គ.ជ.ប នឹងបន្តដោះស្រាយបណ្តឹងអ្នកនយោបាយដើម្បីធានាភាពត្រឹមត្រូវបញ្ជីឈ្មោះបោះឆ្នោតថ្មី

ការប្រជុំរបស់ គ.ជ.ប (ប្រភពហ្វេសប៊ុក)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ការចល័តកងព័ទឲ្យទៅចុះឈ្មោះនៅទីតាំងផ្សេង វត្តមានជនបរទសក្នុងបញ្ជី កម្រិតយល់ដឹងមន្ត្រី និងបញ្ហាមួយចំនួនទៀត នឹងបន្តដោះស្រាយដោយថាដើម្បីធានាពីភាពត្រឹមត្រូវបញ្ជីបោះឆ្នោតថ្មី។

សាមាជិក គ.ជ.ប លោក រ៉ុង ឈុន ថ្លែងក្នុងកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលនាថ្ងៃទី១២ខែតុលានេះថា ដំណើការចុះធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលបានប្រព្រឹតទៅរយៈពេលជាងមួយខែមកនេះ លោកថា គ.ជ.ប ទទួលបណ្តឹងបានចំនួន៥០ ពីគណបក្សនយោបាយ។

លោក រ៉ុង ឈុន បញ្ជាក់ថា បណ្តឹទាំងនោះ ភាគច្រើនប្តឹង ថាអ្នកដែលចុះឈ្មោះរួចហើយ មួយចំនួនមិនមែនជាពលរដ្ឋខ្មែរ ការចល័តកម្លាំងប្រដាប់អាវុធ ទៅចុះឈ្មោះនៅកន្លែងផ្សេង ខុសពីតំតាំងឈជើង និងកំហុសឆ្លងមន្ត្រីចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ជាដើម។

បើតាមលោក រ៉ុង ឈុន បញ្ហានេះ គ.ជ.ប និងបន្តដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធដែលលោកថា ដើម្បីធានាពីគុណភាពនៃបញ្ជីបោះឆ្នោតថ្មី។

លោកថា៖ «បញ្ហាចល័ត [ទ័ព]ឬមួយដឹកមនុស្ស ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយ ទៅឃុំមួយ ទៅចុះឈ្មោះអាហ្នឹង គ.ជ.ប យើងក៏បានយកចិត្តទុកដាក់នឹងបញ្ហានឹងដែរ ហើយនឹងគ្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃក្រសួងការពារជាតិ ដើម្បីធ្វើម៉េចកុំឲ្យមានការដឹក អញ្ចឹង ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ។ ដូចថា ដឹកទានហានដឹកអីអញ្ចឹងទៅ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ធ្វើម៉េចបង្កលក្ខណងាយស្រួល ដូចថាបន្ទាយរបស់គាត់នៅកន្លែងណាមួយ គាត់អាចចុះនៅកន្លែងហ្នឹងតែម្តងបាទ»។

ដំណើការចុះធ្វើបញ្ជីបោះឆ្នោតថ្មីនេះ គ.ជ.ប គ្រោងប្រើពេល៩០ថ្ងៃគឺចាប់ពីថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៦។ ការចុះឈ្មោះនេះ ធ្វើឡើងតាមរយៈកុំព្យុះទ័រ និងមានមន្ត្រីគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងចូលសង្កេតការណ៍។

តំណាងគណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី លើកឡើងថា ថ្មីបើដំណើការចុះឈ្មោះនោះ ធ្វើឡើងតាមបែបបច្ចេកវិទ្យាទំនើបតាមកុំព្យូទ័រ និងមានពលរដ្ឋទៅចុះឈ្មោះនោះ បានបង្ហាញមុខ នៅការិយាល័យចុះឈ្មោះក៏ដោយ ប៉ុន្តែលោកស្រីថា កុំហុសឆ្កងច្រើនករណីនៅតែបន្តកើតមានឡើង ។

មន្ត្រីបក្សប្រឆាំងរូបនោះ ជំរុញឲ្យ គ.ជ.ប ពិនិត្យមើលឡើងវិញដើម្បីឲ្យប្រាកដថា កុំហុសឆ្គងនោះ ជាកំហុសបច្ចេកទេស ឬជាចេតនារបស់មន្ត្រីចង់ធ្វើឲ្យពលរដ្ឋបាត់សិទ្ធិបោះឆ្នោត ។

លោកស្រីថា៖ «អាចជាការដែលគាត់ធ្វេសប្រហែស ឬចំណេះវិជ្ជាគាត់មិនដល់ ឬជាចេតនានោះក៏យើងអត់ដឹងដែរ?ដូចជាការចុះទិន្ន័យអ្នកបោះឆ្នោត ភាគច្រើនគឺយើងឃើញថាមានការចុះឈ្មោះខុសភេទតែម្តង សូម្បីតែអ្នកអង្គុយនៅនឹងមុខប្រុស គាត់ដាក់ថាស្រី សូម្បីតែអ្នកអង្គុយនឹងស្រី គាត់ដាក់ថាប្រុសភាគច្រើន គឺគាត់ខុសភេទ បញ្ហាទី១។ បញ្ហាទី២ អ្វីដែលសំខាន់យើងឃើញថានៅតាមការិយាល័យចុះឈ្មោះមួយចំនួននឹង គឺគាត់ចុះឈ្មោះបោះឆ្នោតហើយ គាត់អត់បានថត អត្តសញ្ញាណប័ណ្ណ របស់គេ ខ្ញុំលើកឧទារណ៍ជាក់ស្តែងគឺនៅសង្កាត់ទួលទំពូងពីរ ជាង៤០នាក់ គ្រាន់តែថតហើយ អត់បានថត អត្តសញ្ញាណប័ណ្ណពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតទេ។ គាត់ថតតែមុខមនុស្សហើយគាត់ឲ្យគេចេញទៅ ហើយឯកសាគាត់អត់ថត ។បញ្ហានេះតើ គជប ដោះស្រាយយ៉ាងណា ដើម្បីឲ្យអ្នកចុះឈ្មោះបោះឆ្នោតនឹងមានសិទ្ធិបោះឆ្នោតនាពេលខាងមុខ »។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ទទួលស្កាល់ថា កំហុសឆ្គងមួយចំនួន របស់មន្ត្រីរៀបចំការបោះឆ្នោត នៅថ្នាក់មូលដ្ឋាន ពិតជាបានកើតឡើងមែន ប៉ុន្តែលោកថា គ.ជ.ប នឹងបន្តដោះស្រាយបញ្ហានេះ ដោយថាដើម្បីជំរុញឲ្យការចុះធ្វើបញ្ជីឈ្មោះបោះឆ្នោតនេះ ដំណើការទៅដោយភាពរលូន និងតម្លាភាព។

លោកថា៖ «ក្នុងករណីខ្លះ គ.ជ.ប បានសម្រេចឲ្យទៅរក ជូនព័ត៌មានទៅអគ្គលេខាធិការដ្ឋានខេត្ត ទៅក្រុមចុះឈ្មោះ ទៅក្រុមប្រឹក្សាឃុំ សង្កាត់ នោះដើម្បីអញ្ជឹមអ្នកចុះឈ្មោះនោះ មកចុះឈ្មោះឡើងវិញ មកបំពេញឯកសាឡើងវិញ។ក្នុងករណីខ្លះយើងអាចកែតម្រូវ ទៅតាមឯកសាដែលភ្ជាប់មកជាមួយបាន។ ទោះជាយ៉ាងណាក៏ដោយ ការងារនេះជាការខ្វះខាតមួយ តែយើងកំពុងតែជំរុញធ្វើការកែលម្អ ឲ្យទាន់ពេលវេលា និងយើងមានគម្រោងនៅចុងខែនេះ អាចនឹងអញ្ចើញមន្ត្រីលេខាធិការដ្ឋានទាំងអស់ មករំឭកគាត់ឡើងវិញ ឲ្យពង្រឹងក្នុងរយៈកាលមួយខែចុងក្រោយនេះ ធ្វើយ៉ាងណាឲ្យក្រុមការងារបំពេញការងារបានល្អ»។

បើតាម គ.ជ.ប បញ្ហាមួយទៀតដែល គ.ជ.ប ជួបប្រទះគឺបញ្ហាអាកាសធាតុ ដែលធ្វើឲ្យចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតបានចុះ ជាមធ្យមជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ ចុះមកជាង៩នាក់ក្នុងមួយថ្ងៃវិញ ដោយសាតែការិយាល័យចុះឈ្មោះខ្លះត្រូវទឹកជន់លិច  និងតំបន់ខ្លះមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់។

តាមរបាយការណ៍របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ គិតត្រឹមថ្ងៃទី១១ខែតុលានេះ អ្នកទៅចុះឈ្មោះបោះឆ្នោតមានចំនួនជាង៥លាន២សែននាក់ហើយ (៥ ២៥១ ៦៩៩) ។

ចំនួននេះស្មើជាង៥៤ភាគរយ (៥៤.៣៤) បើប្រៀបធៀបនឹងចំនួនអ្នកបោះឆ្នោត ដែល គ.ជ.ប ព្យាការណ៍ទុកថាអ្នកទៅចុះឈ្មោះអាចមានដល់ជាង៩លាននាក់ (៩ ៦៦៤ ២១៦) ។

យ៉ាងណាក៏ដោយ គ.ជ.ប អះអាងថា ដំណើការចុះធ្វើបញ្ចីបោះឆ្នោតថ្មីនឹងប្រព្រឹតទៅតាមការគ្រោងទុក បើទោះបីដំណើការចុះឈ្មោះបោះឆ្នោតជាង១ខែមកនេះ បានជួបនឹងបញ្ហាខ្លះក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ