សកម្មជនបរិស្ថាន​ថា​ក្រសួង​រ៉ែ​ធ្វើ​ឲ្យ​បាត់​លុយ​ជាតិ ករណីនាំខ្សាច់ទៅតៃវ៉ាន់

ការបូមខ្សាច់ (FB: Mother Nature Cambodia)

អង្គការ​មាតា​ធម្មជាតិ​រក​ឃើញ​ពី​ការ​បាត់​បង់​លុយ​ជាតិលើ​ធន​ធាន​ខ្សាច់​ បន្ថែម​រាប់​សិប​​លាន​ដុល្លារ​ ​ទៅ​លើ​ការ​នាំ​ចេញ​ទៅ​ប្រទេស​តៃ​វ៉ាន់​ ខណៈដែលលុយ​បាត់​ពី​ការ​នាំ​ខ្សាច់​ទៅ​កាន់​ប្រទេសសិង្ហ​បុរី មិន​ទាន់​ត្រូវ​បាន​ស្ងប់​ស្ងាត់​នៅ​ឡើយ​។

អង្គការ​មាតា​ធម្មជាតិ​ បាន​ចេញ​ផ្សាយ​វី​ដេអូ​ថ្មី​មួយ​កាលពី​ថ្ងៃ​ទី​១១ខែកញ្ញា​ ដោយ​ថា ​ខ្លួន​បាន​រក​ឃើញ​ភស្ភុតាង​ថ្មី​មួយ​ទៀត​ ដែល​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​ឲ្យ​បាត់​បង់​លុយ​ជាតិ​រាប់​សិប​លាន​ដុល្លារ​ទៅ​លើ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស។ ភស្ភុតាង​ថ្មី​នោះ ​គឺ​អង្គការ​នេះ​ បាន​រក​ឃើញពី​តួលេខ​ខុស​គ្នា​​នៃ​ការ​នាំចេញ​ខ្សាច់ពី​កម្ពុជា​ទៅប្រទេស​តៃ​វ៉ាន់។

ក្នុង​វី​ដេអូជាង​២នាទី​របស់​អង្គការ​មាតា​ធម្មជាតិ បាន​បញ្ជាក់​ថា ទិន្នន័យ​នៃ​ការនាំ​​ចូល​ខ្សាច់សីលី​កា​ពី​កម្ពុជា ដោយ​គយ​តៃ​វ៉ាន់​បាន​បញ្ជាក់​ថា ប្រទេស​នេះ ​បាន​នាំចូល​ខ្សាច់​ពី​កម្ពុជាពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ បាន​ចំនួន​១លាន​៥​សែន​តោន ស្មើ​នឹង​ជាង ​៣២​លាន​ដុល្លា​រអាមេរិក ខុសពី​ទិន្និន័យ​របស់គយ​កម្ពុជា ដែល​អះ​អាង​ថា​ កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​តៃ​វ៉ាន់ ​បានតែជាង​ ២៨ពាន់​តោន​ប៉ុណ្ណោះ ដែល​ស្មើ​នឹងជាង​​២៧​ម៉ឺន​ដុល្លារ។

កញ្ញា លីម គីមស័រ​ បាន​និយាយ​ក្នុង​វី​ដេអូ​នោះ​ថា៖ «មាន​ន័យ​ថា តួលេខ​នេះ​ បង្ហាញពី​ការ​បាត់​ខ្សាច់​ដល់​ទៅ​ជាង​១លាន​៥សែន​តោន ដែល​មាន​ចំនួន​ទឹក​ប្រាក់​ខុស​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ដល់​ទៅ​ជាង​ ៣១​លាន​​ដុល្លារ»។

បើតាមវី​អូ​ឌី​ អង្គការ​មាតា​ធម្មជាតិ​ មិន​អាច​ទាក់​ទងអ្នក​នាំពាក្យ​ និង​ជា​​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​រ៉ែ លោក​ យស មុនី​រ៉ាត់ ដើម្បី​ឆ្លើយ​តប​បាន​នោះ​ទេ តែ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាម​ពល​លោក ឌិត ទីណា​ មាន​ប្រសាសន៍​ថា ប្រសិន​អង្គការ​មាតា​ធម្ម​ជាតិមានភស្ភុតាង​គ្រប់​គ្រាន់ពីទិន្នន័យ​នោះ គួរ​តែ​ដាក់​ជូន​មក​ក្រសួង​ដើម្បីពិភាក្សា​ មិន​គួរណាចេញ​របាយ​ការណ៍​ដោយ​ខ្លួន​ឯងនោះ​ទេ។

លោក​ថា៖ «បើ​មតិ​ផ្ទាល់​ខ្លួ​ន​របស់​ខ្លួន ​ដែល​មិនមែន​ជា​អ្នក​នាំពាក្យណា។ បើ​មាន​ឯក​សារ​អី ​គួរ​តែ​នាំ​យក​មក​ឲ្យ​ក្រសួង​ដើម្បីពិនិត្យ​ទាំង​អស់គ្នាមិន​មែន​ចេះ​តែ​និយាយ​ទេ ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ។ អង្គការ​​នោះ​គាត់​ចូល​ចិត្ត​ណាស់​ដើរ​លេង​តែ​​ឯងហ្នឹងដើរ​លេង​ក្នុង​សួន​ម្នាក់​ឯងហ្នឹង​។ ពេល​លើក​មុន​និយាយ​ខុស​រឿងអត់​ទាន់​ឃើញ​សុំ​ទោស​ក្រសួង​ផង!»។

នាយក​ប្រត្តិ​បត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​លោក សន ជ័យ មាន​ប្រសាសន៍​ថា ​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា និង​តួលេខ​របស់​រដ្ឋាភិបាល​ប្រទេស ដែល​ទិញ​ខ្សាច់ពី​កម្ពុជា​តែ​ងតែ​ខុស​គ្នា​។ លោក​យល់​ថា តួលេខនៃ​ភាព​ខុស​គ្នា​នេះ ​គឺវា​​ដូចទៅ​នឹង​អ្វី​ដែល​មាតា​ធម្មជាតិ​រក​ឃើញ​កាលពី​ឆ្នាំ​មុន​ផង​ដែរ។

លោក​ថា៖ «យើង​មាន​ការ​សង្ស័យ​ទៅ​លើ​របៀប​ នៃ​ការ​គ្រប់​គ្រង​របាយការណ៍រវាង​ខ្សាច់​នាំ​ចេញ​នឹង​ខ្សាច់​របស់​អ្នក​នាំ និង​ចំនួន​ខ្សាច់​នៃ​ការ​នាំ​ចេញ​ដោយ​ប្រទេស​ទីពីរ​ហ្នឹង​ដែរ»។

បើតាម​វី​ដេអូ អង្គការ​មាតាធម្មជាតិ ​បា​ន​ប្រកាស​​ថា ខ្លួន​បាន​រក​ឃើញ​ភស្ភុតាង​ពី​ការ​នាំចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស​ចំនួន​ពីរ​រួច​មក​ហើយ ដែល​ក្នុង​នោះ ​មាន​ការ​បាត់​បង់​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បុរី​ជាង៧០លាន​តោន ប្រទេស​ឥណ្ឌាជាង​១សែន​តោន និងចុង​ក្រោយ​ប្រទេស​តៃ​វ៉ាន់​ជាង ១លាន​៥សែន​តោន​នេះ ដែល​តាម​ចំនួន​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ខ្សាច់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាង៧១លាន​៦សែន​តោន ដែល​តួ​លេខ​​នេះ ​គឺច្រើន​ជាង​តួរលេខនៃ​ការ​នាំ​ចេញ​ខ្សាច់​របស់​ពី​ក្រសួង​រ៉ែ​ និង​ថាម​ពលកាលពី​ឆ្នាំ​២០១៦​ដែល​ថា​​កម្ពុជា​នាំ​ចេញ​ខ្សាច់​បាន​តែ​ជាង​១៧​​លាន​​តោន​ប៉ុណ្ណោះ។

គួរ​រំលឹក​ផងដែរ​ថា បន្ទាប់​ពី​មាន​​រឿង​ចម្រូង​ចម្រាសពី​ការ​លក់​ខ្សាច់​ទៅប្រទេសសឹង្ហ​បុរី​​កាលពី​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​​ប្រកាស​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ​ជា​បណ្តោះ​អាសន្នផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ