បក្សប្រឆំាងនឹងដាក់លិខិតទៅស្ថាប័នរដ្ឋឲ្យបំភ្លឺករណីចាប់ខ្លួនលោក កឹម សុខា និងបិទវិទ្យុ

អតីតតំណាង​រាស្ត្រគណ​បក្សប្រឆំាង​ កាលពីពេលកន្លងទៅ

គណបក្សប្រឆំាងបានឲ្យដឹងថា នឹងដាក់លិខិតដាច់ដោយឡែកផ្សេងគ្នា ទៅ​ស្ថាប័ន​រដ្ឋចំនួនពីរនៅថ្ងៃនេះ ដើម្បីស្នើសុំឲ្យបំភ្លឺជុំវិញការ​ចាប់​ខ្លួន​លោក កឹម ​សុខា និងការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។

ចាប់តាំងពីខែសីហា ក្រសួងព័ត៌មាន បានបញ្ជា​ឲ្យស្ថានីយវិទ្យុចំនួនជាង៣០ បិទរលក​​អាកាស​ផ្សាយ​ ដោយថា ម្ចាស់ស្ថាប័នទាំងនោះ បាន​រំលោភសេចក្តីប្រកាស​អនុញ្ញាត​ឲ្យធ្វើអាជីវកម្ម និ​ង​កិច្ច​សន្យា។ ខណៈលោក កឹម សុខា ត្រូវ​បានសាលា​​​ដំបូង​រាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ថា​ ក្បត់​ជាតិ និង​កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធ​នាគារ​។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការបក្សនាថ្ងៃទី១២ខែកញ្ញានេះ​ តំណាង​រាស្ត្រគណ​បក្សប្រឆំាង​ លោ​ក​ សុន ឆ័យ បានថ្លែងថា​ ក្រុម​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងដាក់លិខិតចំនួនពីរ ដាច់ដោយ​ឡែក​​​​ពីគ្នាទៅក្រសួងព័ត៌មាន និង​ក្រសួងយុត្តិធម៌ នៅថ្ងៃនេះ ដើម្បីឲ្យរដ្ឋ​មន្ត្រី​នៃ​ស្ថាប័​នទំា​ង​ពីរ​នះ ​បំភ្លឺជា​លាយ​​ល័ក្ខអក្សរ ជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ និងករណី​ការ​ចាប់​ខ្លួន​មេដឹក​នាំ​បក្ស​ប្រឆំាង​​ លោក កឹម ​សុខា ដោយថា ចំណាត់ការ ទំាងនោះ បានរំលោភច្បាប់ និងរដ្ឋធម្មនុញ្ញ​។

លោកថ្លែងថា៖ «ការធ្វើកិច្ចសន្យាដោយឡែក គឺជាការបំពានទៅលើច្បាប់ស្តីពីសារព័ត៌មាន ហើយយើងអំពាវ​នាវ​ឲ្យក្រសួងព័ត៌មានផ្តល់អាជ្ញាប័ណ្ណ ផ្តល់សិទ្ធិទៅលើវិទ្យុទំាងនេះ ឲ្យមានការផ្សព្វផ្សាយឡើងវិញ មូល​ហេតុ ​ដែលក្រសួងលើកឡើងមិនសមហេតុផល​ទេ។ លិខិតមួយទៀត ដែលត្រូវ​ចេញថ្ងៃនេះដែរ គឺលិខិត​ទៅ​ក្រ​សួងយុត្តិធម៌ យើងចង់ឲ្យក្រសួងយុត្តិធម៌នេះ​ ពន្យល់យើងពាក់ព័ន្ធទៅនិងការចាប់ខ្លួនឯកឧត្តម កឹម សុខា​ ដោយថា អនុវត្តតាមមាត្រា៨៦ នៃក្រមព្រហ្មទណ្ឌ ក្នុងការឲ្យចៅក្រម ព្រះរាជអាជ្ញាមាន វិធាន​ការ​​ដើម្បីចាប់ឯឧត្តម កឹម សុខា​ តើយោងលើពាក្យពេជ្រត្រង់ណា ព្រោះខ្ញុំសិក្សាមើល​ហើយ ដូចជា គ្មាន​មូល​ដ្ឋានត្រង់ណា ដែលចែងអនុញាតឲ្យ​ប្រព័ន្ធតុលាការទៅអនុវត្តក្នុងការចាប់ខ្លួន​ ឯកឧត្តម កឹម សុខា​ ក៏​ដូច​​ជាចាប់ ឯកឧត្តម អ៊ំ សំអាន នោះដែរ​​»។

​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រសាសន៍ថា ក្រសួងស្វាគមន៍ ក្នុងការឆ្លើយ​សំនួរ​របស់​តំណាង​រាស្ត្រ​គណ​បក្ស​​ប្រឆំាង ពាក់ព័ន្ធផ្អាកការផ្សាយលើវិទ្យុឯករាជ្យមួយចំនួន ដោយ​លោកថា ក្រសួង​​មិន​បាន​​ធ្វើខុស​ច្បាប់​នោះ​ទេ។

លោកនិយាយថា៖ «ក្រសួងព័ត៌មាន បានត្រៀមរួច​ជាស្រេចរង់ចំាពេលវេលាសមស្រប ដែលត្រូវ​ឆ្លើយតបតាម​ការអញ្ជើញរបស់សមាជិកសភា ទី២ រឿងក្រសួងព័ត៌មានជាមួយម្ចាស់ស្ថានីយ៍ យើងមានការសន្យាជាមួយ​និងគ្នា ដូច្នេះរឿង​នេះ និងបានដឹងនៅពេលដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងបង្ហាញ និងឆ្លើយតបទៅនឹង​សំនួរ​ផ្សេងៗ​របស់សមាជិក​សភា [គណបក្សសង្គ្រោះជាតិ]​»។

ចំណែកករណីលោក កឹម សុខា VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន បានទេនៅថ្ងៃនេះ​។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ កាលពី​ថ្ងៃ៩កញ្ញា បាន​ធ្វើ​ផែនទី​បង្ហាញ​ទីតាំង​វិទ្យុ​ចំនួន​៣២ ​ដែល​រដ្ឋាភិបាល​បាន​បិទ​កាល​ពី​ចុង​ខែសីហា​។ ក្នុង​ចំណោម​វិទ្យុ​ទាំង​៣២​នោះ​ ស្ថិត​នៅ​ក្នុង​រាជធានី​-ខេត្ត​ចំនួន​២០​ ដែល​បាន​ជួល​ម៉ោង​សម្រាប់​ផ្សាយ​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ វិទ្យុវីអូអេ​ និង​ វិទ្យុវីអូឌី។​ ហើយស្ថានីយវិទ្យុទាំងនោះ ជា​ប្រភព​ព័ត៌មាន​ដែល​សំខាន់​ អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​តំបន់​ដាច់​ស្រយាល​ដែល​មិន​មាន​អ៊ីនធើណែត​ប្រើប្រាស់​។​ ករណីនេះ អង្គ​ការជាតិ និង​​អន្ដរជាតិនេះ បាន​ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដោយថា បានបើកការវាយ​ប្រហារ​លើសំឡេង​ឯក​រាជ្យ និង​​អង្គការសង្គមស៊ីវិល នៅមុនការបោះឆ្នោតនាឆ្នាំ២០១៨។

ចំណែក លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយ​គ្មានដីកា កាលពីយប់ថ្ងៃទី០២ ចូល​ដល់​​ថ្ងៃទី​០៣​ ខែកញ្ញានេះ ខណៈអ្នកវិភាគ អ្នកច្បាប់ និងគណបក្សប្រឆំាង អះអាងប្រហាក់ប្រហែលគ្នាថា ករណី​​​ចាប់ខ្លួន កឹម សុខា រំលោភ​អភ័យ​ឯក​សិទ្ធិសភា និងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ តំណាង​រាស្ត្របក្សកាន់អំណាចចំនួន៦៧រូប អះអាងប្រហាក់ប្រហែលគ្នាថា ករណីលោក កឹម សុខា ធ្វើ​​ស្របតាមរដ្ឋធម្មនុញ្ញ។

ទោះជាយ៉ាងណា ក្រោយពីអាជ្ញាធរ​ចាប់ខ្លួនមេបក្សប្រឆំាង​លោក កឹម សុខា តំណាងអង្គការ​សហ​ប្រជា​ជាតិ និ​ងស្ថាន​ទូតធំៗ រួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង​ប្រទេស​មួយ​ចំនួន​​​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេ​បក្ស​រូប​នោះ​ ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិ​​បាល​​កម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​​បក្សប្រឆាំង។ ប៉ុន្តែប្រទេសកុំមុយនីស្តចិន បាន​គំាទ្រ​​​ចំណាត់​​ការរបស់រដ្ឋាភិបាលកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ