មហា​វិថី​​មួយ​ចំនួន​នឹងត្រូវ​បិទ​​ ខណៈប្រធានាធិបតីចិន​មកកម្ពុជា

ពលរដ្ឋធ្វើដំណើរឆ្លងកាត់រូបថតព្រះមហាក្សត្រខ្មែរ និងលោករូបថតប្រធានាធិបតិីចិន ដែលត្រូវបានដាក់តាំងបង្ហាញនៅរាជធានីភ្នំពេញ

មហាវិថីមួយចំនួនរួមទាំងហាងដែលស្ថិតនៅតាមបណ្តាយផ្លូវដែលក្បួនគណៈប្រតិភូប្រធានាធិបតីចិនមកកម្ពុជាត្រូវឆ្លងកាត់ នឹងតម្រូវឲ្យបិទមួយរយៈដើម្បីរក្សាសណ្តាប់ធ្នាប់និងសន្តិសុខ។ នេះបើតាមអ្នកនាំពាក្យសាលារាជធានី។

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននឹងមកទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា គឺពីថ្ងៃទី១៣ដល់១៤តុលានេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានឲ្យដឹងថាសាលារាជធានីបានរៀបចំខ្លួនរួចរាល់ហើយក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈទាំងនេះ។ លោកឲ្យដឹងដែរថានៅថ្ងៃស្អែកនេះនឹងបិទផ្លូវនិងហាងមួយចំនួនដែលនៅតាមបណ្តោយផ្លូវដែលគណៈប្រតិភូចិនឆ្លងកាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាព ប៉ុន្តែលោកមិនបានប្រាប់ពីឈ្មោះមហាវិថីដែលនឹងត្រូវបិទនោះទេ។

លោកថា៖ «យើងនឹងបិទផ្លូវតាមចំងាយផ្លូវដែលគាត់អញ្ជើញមកស្នាក់នៅ។ តែនេះការងារសន្តិសុខមិនអាចនិយាយឲ្យលំអិត១០០%ទេ ប៉ុន្តែគ្រាន់តែបិទតាមផ្លូវដែលលោកចូលមកស្នាក់នៅអិនធើខន។ … ទៅតាមផ្លូវដែលផ្លូវខ្លះត្រូវតម្រូវឲ្យផ្អាកអាជីវកម្មលក់ដូរតែម្តង ផ្លូវខ្លះបិទមួយភ្លែតគាត់កំពុងឆ្លងកាត់ តែនេះកិច្ចការសន្តិសុខ ខ្ញុំមិនអាចនិយាយជាទូទៅបានទេ»។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានឲ្យដឹងថាទាំងកងរាជអាវុធហត្ថនិងនគរបាលមានកម្លាំងសរុបជាង៧០០០នាក់ត្រូវដាក់ការពារសន្តិសុខដល់ប្រតិភូចិនសម្រាប់រយៈពេលពីរថ្ងៃនេះ។ លោកថាកិច្ចការពារសន្តិសុខនេះជាការទទួលខុសត្រូវទាំងស្រុងរបស់កម្ពុជា។

បើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិ បានឲ្យដឹងថាលោក ស៊ី ជីនពីង និងគណៈប្រតិភូ នឹងមកដល់កម្ពុជានៅថ្ងៃទី១៣តុលា វេលាម៉ោង១២និង៣០នាទី។

បើតាមកម្មវិធីលោក ស៊ី ជីនពីង នឹងចូលទៅក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជានៅម៉ោង៣និង៣០នាទីរសៀល បន្ទាប់មកទៅដាក់កម្រងផ្តាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅរសៀលថ្ងៃដដែល។ គណៈប្រតិភូនៃប្រទេសចិននេះនិងត្រលប់ទៅវិញនៅថ្ងៃសុក្រទី១៤ តុលា វេលាម៉ោង៩និង៣០នាទីព្រឹក។

កាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជានេះនឹងនាំឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារជិត៣០។

គួរបញ្ជាក់ផងដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក ស៊ី ជីនពីង មកកាន់កម្ពុជាបន្ទាប់ពីលើកទី១ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០០៩ នៅពេលដែលលោកកាន់ដំណែងជាអនុប្រធានាធិបតីចិននៅឡើយ។

ប្រទេសចិនបានសន្យាផ្តល់ជំនួយជិត៦០០លានដុល្លារដល់ប្រទេសកម្ពុជារួចហើយនៅក្នុងឆ្នាំ២០១៦។ កម្ពុជាក៏បានស្នើសុំកញ្ចប់មូលនិធីបន្ទាន់ពីចិនមានទំហំទឹកប្រាក់៣០០លានដុល្លារ ដើម្បីទប់ស្កាត់បញ្ហាស្រូវធ្លាក់ថ្លៃ។

អ្នកវិភាគនិយាយថា កម្ពុជាបានដើរតួជារបាំងការទូតរារាំងប្រទេសសមាជិកអាស៊ានកុំឲ្យរួបរួមសាមគ្គីគ្នាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ