បក្សប្រឆំាងថាមិនធ្វើ​បាតុកម្មប្រឆំាងការចាប់ខ្លួនលោក កឹម សុខា​​

អតីតតំណាង​រាស្ត្រគណ​បក្សប្រឆំាង​ កាលពីពេលកន្លងទៅ

គណបក្សប្រឆំាងអះអាង​ថា មិន​ធ្វើបាតុកម្ម​ប្រឆំាង​និងការចាប់ខ្លួន​លោក កឹម សុខា នោះទេ ដោយថាគណ​បក្សនេះ ទុក​ពេល​រៀប​ចំពង្រឹងផ្ទៃក្នុងបក្ស ដើម្បីប្រកួតប្រជែង​ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ​នេះ។

លោក ​កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ថា​ បាន​ឃុប​ឃិត​ជា​​​សម្ងាត់​ជា​មួយ​បរ​ទេស​ក្បត់​ជាតិ ខណៈលោក កឹម សុខា កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធ​នាគារ​ត្រពាំង​​ផ្លុង​ ខេត្តត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការបក្សនាថ្ងៃទី១២ខែកញ្ញានេះ​ តំណាង​រាស្ត្រគណ​បក្សប្រឆំាង​ លោ​ក​ សុន ឆ័យ បានថ្លែងថា តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ មិនមានតក់ស្លុតក្នុងការ​ចាប់ខ្លួន​ប្រធាន​​​​គណបក្ស​សង្គ្រោះជាតិលោក កឹម សុខា នោះទេ ដោយលោកប្រាប់ប្រជាពលរដ្ឋ​ មិនទាន់​ចុះឈ្មោះ​បោះឆ្នោត ​ត្រូវ​ទៅ​​​​ចុះ​ឈ្មោះទំាងអស់គ្នា ដើម្បីបោះឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹក​នាំ​ដែល​​ខ្លួ​នពេញ​ចិត្តនា​ឆ្នាំ​២០​១៨។

លោក សុន ឆ័យ ថ្លែងថា គណបក្សសង្គ្រោះជាតិ បានត្រៀមចូលរួមការប្រកួតប្រជែងការបោះឆ្នោតជាមួយ​គណ​​បក្ស​នយោបាយផ្សេង​ទៀត ដោយលោកមានជំនឿថា សំណុំរឿងលោក កឹម សុខា និងត្រូវ​ត្រឡប់​ទៅ​រកភាពល្អប្រសើរឡើងវិញ ដូចករណីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពី​ឆ្នាំ​២០​១៣។

លោកថ្លែងថា៖ «យើងធ្លាប់ឃើញហើយ ឯកឧត្តម សម រង្ស៊ី ក៏ធ្លាប់រងទុក្ខទោស មិនអាច​ចូលស្រុកបាន​ ក៏ប៉ុន្តែក៏មានស្ថានភាពមួយ ក៏បង្កលក្ខណៈឲ្យគាត់ចូលរួមមក​បោះឆ្នោតបាន​នៅឆ្នាំ២០១៣ជាដើម ដូច្នេះ​ការ​តស៊ូមតិ ការសម្តែងនៃការតទល់​សភាពការណ៍ខ្មែរសព្វថ្ងៃ ពីសំណាក់សហគមន៍អន្តរជាតិ និង​ប្រជា​ពល​រដ្ឋយើង​ ហាក់ដូចជាមានភាពខ្លំាងខ្លាជាងពេលមុនៗទៅទៀត យើងជឿជាក់ថា​ យើង​អាច​រកវិ​ធី​ដើម្បី​សម្រួល​​ បង្កបរិយាកាសឲ្យខ្មែរចេះរួបរួមគ្នាឲ្យការបោះឆ្នោតឆ្នាំ២០១៨ ឲ្យ​សេរី និងយុត្តិធម៌​»។

ថ្លែង​ក្នុង​សន្នីសីទសារព័ត៌មាន​មួយកាលពី​ថ្ងៃ​ទី​១១កញ្ញា​នេះ​ នៅ​មុខ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ ដោយ​មានការដាក់ពង្រាយសមត្ថកិច្ចជាច្រើនរយនាក់នៅក្បែរនោះ អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិ​លោក​ស្រី​ មួរ សុខ​ហួរ​ បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ប្រកាស​ថា គណបក្ស​នេះ​មិន​ចូល​រួ​ម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៨​នោះ​ទេ ​ប្រសិន​ជា​គ្មាន​វត្ត​មាន​ប្រធាន​គណបក្ស។

នៅពេលអ្នកសារព័ត៌មានសួរទៅលោក សុន ឆ័យ លោកថ្លែងថា នេះជាការសម្តែងមតិដោយ​សមាជិកមិន​មែន កើតចេញពីគណបក្សនោះទេ។ លោកបន្តថា រាល់ការសម្តែងមតិចេញពីបុគ្គលយកជាការបាន លុះ​ត្រា​តែ​មានការសម្រេច​យល់ព្រមពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្ស សេចក្តី​សម្រេច​របស់​គណៈ​កម្មាធិការ​​នាយក និងសេចក្តីសម្រេចសមាជរបស់គណបក្សសង្គ្រោះជាតិ​។

លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយ​គ្មានដីកា កាលពីយប់ថ្ងៃទី០២ ចូលដល់​ថ្ងៃទី​០៣​​ ខែកញ្ញានេះ ខណៈអ្នកវិភាគ អ្នកច្បាប់ និងគណបក្សប្រឆំាង អះអាងប្រហាក់ប្រហែលគ្នាថា ករណី​ចាប់ខ្លួន កឹម សុខា រំលោភ​អភ័យ​ឯក​សិទ្ធិសភា និងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចំនួន៦៧រូ​ប​ អះអាងប្រហាក់ប្រហែលគ្នាថា ករណីលោក កឹម សុខា ធ្វើ​​ស្របតាម​រដ្ឋ​ធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ