់ គឺលោកមិនអស់ចិត្តនឹងលទ្ធភាពចាញ់។

ពាក់ព័ន្ធនឹងការមិនអស់ចិត្តរបស់ យុក យក្សផ្លែ មន្ត្រីបច្ចេកទេសបានទទួលស្គាល់ថាកីឡាកររូបនេះពិតវាយប្រកួតបានល្អ។ លោក រាជ សូផែន មន្ត្រីបច្ចេកទេសប្រចាំសហព័ន្ធប្រដាល់និងជាអ្នកចាត់ចែងមន្ត្រីគណៈកម្មការផ្ដល់ពិន្ទុប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កីឡាករ យុគ យក្សផ្លែ វាយឈ្នះកីឡាករថៃត្រឹមតែ២ទឹកចុងក្រោយប៉ុណ្ណោះ ចំណែក៣ទឹកដំបូងគឺកីឡាករថៃមានឱកាសវាយត្រូវច្រើនជាង។ លោកថាកីឡាករកម្ពុជាវាយចេញបានច្រើន ប៉ុន្តែបើធៀបនឹងកីឡាករថៃ គឺថៃវាយត្រូវច្រើនលើសលប់។ ត្រង់ចំណុចហ្នឹងដែលលោកយល់ថាការកាត់ក្ដីរបស់គណៈកម្មការមានភាពយុត្តិធម៌និងថាការមិនសប្បាយចិត្តរបស់ យុគ យក្សផ្លែ គឺគ្រាន់តែជាអារម្មណ៍ផ្ទាល់ខ្លួន។

លោកនិយាយថា៖ “ឲ្យស្មើមិនកើត បើវា (យុគ យក្សផ្លែ) វ៉ៃគេត្រូវម៉ាដៃ គេវ៉ៃត្រូវឡើងបីបួនដៃហ្នឹង!”។

លោកថាក្នុងចំណោម៥ទឹក កីឡាករកម្ពុជាបានឈ្នះតែ២ទឹកប៉ុណ្ណោះ ដោយទឹកទី១ ទី២ និងទី៣ គឺកីឡាករថៃឈ្នះដាច់។ លោកនៅតែយល់ថារឿងមិនអស់ចិត្តរបស់កីឡាករកម្ពុជា គឺជារឿងយល់ឃើញតែម្ខាងរបស់ យុគ យក្សផ្លែ ប៉ុន្តែបើសំដៅលើបច្ចេកទេសលោកថាគឺកីឡាករថៃសមនឹងឈ្នះ១០០ភាគរយ។ លោកថាគូនេះបើចង់ជួបគ្នា មន្ត្រីសហព័ន្ធនឹងរកពេលអោយប៉ះគ្នា ចំណែករឿងពេលណាៗ គឺមិនអាចកំណត់បានទេ។

នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនោះ កីឡាករ មាស ច័ន្ទមាន មកពីក្លឹបក្រសួងការពារជាតិក៏បានប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Phich Nam Ek  ផងដែរ ដោយជ័យជម្នះក៏បានលើកីឡាករថៃដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ